បន្ទាប់ពីមានភាពតានតឹងទំនាក់ទំនងអស់ ១ ឆ្នាំប្រទេសអូស្ត្រាលីបានពង្រីកកញ្ចប់ថវិកាការពារជាតិដល់កម្រិតខ្ពស់បំផុតតាំងពីចប់សង្គ្រាមត្រជាក់ ខណៈពេលដែលរដ្ឋាភិបាលជំរុញការពង្រឹងសន្តិសុខរបស់ប្រទេសក្នុងការឆ្លើយតបទៅនឹងអំណាចយោធាកំពុងកើនឡើងរបស់ចិន។
សម្រាប់ឆ្នាំ ២០២១-២០២២ រដ្ឋាភិបាលអូស្ត្រាលីបានបម្រុងថវិកាចំនួន ៤៤,៦២ ពាន់លានដុល្លារសម្រាប់ក្រសួងការពារជាតិ ដែលជាការកើនឡើង ១៥ ភាគរយពីកញ្ចប់ថវិកាការពារជាតិ ៣៨,៧ ពាន់លានសម្រាប់ឆ្នាំ ២០២០-២០២។
នៅពេលកងទ័ពអូស្ត្រាលីចាប់ផ្ដើមវិលត្រឡប់មកពីប្រទេសអាហ្វហ្គានីស្ថានវិញ កញ្ចប់ថវិកាសហព័ន្ធបាននិយាយថាការផ្ដោតលើវិស័យការពារជាតិនឹងត្រូវផ្លាស់ទៅតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក បន្ទាប់ភាពតានតឹងកើនឡើងអស់ពេល ១ ឆ្នាំរវាងអូស្ត្រាលី និងចិន។ ជាផ្នែកមួយនៃការពង្រីកនេះ កញ្ចប់ថវិកានេះបានចែងថានឹងធ្វើការជាមួយប្រទេសដទៃ ដើម្បីទទួលបាន «តំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក សេរី បើកចំហ និងធន»។
រដ្ឋមន្ត្រីក្រសួងរតនាគារអូស្ត្រាលីលោក Josh Frydenberg បាននិយាយថាខណៈពេលដែលប្រទេសអូស្ត្រាលីកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ការគំរាមកំហែងដទៃទៀតចំពោះសន្តិសុខ «មិនបានបាត់ទៅណាទេ»។
«យើងចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ពិភពលោក ដែលមិនមានស្ថិរភាព និងមានការប្រកួតប្រជែងច្រើនជាងមុន»។លោក Frydenbergបាននិយាយបែបនេះក្នុងបទបង្ហាញកញ្ចប់ថវិកា ហើយបានបន្តទៀតថា៖ «នេះជាមូលហេតុដែលយើងវិនិយោគ ២៧០ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខក្នុងសមត្ថភាពការពារជាតិរបស់យើង»។
រដ្ឋាភិបាលអូស្ត្រាលីបានគ្រោងនឹងចំណាយប្រាក់ចំនួន ៧៤៧ លានដុល្លារដើម្បីអភិវឌ្ឍតំបន់ហ្វឹកហាត់យោធាសំខាន់ៗចំនួន ៤ នៅដែនដីភាគខាងជើងក្នុងគោលបំណង ដើម្បី «ការពារផលប្រយោជន៍របស់យើង» នៅក្នុងតំបន់។ ពួកគេនិយាយថាកន្លែងដែលត្រូវបានធ្វើឱ្យប្រសើរទាំងនេះនឹងជួយឱ្យកម្លាំងការពារជាតិអូស្ត្រាលី (ADF) ធ្វើសមយុទ្ធបណ្ដុះបណ្ដាល និងធានាថាកងទ័ពរបស់ខ្លួន «ត្រៀមរួចរាល់»។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Peter Dutton បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ការអភិវឌ្ឍសំខាន់ៗនឹងធ្វើឡើងនៅតំបន់បណ្ដុះបណ្ដាលយោធា និងកន្លែងបាញ់អាវុធចំនួន ៤ រួមមានតំបន់ Robertson Barracks, Kangaroo Flats, Mount Bundy និង Bradshaw»។ លោកបានបន្តទៀតថា៖ «ការវិនិយោគដ៏សំខាន់នេះនឹងធានាថាកងកម្លាំងការពារជាតិអូស្ត្រាលីបន្តចូលរួមជាមួយសម្ព័ន្ធមិត្ត និងប្រទេសដទៃទៀតតាមរយៈការហ្វឹកហាត់រួមគ្នា»។
ទីភ្នាក់ងារចារកម្មអូស្ត្រាលី ASIO ដែលមានទំនួលខុសត្រូវប្រឆាំងចារកម្ម ការជ្រៀតជ្រែកពីបរទេស និងអំពើភេរវកម្មនឹងទទួលបានថវិកាបន្ថែមចំនួន ១,៣ ពាន់លានដុល្លារក្នុងរយៈពេល ១ ទសវត្សរ៍ខាងមុខ។
នៅក្នុងសញ្ញាមួយនៃការព្រួយបារម្ភរបស់រដ្ឋាភិបាលអំពីការដួលរលំនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិនបានកំណត់ការចំណាយប្រាក់ជិត ២០០ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដើម្បីជំរុញសមត្ថភាពពាណិជ្ជកម្ម និងយុទ្ធសាស្ត្រនាំចេញរបស់ខ្លួន រួមទាំងការផ្ដល់ការណែនាំដល់អ្នកនាំចេញក្នុងការធ្វើពិពិធកម្មទីផ្សាររបស់ពួកគេ។ រដ្ឋាភិបាលបាននិយាយថាការចំណាយនេះ ក៏បង្កើនសមត្ថភាពដល់អូស្ត្រាលីក្នុងការតវ៉ាជម្លោះពាណិជ្ជកម្មនៅអង្គការពាណិជ្ជកម្មពិភពលោក។
ក្រៅពីនេះរដ្ឋាភិបាលក៏បានពង្រឹងផ្នែកដទៃទៀតនៃវិស័យសន្តិសុខជាតិផងដែរ ដូចជាការការពារព្រំដែន អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មអន្តរជាតិជាដើម។
យ៉ាងណាមិញ កាលពីឆ្នាំ ២០១៩ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អូស្ត្រាលីដោយ ២៩% ភាគរយនៃការនាំចេញរបស់អូស្ត្រាលីគឺទៅចិន។ នៅឆ្នាំ ២០២០ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានធ្លាក់ចុះ ៦១% នៅក្នុងសង្គ្រាមពាណិជ្ជកម្មមួយដែលបន្តមកដល់សព្វថ្ងៃ ហើយបង្កឡើងដោយជម្លោះជុំវិញប្រភពជំងឺកូវីដ១៩។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អូស្ត្រាលីបានពង្រឹងទំនាក់ទំនងជាមួយសម័ន្ធមិត្តនៅលោកខាងលិច និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសសម្ព័ន្ធជាមួយប្រទេសជប៉ុន ឥណ្ឌា និងអាមេរិកហៅថា Quad ដែលមានគោលបំណងប្រឆាំង និងប្រកួតប្រជែងជាមួយចិន៕