កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ឧសភា​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​បញ្ជាក់ថា អូស្ត្រាលី​បាន​ទិញ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន​ Moderna ចំនួន ២៥ លាន​ដូស។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ Moderna បាន​ប្រកាសថា ក្រុមហ៊ុន​ខ្លួន​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩​ចំនួន ១០ លានដូស​ដល់​ប្រទេស​អូស្ត្រាលី​នៅ​ដំណាច់​ឆ្នាំនេះ។ វ៉ាក់សាំង​ចំនួន ១៥ លានដូស​ទៀត​នឹង​មកដល់​នៅ​ឆ្នាំ ២០២២។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ​Scott Morrison បាន​និយាយថា អូស្ត្រាលី​បាន​ទិញ​វ៉ាក់សាំង​ Pfizer បន្ថែម ២០ លានដូស​បន្ថែមទៀត។ លោក Morrison បាន​និយាយថា៖ «យើង​កំពុងស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការដោះស្រាយ​នូវ​អ្វីដែល​អាច​នឹង​កើតឡើង​បន្តទៀត​ ពីព្រោះ​ជំងឺ​រាតត្បាត​នេះ​មិន​ទៅណា​ទេ»។

វ៉ាក់សាំង​ Moderna មិនទាន់​ត្រូវបាន​អនុម័ត​ដោយ​និយតករ​អូស្ត្រាលី​រដ្ឋបាល​ព្យាបាល​ទំនិញ​នៅឡើយ​ទេ។ វ៉ាក់សាំង​ Pfizer និង​ AstraZeneca គឺជា​វ៉ាក់សាំង​ការពារ​កូវីដ១៩ ដែល​ត្រូវ​បានអនុម័ត​ឱ្យ​ប្រើប្រាស់​ក្នុងប្រទេស​អូស្ត្រាលី។

គួរបញ្ជាក់​ផងដែរ​ថា Moderna កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​អនុញ្ញាត​ឱ្យ​វ៉ាក់សាំង​របស់ខ្លួន​ផលិត​នៅក្នុង​ប្រទេស​អូស្ត្រាលី៕