The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អេហ្ស៊ីប​ និង​កាតា​យល់ព្រម​ទំនាក់ទំនង​ការទូត​ឡើងវិញ




អេហ្ស៊ីប​ និង​កាតា​យល់ព្រម​ទំនាក់ទំនង​ការទូត​ឡើងវិញ

Content image - Phnom Penh Post
អ្នក​ដំណើរ​ជនជាតិ​អេហ្សីប ត្រៀម​ឡើង​យន្តហោះ កាតា អ៊ែរឡាញ បន្ទាប់​ប្រទេស​អេហ្ស៊ីប និង​កាតា​បាន​ផ្ញើ​សេចក្តីសម្រេច​ជា​ផ្លូវការ​ចំពោះ​ការបន្ត​ទំនាក់ទំនង​ការទូត​​ឡើង​វិញ។​ AFP

អេហ្ស៊ីប​ និង​កាតា​យល់ព្រម​ទំនាក់ទំនង​ការទូត​ឡើងវិញ

កាលពី​ថ្ងៃ​ពុធ​ទី​ ២០ មករា ប្រទេស​អេហ្ស៊ីប និង​កាតា​បាន​ផ្ញើ​សេចក្តីសម្រេច​ជា​ផ្លូវការ​ចំពោះ​ការបន្ត​ទំនាក់ទំនង​ការទូត​។ បណ្តា​ប្រទេស​នៅ​អារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប់រួម ឬ UAE ធ្លាប់​មិនមាន​ទំនាក់ទំនង​ការទូត​ល្អជា​មួយ​កាតា​រួមទាំង​ការចោទប្រកាន់ថា រដ្ឋាភិបាល​បាន​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់​។

រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប់រួម​បាន​និយាយថា លោក​រំពឹង​នឹង​បើក​ស្ថានទូត​របស់​អារ៉ាប់រួម​នៅ​កាតា​ឡើងវិញ​ហើយ​ទំនាក់ទំនង​ការទូត​រវាង​ភាគី​ទាំង​ ២ ​នឹង​ចាប់ផ្តើម​ឡើងវិញ​នាពេល​ឆាប់ៗ​នេះ​។ អារ៉ាប់​រួម​នឹង​បើក​ច្រកចេញ-ចូលទៅ​កាតា ប៉ុន្តែ​ការស្តារ​ទំនាក់ទំនង​ការទូត​ឡើងវិញ​នឹងត្រូវ​ការ​ពេលវេលា​។

ក្រុមមន្ត្រី​អេហ្ស៊ីប​បាន​ឯកភាព​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​លើ​បញ្ហា​មួយចំនួន​ដូចជា​លីប៊ី និង​ក្រុម Muslim Brotherhood​។

ការសម្រេចចិត្ត​ស្តារ​ទំនាក់ទំនង​ភាគី​ទាំង​ ២ ​ឡើងវិញ​ដោយសារ​តែមាន​កិច្ចព្រមព្រៀង​ Al-Ula ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅឯ​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​លើក​ទី​ ៤១ ​នៅ​អារ៉ាប់រួម​។ កិច្ចព្រមព្រៀង​នេះ​បានបញ្ចប់​ការធ្វើ​ពហិការ​ប្រឆាំង​នឹង​កាតា​ដោយ​កងពល​អារ៉ាប់ អេហ្ស៊ីប អារ៉ាប់រួម និង​បារ៉ែន​។

ទំនាក់ទំនង​ក្នុងចំណោម​ប្រជាជាតិ​អារ៉ាប់​បាន​រំជើបរំជួល​ក្នុង​ឆ្នាំ​ ២០១៧ ​នៅពេលដែល​អារ៉ាប៊ីសាអ៊ូឌីត និង​សម្ព័ន្ធមិត្ត​ដូចជា​អារ៉ាប់រួម បារ៉ែន និង​អេហ្ស៊ីប​បាន​ហាមឃាត់​ទំនាក់ទំនង​ការទូត​ពាណិជ្ជកម្ម និង​ការធ្វើដំណើរ​ទៅ​កាតា​។

