ក្រុង​គែរ៖ ​ក្រសួង​ការ​បរទេស​អេហ្ស៊ីប​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស ​អេហ្ស៊ីប​ បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​មីស៊ីល​បាលីស្ទិក ​២ ​គ្រាប់ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដែល​បាន​ធ្វើ​ឡើង​​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​ក្នុង​ប្រទេស យេម៉ែន​ ​ទៅ​លើ​ទីក្រុង​រីយ៉ាដ​ និង​ទីក្រុង​ជីហ្សាន​របស់​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត​។​

សេចក្តី​ថ្លែង​ការណ៍​នោះ ​បាន​និយាយ​ថា​៖ «​រដ្ឋាភិបាល ​និង​ប្រជាជន​អេហ្ស៊ីប​ បាន​ឈរ​នៅ​ក្នុង​ការ​សាមគ្គីភាព​ជាមួយ​ក្រុម​សមភាគី​របស់​ពួក​គេ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​របស់ អារ៉ាប៊ី ​សាអ៊ូឌីត​ ហើយ​បាន​គាំទ្រ​រាល់​ដំណើរការ​ចាំបាច់​ទាំង​អស់​ ដែល​បាន​ចាត់​វិធានការ ​ដើម្បី​រក្សា​សន្តិសុខ​ និង​ស្ថិរភាព​របស់​ព្រះរាជាណាចក្រ​មួយ​នេះ​»​។​

មន្ត្រី​យោធា​អារ៉ាប៊ី ​សាអ៊ូឌីត ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ មីស៊ីល​បាលីស្ទិក ​២ ​គ្រាប់​​ បាន​បាញ់​ដោយ​ក្រុម​ជីវពល​ហ៊ូធី​ ត្រូវ​បាន​បាញ់​ទម្លាក់​ ប៉ុន្តែ​ប្រជាជន​ស៊ីវិល ​២ ​នាក់ ​បាន​រង​របួស​ធ្ងន់​ ដោយសារ​កម្ទេច​គ្រាប់​មីស៊ីល​ ដែល​បាន​ផ្ទុះ​ពី​លើ​សង្កាត់​លំនៅឋាន​នានា​​នៅ​ទី​នោះ​។​

ប្រទេស ​យេម៉ែន ​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ចាប់​តាំង​ពី​ចុង​ឆ្នាំ ​២០១៤ ​មក នៅ​ពេល​ក្រុម​ឧទ្ទាម​ហ៊ូធី​ ដែល​គាំទ្រ​ដោយ​ប្រទេស ​អ៊ីរ៉ង់​ បាន​ដណ្តើម​គ្រប់គ្រង​យក​ទឹក​ដី​មួយ​ភាគ​​ធំ​នៅ​ប្រទេស ​យេម៉ែន​ភាគ​ខាង​ជើង​ ហើយ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​យេម៉ែន ​គឺ​លោក អាប់ដ៍​-រ៉ាប់ប៊ូ​ មែនស៊ួរ​ ហាឌី​ ដែល​គាំទ្រ​ដោយ​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត​ រត់​ភៀស​ខ្លួន​ចេញ​ពី​រដ្ឋធានី​សាណា​។​

អស់​រយៈពេល​ជាង​ ៥ ​ឆ្នាំ​ ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត​ បាន​និង​កំពុង​ដឹក​នាំ​ក្រុម​ចម្រុះ​យោធា​អារ៉ាប៊ី ​សាអ៊ូឌីត​ ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូធី​ នៅ​ក្នុង​ប្រទេស យេម៉ែន៕ Xinhua/SK