ក្រុងអ៊ី​ស្តង់ប៊ុលៈ​ ​ប្រធានាធិបតី​តួកគី​ លោក​ រ៉េសិប​ តៃយីប ​អេរដូហ្គែន​ បាន​សន្ទនា តាម​ទូរស័ព្ទ​ជា​មួយ​សម​ភាគី​អាមេរិក​លោក ​ដូណាល់​ ត្រាំ​ថា ​តួក​គី ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ធានា​ឲ្យ​មាន​សន្តិសុខ​ និង​សុវត្ថិភាព​នៅ​ក្រុង​ Manbij​ នៅ​ស៊ីរី​ភាគ​ខាង​ជើង​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ ដើម្បី​ ​«កុំ​ឲ្យ​ខាត​​ពេល​វេលា​»​។

ក្រុង​ Manbij​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ឃើដ​ ​ដែល​គាំ​ទ្រ​ដោយ​យោធា​អាមេរិក​​ កាល​ពី​ថ្ងៃ​ពុធ​ ត្រូវ​​រង​ការ​វាយ​ប្រហារ​មួយ​អះអាង​ដោយ​ក្រុម​រដ្ឋ​អ៊ិស្លាម​ (IS) ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ ១៩ ​នាក់ ស្លាប់ ​នៅ​ក្នុង​នោះ​រួម​មាន​ទាហាន​អាមេរិក ​៤ ​នាក់​ផង​ដែរ​។

ភ្នាក់​ងារ​សារ​ព័ត៌មាន​រដ្ឋ ​Anadolu ​បាន​រាយ​ការណ៍​ថា ​​ការ​សន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​ ២​ របស់​ពួក​គេ​នោះមិន​ដល់​ ១ ​សប្តាហ៍​ផង​ លោក ​អេរ ដូហ្គែន ​បាន​ប្រាប់​លោក ​ត្រាំ ​ថា ​ការ​វាយ​ប្រហារ​នោះ គឺ​ជា​ការ​បង្ក​ហេតុ​មួយ​ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​ដក​កង​ទ័ព​​អាមេរិក​ចេញ​ពី​ទឹក​ដី​ស៊ីរី​​។

ពលរ​ដ្ឋស៊ី​រី​​ដើរ​ឆ្លង​កា​ត់ផ្លូវ​នៅក្នុង​ក្រុង​ដា​​ម៉ាស​​កាលពីថ្ងៃទី ២១​ ខែមករា​។ AFP

តួក​គី​​ បាន​និង​កំពុង​​បង្កការ​គំរាម​កំហែង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ​ដើម្បី​បើក​ការ​វាយ​ប្រហារ​​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ក្រុង​ Manbij ​ដើម្បី​រុញ​ច្រាន​ក្រុម​ជីវពល​នៃ​​អង្គភាព​ការពារ​ប្រជាជន​ឃើដ​ (YPG)​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​កង​កម្លាំង​របស់​ YPG នេះ​ ត្រូវ​បាន​គាំទ្រ​ដោយ​អាមេរិក​នៅ​ក្នុង​ការ​វាយ​ប្រហារ​ប្រឆាំង​ក្រុម​ជី​ហាដ​ជ្រុល​និយម​IS​នោះ។

ប៉ុន្តែ​ក្រុង​អង់ការ៉ា​ បាន​ចាត់​ទុក​ YPG ​ថា​ជា​ «​ក្រុម​អង្គការ​ភេរវ​កម្ម» ​ដោយ​មិន​ចង់​ឃើញ​ឲ្យ​មាន​ការ​បង្កើត​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ឡើយ​ រដ្ឋ​ឃើដ​មួយ​ដែល​ទើប​តែ​បង្កើត​ឡើង​នោះ​ ​​អាច​នឹង​ធ្វើ​ឲ្យ​គណបក្ស ពលករ​ឃើដ​​ (PKK) នៅ​ក្នុង​ប្រទេស​ តួកគី រឹងមាំ​។

ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​នោះ​ តួក​គី​ និង​អាមេរិក​កាល​ពី​ខែ​ឧសភា ​បាន​ឯកភាព​គ្នា​បង្កើត​ផែន​ទី​ផ្លូវ​មួយ ​នៅ​ក្នុង​នោះ​ រួម​មាន​ការ​ដក​កង​កម្លាំង​របស់​ YPG ​ចេញ​ពី​ក្រុង​ Manbij ​និង​ការ​ចូលរួម​ល្បាត​ជា​មួយ​តួកគី​-អាមេរិក​ ដែល​បាន​ចាប់​ផ្តើម​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។

ក្រុម​សម្ព័ន្ធ​មិត្ត​អង្គការ​ណាតូ​ទាំង​ ២ ​នេះ ​នឹង​បង្កើត​ «​តំបន់​សន្តិសុខ​»​ មួយ​​ដែល​​មាន​គោល​បំណង ​ដើម្បី​បំបែក​ទឹក​ដី​ដែល​បាន​រៀបចំ​ឡើង​ដោយ កង​កម្លាំង​ YPG ​ចេញ​ពី​ព្រំដែន​តួកគី​៕ AFP/SK