ក្រុង​ហ្គា​ហ្សាៈ អំពើហិង្សា​ថ្មី​នៅ​តំបន់​ហ្គា​ហ្សា បាន​គំរាម-កំហែង​ដល់​កិច្ចខិត​ខំ​ប្រឹង​ប្រែង ដើម្បី​បញ្ចប់​ភាព​ចលាចល​រយៈពេល​ជាច្រើន​ខែ​នោះ ខណៈ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន ៤ នាក់​ស្លាប់ ហើយ​បាន​បំផ្លាញ​អគារ​ទូរទស្សន៍​មួយ​របស់​ក្រុម​ហាម៉ាស ស្រប​ពេល​ជាមួយ​គ្នា​នោះ រ៉ុក្កែត​មួយ​គ្រាប់ ត្រូវបាន​គេ​បាញ់​ចេញ​ពី​ដែនដី​នោះ បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ។

អំពើហិង្សា​នោះបាន​កើតឡើង​ក្រោយពី​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង​ពិសេស​អ៊ីស្រាអែល ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នៅ​តំបន់​ហ្គាហ្សា​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ដឹកនាំ​ឲ្យ​ក្រុម​ហាម៉ាស បេ្តជ្ញា​ធ្វើ​ការ​សង​សឹក​វិញ។

ក្រុម​យោធា​អ៊ី​ស្រា​អែល បាន​និយាយថា រហូតមកទល់​ពេលនេះ ខ្លួន​បាន​បើក ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​ឈរ​ជើង​ជាង ១០០ កន្លែង​របស់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ ជាការ​ឆ្លើយ​តប​ទៅ​នឹង​រ៉ុក្កែត ៣៧០ គ្រាប់​ដែល​ត្រូវ​បាន​បាញ់​ចេញ​ពី​ទឹកដី​ដែល​គ្រប់គ្រង ដោយ​ក្រុម​ហាម៉ាស កាល​ពី​រសៀល​ថ្ងៃ​ចន្ទ រហូត​ដល់​ព្រឹក​ថ្ងៃ​អង្គារ។

យោធា​នោះ បាន​និយាយថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ចាប់បាន​រ៉ុក្កែត​ជាង ១០០ គ្រាប់ ដែល​ត្រូវ​បាន​គេ​បាញ់​ពី​តំបន់​ហ្គាហ្សា ហើយ​រ៉ុក្កែត​ភាគច្រើន​បាន​ធ្លាក់​នៅ​តំបន់​វាលលម្ហ និង​ខ្លះ​ធ្លាក់​ចំ​ផ្ទះសំបែង និង​សំណង់​របស់​ក្រុម​ជន​ស៊ីវិល។

អង្គការ​សេវា​គ្រាអាសន្ន United Hatzalah បាន​ឲ្យ​ដឹងថា សាកសព​របស់​បុរស​ម្នាក់​ត្រូវបាន​ទាញ​ចេញ​ពី​អគារ​បាក់បែក​មួយ ដោយ​បាន​បន្ថែម​ថា ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​និង​ទាញ​ចេញ​ពី​អគារ​តែមួយ​នៅ​ក្នុង​ក្រុង Ashkelon ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ក្រុមគ្រូពេទ្យ បាន​និយាយថា ពលរដ្ឋ​អ៊ី​ស្រា​អែល​ប្រមាណ ២០ នាក់​រងរបួស៕