
ក្រុងសាន់ចូសេៈ ប្រធានាធិបតី អាមេរិកលោកបារ៉ាក់ អូបាម៉ា បានផ្តាតសំខាន់លើទំនាក់ទំនងសេដ្ឋកិច្ចជាមួយតំបន់អាមេរិក ឡាទីនកាលពីថ្ងៃសៅរ៍ ខណៈលោកបានបញ្ចប់ដំណើរទស្សនកិច្ចបីថ្ងៃ ទៅកាន់តំបន់ដែលល្អក់កករដោយ ហិង្សាថ្នាំញៀននោះ។
លោកអូបាម៉ាបានព្យាយាមបង្វែរការចរចាចេញពីសង្គ្រាមថ្នាំញៀនក្នុងអំឡុងទស្សនកិច្ចទៅ កាន់ប្រទេសម៉ិកស៊ិកនិងកូស្តារីកា កាលចុងសប្តាហ៍មុនដោយលើកសរសើរការធ្វើពាណិជ្ជកម្មថា ជាមាគ៌ាឆ្ពោះទៅប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងបង្កើតការងារដែលជំរុញឲ្យយុវជនចាកចេញពីជីវិតក្នុងឧក្រិដ្ឋកម្ម។
មុនពេលហោះហើរត្រឡប់មកក្រុងវ៉ាស៊ីនតោនវិញ លោកអូបាម៉ា បានប្រាប់វេទិកាសេដ្ឋកិច្ចមួយនៅក្នុងក្រុងសាន់ ចូសេ រួមជាមួយប្រធានាធិបតីកូស្តា រីកា លោកស្រី ឡូរ៉ា ឈិនឈីឡាថា៖«អាមេរិកទទួលថា ជោគវាសនារបស់យើងគឺផ្សារភ្ជាប់ជាមួយនឹងជោគជ័យរបស់អ្នក»។
មួយថ្ងៃបន្ទាប់ពីចូលរួមជំនួបកំពូលជាមួយក្រុមមេដឹកនាំអាមេរិកកណ្តាលលោកបានថ្លែងថា៖«វាជាភាពជាដៃគូមួយដែលផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍ទៅវិញទៅមក។ បើសិនជាអ្នកកំពុងធ្វើបានយ៉ាងល្អ យើងក៏នឹងធ្វើបានកាន់តែប្រសើរ»។
មេដឹកនាំអាមេរិក ដែលកំពុងសម្លឹងលើបញ្ហាក្នុងស្រុករូបនេះ ក៏ បានសង្កត់ធ្ងន់ពីការធ្វើពាណិជ្ជកម្មជាមួយក្រុមប្រទេសជិតខាងជាមធ្យោបាយមួយដើម្បីបង្កើតការងារនៅអាមេរិកមួយថ្ងៃបន្ទាប់ពីរបាយការណ៍ការងារបានបង្ហាញ ថា អត្រាការងារធ្វើកំពុងធ្លាក់ចុះមកដល់៧,៥ភាគរយ។
នៅក្នុងសុន្ទរកថាតាមវិទ្យុប្រចាំសប្តាហ៍មុនលោកបានថ្លែងថា៖«អាមេរិកឡាទីនតំណាងឲ្យឱកាសមិនគួរឲ្យជឿមួយសម្រាប់អាមេរិកជាពិសេសនៅពេលដែលវាក្លាយជា អាទិភាពកំពូលរបស់ខ្ញុំក្នុងនាមជាប្រធានាធិបតីបង្កើតការងារវណ្ណៈកណ្តាលល្អ»។
លោកបានថ្លែងថា ការនាំចេញរបស់អាមេរិកទៅទ្វីបអាមេរិកនិងការធ្វើពាណិជ្ជកម្មរបស់អាមេរិកជាង៤០ភាគរយមានការកើនឡើងរហ័សជាងនៅក្នុងទ្វីបផ្សេងទៀតក្នុងពិភពលោក។
លោកអូបាម៉ាបាននិយាយថា៖«នោះហើយជាមូលហេតុដែលខ្ញុំបំពេញទស្សនកិច្ចនៅអាមេរិកឡាទីន ក្នុងសប្តាហ៍នេះ ដើម្បីធ្វើការជាមួយក្រុមមេដឹកនាំដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងនិងពង្រីកពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ»។
នៅឯវេទិកាសេដ្ឋកិច្ចនោះលោកអូបាម៉ាបានថ្លែងថា ក្រុមមេដឹកនាំអាមេរិកណ្តាលបានលើកឡើងពីថាមពលនៅក្នុងការពិភាក្សារបស់ពួកគេនៅឯជំនួបកំពូលមួយកាលពីរាត្រីថ្ងៃសុក្រហើយពួកគេក៏បានចែករំលែកគោលបំណងនៃប្រភពថាមពលកកើតឡើងវិញបន្ថែមទៀត៕ IN