កាលពីចន្ទ ទី ២៥ នេះ រដ្ឋាភិបាលអូស្ត្រាលីប្រកាសថា ខ្លួននឹងចំណាយថវិកាចំនួន ១ ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧៧០ លានដុល្លារ ដើម្បីអភិវឌ្ឍសមត្ថភាពសព្វាវុធថ្មីរបស់កងទ័ពជើងទឹក ដែលរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងកាំជ្រួចធុនស្រាលផងដែរ។ នេះបើតាមសារព័ត៌មាន Reuters។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនេះគ្រោងនឹងពង្រឹងដល់សន្តិសុខ និងស្ថិរភាពរឹងមាំតាមរយៈការផ្ដល់នូវកាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំងរយៈចម្ងាយឆ្ងាយ កាំជ្រួចបាញ់ពីលើអាកាស កាំជ្រួចធុនស្រាល និងពង្រឹងសមត្ថភាពវាយប្រហារតាមដែនសមុទ្រ ដើម្បីជាការគាំទ្រដល់គម្រោង និងរក្សាការគ្រប់គ្រងដែនសមុទ្រ។
ការចំណាយនេះ គឺជាផ្នែកមួយនៃការបង្កើនថវិកាការពារជាតិដែលធ្លាប់បានប្រកាសកាលពីជិតទសវត្សរ៍មុន ខណៈដែលប្រទេសនេះព្យាយាមជំរុញការយកចិត្តទុកដាក់ផ្នែកយោធារបស់ខ្លួនទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានទំនាក់ទំនងកាន់តែអាក្រក់ជាមួយប្រទេសចិន៕