កាល​ពី​ថ្ងៃ​ពុធ ទី​ ២៣ ធ្នូ ​ក្រសួង​សុខាភិបាល​អាហ្សង់ទីន​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ ១៩ ​Sputnik V ​របស់​​រុស្សី​ក្នុង​គ្រាអាសន្ន។​ នេះ​ធ្វើ​ឱ្យ​អាហ្សង់ទីន​ក្លាយ​ជា​ប្រទេស​អាមេរិក​ឡាទីន និង​ប្រទេស​ខាង​ក្រៅ​អតីត​សហភាព​​សូវៀត​ដំបូង​គេ​ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ក្រសួង​សុខាភិបាល​អាហ្សង់ទីន​បាន​សរសេរ​​ថា៖ «ANMAT (រដ្ឋបាល​ជាតិ​ឱសថ​ ចំណី​អាហារ ​និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ) បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឱ្យ​ផ្ដល់​ការ​អនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង ​Sputnik V ​ក្នុង​គ្រា​អាសន្ន»។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សេង​ទៀត ​ANMAT ​បាន​និយាយ​ថា ​វ៉ាក់សាំង ​Sputnik V ​បាន​ «បង្ហាញ​តុល្យភាព​រវាង​​អត្ថប្រយោជន៍​ និង​ហានិភ័យ​ ដែល​​​អាច​ទទួល​យក​បាន»។

ការ​ប្រកាស​នេះ ​ធ្វើ​ឡើង​ខណៈ​ពេល​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​អាហ្សង់ទីន​ Aerolineas Argentinas​ ១ គ្រឿង ​បាន​ចុះចត​នៅ​ទីក្រុង​​ម៉ូស្គូ ​ដើម្បី​ធ្វើ​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ដំបូង​ចំនួន ​៣០០ ០០០ ដូស​ ដែល​គេ​រំពឹង​ថា​នឹង​មក​ដល់​រដ្ឋធានី​ប៊ុយណូស៊ែ​ ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍។​ កាល​ពី​ដើម​ខែ​ធ្នូ ​អាហ្សង់ទីន​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​រុស្ស៊ី ​ដើម្បី​ទិញ​យក​​វ៉ាក់សាំង​ប្រមាណ ២៥ ​លាន​ដូស​។

ប្រទេស​អាហ្សង់ទីន ​ដែល​មាន​ចំនួន​ប្រជាជន​ប្រមាណ ​៤៥ លាន​នាក់ ​មក​ដល់​ពេល​នេះ​ជាប់​លំដាប់​ថ្នាក់​ទី១១​ ទូទាំង​ពិភព​លោក​មាន​ករណី​ឆ្លង​វីរុស​កូវីដ ១៩ ​ច្រើន​ជាង​គេ​ ដោយ​មាន​ករណី​ឆ្លង ​១,៦ ​លាន​ករណី ហើយ​មាន​ករណី​ស្លាប់ ​៤២ ០០០ ​ករណី។

ប្រធានាធិបតី​អាហ្សង់ទីន​លោក ​Alberto Fernandez ​បាន​និយាយ​កាល​​​ពី​ដើម​ខែ​នេះ​ថា​ លោក​រំពឹង​ថា ​រដ្ឋាភិបាល​នឹង​ចាក់​វ៉ាក់សាំង ​Sputnik V ​ជូន​ប្រជាជន​អាហ្សង់ទីន​ចំនួន ៣០០ ០០០ នាក់ ​ត្រឹម​ដំណាច់​ឆ្នាំ ​និង​​​ចាក់​ជូន​ប្រជាជន​ចំនួន ១០ ​លាន​នាក់​​ក្នុង​រយៈពេល ​២ ខែ​ដំបូង​នៃ​ឆ្នាំ ២០២១ ​ហើយ​ក៏​បាន​បង្ហាញ​ថា ​លោក​នឹង​ទទួល​វ៉ាក់សាំង​ដោយ​ផ្ទាល់ ​ដើម្បី​ធានា​​សុវត្ថិភាព​ជូន​ប្រជាជន។

មក​ដល់​ពេល​នេះ​​ក្រៅ​ពី​អាហ្សង់ទីន ​មាន​តែ​ប្រទេស​រុស្ស៊ី ​និង​បេឡារុស​ទេ​ ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ ​Sputnik V។ ​វ៉ាក់សាំង​នេះ​បាន​រង​ការ​​រិះគន់​ពី​ក្នុង​ និង​ក្រៅ​ប្រទេស​រុស្ស៊ី ដោយសារ​រដ្ឋាភិបាល​រុស្ស៊ី​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​មុន​ពេល​ធ្វើ​ការ​សាកល្បង​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​ខ្នាត​ធំ។ ​រុស្ស៊ី​បាន​អះអាង​ថា ​វ៉ាក់សាំង​ពួក​គេ ​គឺ​មាន​ប្រសិទ្ធ​ភាព​ ៩១,៤% ​ហើយ​មាន​ផល​ប៉ះពាល់​តិចតួច​។

លោក Kirill Dmitriev ​ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រដ្ឋ​រុស្ស៊ី​ដែល​បាន​វិនិយោគ​លើ ​Sputnik V​ បាន​និយាយ​ថា៖ «ការ​អនុញ្ញាត​ឱ្យ​វ៉ាក់សាំង ​Sputnik V នៅ​អាហ្សង់ទីន​ដោយ​មិន​ចាំបាច់​បន្ថែម​ការ​ធ្វើ​ការ​សាកល្បង​ម្ដង​ទៀត​នៅ​ក្នុង​ប្រទេស ​គឺ​បង្កើត​ឱ្យ​មាន​ការ​ទទួល​ស្គាល់​យ៉ាង​សំខាន់​ដល់​​ច្បាប់​ បទ​បញ្ជា ​និង​គុណភាព​នៃ​ការ​​​សាកល្បង​របស់​រុស្ស៊ី»។​

យ៉ាង​ណាមិញ​ ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ ​Sputnik V​ គឺបាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ ​ANMAT បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង ​Pfizer/BioNTech ក្នុង​គ្រាអាសន្ន តែ​​មិន​ទាន់​ធ្វើ​ការ​នាំចូល​នៅ​ឡើយ ​ដោយការ​ចរចា​បញ្ជា​ទិញ​យក ​គឺ​មិន​ទាន់​ធ្វើ​ហើយ។ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាហ្សង់ទីន​លោក​ Gines Gonzalez Garcia បាន​រិះគន់​ Pfizer/BioNTech ថា​បាន​ទាមទារ «លក្ខខណ្ឌ​ដែល​មិន​អាច​យក​បាន​» ក្នុង​​ចរចា​​​តែ​លោក​មិន​បាន​បញ្ជាក់​ថា ​Pfizer/BioNTech ​បាន​ទាមទារ​​អ្វី​ទេ។

ក្រៅពី​វ៉ាក់សាំង​ទាំ ២ នេះ ​អាហ្សង់ទីន​ក៏​បាន​បញ្ជា​ទិញ​វ៉ាក់សាំង ​AstraZeneca/Oxford ​ផង​ដែរ​ ហើយ​ក៏​នឹង​ធ្វើ​ការ​ទិញ​យក​វ៉ាក់សាំង​តាមរយៈ​កម្មវិធី​ COVAX របស់​អង្គការ​សុខភាព​ពិភព​លោក​ផង​ដែរ​៕