
Cruise missile របស់អាមេរិកត្រូវបានធ្វើតេស្តនៅកោះ San Nicolas។ AFP
រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលីបានប្រកាសកាលពីថ្ងៃអង្គារថា អូស្ត្រាលីនឹងសហការគ្នាជាមួយអាមេរិកធ្វើមីស៊ីលល្បឿនលឿន (hypersonic cruise missiles) ដោយគ្រោងវិនិយោគលើ «បច្ចេកទេសចុងក្រោយបង្អស់» ក្នុងការផ្តល់សេវាយោធាក្នុងប្រទេស ដើម្បីទប់ទល់ និងបន្ថយការឈ្លានពានរបស់ប្រទេសផ្សេងៗមកលើប្រទេសខ្លួន។
សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុនរវាងអូស្ត្រាលី និងសហរដ្ឋអាមេរិកក្នុងការហោះហើរសាកល្បងមីស៊ីលល្បឿនលឿនគំរូ ដែលមានទំហំដូចមីស៊ីលដើម។
គម្រោងមីស៊ីលនេះធ្វើដំណើរលឿនជាងសំឡេងល្បឿនចលនា និងកម្ពស់របស់វា ៥ ដង ដែលធ្វើឱ្យចិនពិបាកតាមដាន និងចាប់បាន។
លោកស្រី Linda Reynolds រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលីចាត់ទុកគម្រោងនេះ ជាគម្រោងទ្វេភាគីជាមួយអាមេរិកថា ជា «បច្ចេកទេសមិនធ្លាប់មានពីមុនមក» យ៉ាងណាមិញលោកមិនបានបង្ហាញពីតម្លៃវិនិយោគ ឬពេលវេលាជាក់លាក់ណាមួយដែលគេគ្រោងនឹងចាប់ផ្ដើមគម្រោងឡើយ។
ទោះជាយ៉ាងណាក្ដី អូស្ត្រាលីបានត្រៀមថវិកាចំនួន ៦,៨ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ សម្រាប់ចំណាយលើប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយឆ្ងាយ និងល្បឿនលឿន ព្រមទាំងការស្រាវជ្រាវលើគម្រោងមីស៊ីលនេះផងដែរ។
កាលពីខែកក្កដា អូស្ត្រាលីបាននិយាយថា ខ្លួននឹងបង្កើនការចំណាយការពារជាតិ ៤០ ភាគរយ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដើម្បីមានលទ្ធភាពក្នុងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយនៅលើអាកាស សមុទ្រ និងដីផងដែរ ដោយគ្រោងពង្រីកយោធាពីតំបន់ប៉ាស៊ីហ្វិកទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោកស្រី Reynolds បាននិយាយថា៖ «ការវិនិយោគបច្ចេកទេសទំនើបចុងក្រោយបង្អស់នេះ អាចរារាំងសកម្មភាពនានារបស់ចិនក្នុងការប្រឆាំងអូស្ត្រាលីក៏ដូចជាផ្តល់ផលប្រយោជន៍ដល់តំបន់សម្ព័ន្ធមិត្ត និងដៃគូសន្តិសុខរបស់យើងផងដែរ។ យើងប្តេជ្ញាចិត្តថា នឹងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយបើកចំហ និងធានាបាននូវភាពរុងរឿងរីកចម្រើនតទៅមុខ។
លោក Michael Kratsios អនុរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា គម្រោងនេះត្រូវបានគេស្គាល់ជាផ្លូវការថា ការសាកល្បងស្រាវជ្រាវជើងហោះហើរឆ្លងកាត់ភាគខាងត្បូង (SCIFiRE) ត្រូវសាងសង់ក្នុងរយៈពេល ១៥ ឆ្នាំ ក្រោមកិច្ចសហការរវាងយោធាអាមេរិក និងអូស្ត្រាលី។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គំនិតផ្តួចផ្តើមនេះមានសារៈសំខាន់សម្រាប់អនាគតនៃការស្រាវជ្រាវ និងការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយនេះ ដោយធានាថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងក្នុងការដឹកនាំពិភពលោកដោយជំរុញសមត្ថភាពប្រយុទ្ធ និងការធ្វើសង្គ្រាមដោយប្រើប្រាស់បច្ចេកទេសចុងក្រោយបង្អស់»។
កិច្ចសហប្រតិបត្តិការអូស្ត្រាលី និងអាមេរិក លើការអភិវឌ្ឍមីស៊ីលនេះ អាចបង្កឱ្យមានភាពតានតឹងរវាងស្ថានភាពអូស្ត្រាលីជាមួយប្រទេសចិន ខណៈដែលស្ថានភាពនេះចាប់ផ្ដើមតាំងតែពីអូស្ត្រាលីរកឃើញយុទ្ធនាការពង្រីកឥទ្ធិពលរបស់ចិន ហើយស្ថានភាពក៏កាន់តែយ៉ាប់យ៉ឺនថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីទីក្រុងកង់បេរ៉ាបានស្នើសុំការស៊ើបអង្កេតលើប្រភពដើមនៃជំងឺរាតត្បាត COVID-19។
កាលពីឆ្នាំមុននេះ រុស្ស៊ីក៏បានដាក់ពង្រាយមីស៊ីល ដែលមានសមត្ថភាពនុយក្លេអ៊ែរដំបូងរបស់ខ្លួនប្រហាក់ប្រហែលនឹងមីស៊ីល ដែលប្រទេសទាំង ២ កំពុងធ្វើដែរដែលគោលដៅរុស្ស៊ី គឺចង់ពង្រឹងសមត្ថភាពសង្គ្រាមមីស៊ីលពីដើមឆ្នាំដល់ពាក់កណ្តាលឆ្នាំ ២០២០ ហើយ បច្ចុប្បន្ន ចិនកំពុងអភិវឌ្ឍមីស៊ីលប្រភេទប្រហាក់ប្រហែលគ្នាដែររួមមានការអភិវឌ្ឍអាវុធយោធាកម្រិតបច្ចេកទេសខ្ពស់ៗ រួមទាំងមីស៊ីលល្បឿនលឿន និងដ្រូនផងដែរ។
យោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកកាលពីខែសីហា ចិនមានមីស៊ីលផ្លោងអន្តរទ្វីប DF-41 ដែលមានសមត្ថភាពដឹកយានយន្តពោងនុយក្លេអ៊ែរ (hypersonic glide vehicle) ប៉ុន្តែអាមេរិកទំនងមិនទាន់ដាក់អាវុធរបស់មីស៊ីលល្បឿនលឿនឱ្យចេញធ្វើប្រតិបត្តិការមុនឆ្នាំ ២០២៣ ទេ ហើយបើយោងតាមរបាយការណ៍ចុងក្រោយ ចេញដោយសេវាកម្មស្រាវជ្រាវសភាអាមេរិកកាលពីសប្តាហ៍មុន ប្រទេសចិន កំពុងពង្រឹងការស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ឱ្យកាន់តែរឹងមាំជាងមុន ដោយផ្តោតលើអាវុធមីស៊ីលខ្លាំងជាងគេ៕