បណ្តា​ប្រទេស​ទាំង​នោះ​បាន​ចោទប្រកាន់​កាតា​ថា បាន​គាំទ្រ​ដល់​អំពើ​ភេរវកម្ម និង​ស្និទ្ធស្នាល ជាមួយ​អ៊ីរ៉ង់ ហើយ​កាលពី​ឆ្នាំ ២០១៧ បណ្តា​ប្រទេស​ក៏​ដូចជា​អារ៉ាប់​រួម​បាន​ចោទប្រកាន់​ថា កាតា បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​ ២០១៤ ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC) ដែលមាន​ប្រទេស​កាតា​ជា​សមាជិក​។ អេហ្ស៊ីប និង​អារ៉ាប់រួម (UAE) ក៏មាន​ទំនាស់​ជាមួយ​ប្រទេស​កាតា និង​តួកគី​ដែល​ទាក់ទង​នឹង​ប្រទេស​លីប៊ី​ផងដែរ​ដែល​រដ្ឋាភិបាល​គាំទ្រ​ភាគីប្រឆាំង​នៅក្នុង​សង្គ្រាមស៊ីវិល​។

កាតា​ក៏បាន​ទទួលស្គាល់ថា​ខ្លួន​បាន​ផ្តល់ជំនួយ​ដល់​ក្រុម​អ៊ិស្លាម​មួយចំនួន ប៉ុន្តែ​បាន​បដិសេធ​ទំនាក់ទំនង​ជា​មួយក្រុម​សកម្មប្រយុទ្ធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋ​អ៊ិស្លាម​អ៊ីរ៉ាក់​។ កាតា​បាន​អះអាង​ផងដែរ​ថា ខ្លួន​បាន​ជួយ​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម និង​អន្តរាគមន៍​យោធា​ដែល​កំពុង​បន្ត​ប្រឆាំងនឹង​រដ្ឋ​អ៊ិស្លាម​អ៊ីរ៉ាក់​។

អេហ្ស៊ីប បាន​ជំរុញ​ឱ្យ​កាតា​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ ក្រុម Muslim Brotherhood​ ដែល​ត្រូវបាន​គេ​អះអាងថា​ជា​ប្រភពដើម​នៃ​ភេរវកម្ម​អ៊ិស្លាម​។

កាលពី​ឆ្នាំ​ ២០១៧ អារ៉ាប់រួម​មិន​ទទួល​នាវា​កាតា​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​កាតា​ឡើយ​។ អារ៉ាប៊ីសាអ៊ូឌីត បាន​បិទ​ព្រំដែន​ជាមួយ​ប្រទេស​កាតា​រួមទាំង​បានដាក់​កម្រិត​ដែនអាកាស​របស់ខ្លួន​ទៅ​ជើងហោះហើរ​កាតា​ផងដែរ​។ ​ដូច្នេះ​ជើង​ហោះហើរ​របស់​កាតា​ទៅកាន់​ទ្វីប​អាហ្វ្រិក និង​អឺរ៉ុប​ត្រូវ​ហោះ​តាមរយៈ​ដែនអាកាស​អ៊ីរ៉ង់​។ ​បន្ថែម​ពី​ការ​រឹតបន្តឹង​ទាំងនោះ អារ៉ាប់​រួម​ក៏បាន​ហាម​ធនាគារ​កណ្តាល​របស់ខ្លួន​មិន​ឱ្យធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កាតា ផងដែរ​។

ក្រសួង​ការបរទេស​កាតា​បាន​រិះគន់​ការហាមឃាត់​នេះ​ដោយ​លើក​ហេតុផល​ថា សកម្មភាព​បែបនេះ ធ្វើឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ប្រទេស​កាតា​។ កាតា​បាន​បដិសេធ​ការអះអាង​របស់​អារ៉ាប៊ី សាអ៊ូឌីត​ដែលថា កាតា​បាន​គាំទ្រ​អ៊ីរ៉ង់ ដោយ​លើកឡើង​ថា ប្រទេស​កាតា គឺជា​អ្នកផ្តល់​មូលនិធិ​ប្រឆាំង​នឹង​អ៊ីរ៉ង់​៕

អត្ថបទគួរចាប់អារម្មណ៍