
លោកនាយករដ្ឋមន្ត្រី Scott Morrison ថ្លែងនៅពេលញាំអាហារថ្ងៃត្រង់នៅសភាពាណិជ្ជកម្មអូស្ត្រាលី-អ៊ីស្រាអែលកាលពីថ្ងៃទី ៦ ឧសភា។ AFP
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីលោក Dan Tehan បានឱ្យដឹងថា ប្រទេសនេះអាចនឹងបិទព្រំដែនអន្តរជាតិរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ ជារយៈពេលយូរជាងការរំពឹងទុក ដែលអាចនឹងប៉ះពាល់ដល់វិស័យអាកាសចរណ៍ និងទេសចរណ៍ផងដែរ។
ប្រភពដដែលបានឱ្យដឹងថា៖ «ពេលវេលាដ៏ល្អបំផុត ដែលយើងត្រូវបើកព្រំដែនវិញ គឺនៅពាក់កណ្តាលឆមាសទី ២ ឆ្នាំក្រោយ ប៉ុន្តែដូចដែលយើងបានឃើញអ៊ីចឹង វាអាចនឹងមានការផ្លាស់ប្តូរទៅតាមស្ថានភាព»។
គួរបញ្ជាក់ផងដែរថាព្រំដែនអន្តរជាតិរបស់អូស្ត្រាលីត្រូវបានបិទតាំងពីដើមឆ្នាំមុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បើទោះបីជាការធ្វើដំណើរផ្លូវអាកាសជាមួយប្រទេសនូវែលសេឡង់ ទើបនឹងបើកកាលពីខែមុនក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ការពន្យាពេលនៃកម្មវិធីចាក់វ៉ាក់សាំង និងការលេចចេញវ៉ារ្យ៉ង់ថ្មីពីឥណ្ឌា ក៏កំពុងតែប៉ះពាល់លើផែនការបន្ធូរបន្ថយការធ្វើដំណើរផងដែរ។
គួររំឭកផងដែរថា រដ្ឋាភិបាលអូស្ត្រាលីធ្លាប់បានរំពឹងថានឹងចែកចាយវ៉ាក់សាំងឱ្យបានត្រឹមខែតុលា តែបែរជាត្រូវបានពន្យារទៅដល់ឆ្នាំ ២០២២ វិញ ដោយសារតែមានបញ្ហាផ្នែកវេជ្ជសាស្ត្រជាមួយនឹងវ៉ាក់សាំង AstraZeneca Plc។