
រដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Marise Payne។ AFP
ប្រទេសអូស្ត្រាលី បានលុបចោលគម្រោង «ផ្លូវ១ ខ្សែក្រវាត់១»( Belt and Road Initiative) ជាមួយចិន ដែលបង្កឱ្យ មានការខឹងសម្បាពីទីក្រុងប៉េកាំង។
រដ្ឋមន្ត្រីក្រសួង ការបរទេសនៃប្រទេសអូស្ត្រាលី លោកស្រី Marise Payne បានឱ្យដឹងកាលពីថ្ងៃ ពុធ ថា៖ «កិច្ចព្រមព្រៀង ទ្វេភាគី រវាងទីក្រុងប៉េកាំង ជាមួយរដ្ឋ Victoria ស្ថិតក្នុងចំណោមច្បាប់ចំនួន ៤ អនុម័តដោយច្បាប់ថ្មី ដែលផ្តល់អំណាចដល់រដ្ឋាភិបាលសហព័ន្ធ ដើម្បីលុបចោលកិច្ចព្រមព្រៀងអន្តរជាតិណា ដែលរំលោភផលប្រយោជន៍ជាតិ»។
កិច្ចព្រមព្រៀងចំនួន ៤ នោះ រួមមាន គម្រោង «ផ្លូវ១ ខ្សែក្រវាត់១» (Belt and Road Initiative ) រវាងអូស្ដ្រាលី និងចិនឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ កតិកាសញ្ញាក្រសួងអប់រំ Victoria ជាមួយប្រទេសស៊ីរី ក្នុងឆ្នាំ ១៩៩៩ និងអ៊ីរ៉ង់ ក្នុងឆ្នាំ ២០០៤ សុទ្ធតែត្រូវបានលុបចោល ក្រោមច្បាប់ថ្មីរបស់ប្រទេសអូស្ដ្រាលី។
លោកស្រី Payne បានឱ្យដឹងថា៖ «យើងចាត់ទុកកិច្ចព្រមព្រៀងចំនួន ៤ មិនបានស្របទៅនឹងគោលនយោបាយការបរទេសរបស់អូស្ត្រាលី ឬផ្ទុយពីទំនាក់ទំនងការបរទេសរបស់យើង»។
ស្ថានទូតចិនប្រចាំនៅអូស្ត្រាលីបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សេចក្តីសម្រេចនេះ បង្ហាញថារដ្ឋាភិបាលអូស្ត្រាលី គ្មានភាពស្មោះត្រង់ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងចិន-អូស្ត្រាលីនោះទេ»។
សេចក្ដីថ្លែងការណ៍បានបន្តថា៖ « ការសម្រេចដូចនេះនឹងកាន់តែធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង ២ កាន់តែអាក្រក់ឡើង និងអាចបង្កអន្តរាយដល់ខ្លួនឯង។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ធ្លាក់ក្នុងស្ថានភាពអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ក្រោយនេះ។ រដ្ឋមន្ត្រីរដ្ឋាភិបាលចិនបដិសេធមិនទទួលទូរស័ព្ទពីសមភាគីអូស្ត្រាលី និងធ្វើឱ្យមានការរំខានផ្នែកពាណិជ្ជកម្ម ដែលអ្នកខ្លះបានមើលឃើញថា សកម្មភាពនេះគឺជាសកម្មភាពដែលចិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសនេះ។
ក្រៅពីការលុបចោលកិច្ចព្រមព្រៀង និងការរំខានផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅមានបញ្ហាជាច្រើនទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសទាំង។ ជាក់ស្ដែងកាលពីខែមេសា ឆ្នាំមុន ប្រទេសអូស្ត្រាលីបានសហការជាមួយសហរដ្ឋអាមេរិកអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ស្ដីអំពីការរីករាលដាលនៃជំងឺកូវីដ១៩ តាមតំបន់នៅភាគកណ្តាលប្រទេសចិន ដែលបង្កឱ្យមានការខឹងសម្បាពីឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសនេះ។
ក្រៅពីនេះ បញ្ហាមួយទៀតដែលកាន់តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង ២ គឺទាក់ទិននឹងករណីប្រទេសចិន ឃុំខ្លួនបុគ្គលមានមុខមានមាត់នៅអូស្ត្រាលី ២ នាក់ គឺអ្នកនិពន្ធ Yang Jun និងអ្នកសារព័ត៌មាន Cheng Lei។
បន្ថែមពីនេះ អូស្ត្រាលីក៏ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តរបស់លោកខាងលិច ដែលហៅថា «ភ្នែក ៥» ដែលចោទប្រកាន់ប្រទេសចិនពីបទរំលោភលើការប្តេជ្ញាចិត្តអន្តរជាតិទាក់ទិននឹងបញ្ហានៅហុងកុង ក្រោយពីប្រទេសចិនដាក់ចេញនូវច្បាប់សន្តិសុខរឹតត្បិតលើទីក្រុងនេះ។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនបានព្រមានថា៖ «ទោះបីពួកគេមានភ្នែក ៥ ឬ ១០ ក៏ដោយ ប្រសិនបើពួកគេហ៊ានធ្វើឱ្យខូចខាតដល់អធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ចិន អ្នកទាំងនេះគួរតែប្រយ័ត្ន ត្រូវខ្វាក់ភ្នែក»៕