ការប៉ះទង្គិច​គ្នា​នៅ​ក្រុង​ហ្ស៊េរុយសាឡឹម​បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ថ្ងៃ​ចន្ទ​ទី ១០ ឧសភា​ដោយ​មន្ត្រី​សុខាភិបាល​បាន​រាយការណ៍​ថា​មាន​មនុស្ស ២២ នាក់​ដែល​ក្នុងនោះ​មាន​កុមារ ៩ នាក់​បាន​ស្លាប់​ក្នុង​ការវាយប្រហារ​បាញ់​រ៉ុក្កែត​ និង​ទម្លាក់​គ្រាប់បែក​ទៅវិញ​ទៅមក​រវាង​យោធា​អ៊ីស្រាអែល​ និង​ក្រុម​ប្រដាប់អាវុធ​ប៉ាឡេស្ទីន។

ក្រុម​ប្រដាប់អាវុធ Hamas បាន​បើក​ការបាញ់​រ៉ុក្កែត​ចូលទៅ​ទឹកដី​អ៊ីស្រាអែល​នៅ​យប់​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​ពេល​កំណត់​ដាក់​ដោយ​ពួកគេ​ក្នុង​ការទាមទារ​ឱ្យ​អ៊ីស្រាអែល​ដក​កងកម្លាំង​សន្តិសុខ​ចេញពី​ព្រះវិហារ​អ៊ីស្លាម Al-Aqsa។ នេះ​ជា​លើកដំបូង​ដែល​ក្រុម Hamas បាន​បាញ់​រ៉ុក្កែត​វាយប្រហារ​អ៊ីស្រាអែល​តាំងពី​សង្គ្រាម​ឆ្នាំ ២០១៤ មក។

នៅ​យប់​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ក្រុម​យោធា​អ៊ីស្រាអែល​បាន​និយាយថា​ក្រុម​ Hamas បាន​បាញ់​រ៉ុក្កែត​យ៉ាងហោច​ណាស់ ១៥០ គ្រាប់ ហើយ​ចំនួន​នេះ​បាន​ឡើង​រហូត​ដល់ ២០០ គ្រាប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ដែល​ក្នុងនោះ​មាន​ ៦ គ្រាប់​បាន​តម្រង់​ទៅ​ក្រុង​ហ្ស៊េរុយសាឡឹម។ រ៉ុក្កែត​ភាគច្រើន​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome ប៉ុន្តែ​រ៉ុក្កែត ១ គ្រាប់​បាន​ធ្លាក់​នៅ​ជាយក្រុង​ហ្ស៊េរុយសាឡឹម​បណ្ដាល​ឱ្យ​មាន​ការខូចខាត​ស្រាល​ និង​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ជិត​នោះ។ នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល​បុរស​អ៊ីស្រាអែល​ម្នាក់​បាន​រងរបួស​ស្រាល​ បន្ទាប់ពី​រ៉ុក្កែត ១ គ្រាប់​បាន​ធ្លាក់​ទៅលើ​រថយន្ត​របស់លោក។

អ្នកនាំពាក្យ​របស់​ក្រុម Hamas លោក Abu Ubaida បាន​និយាយថា​ពួកគេ​បានចាប់ផ្ដើម «ការបាញ់​រ៉ុក្កែត​ប្រឆាំង​សត្រូវ​នៅ​ដែនដី​ពួកគេ​កាន់កាប់​ហ្ស៊េរុយសាឡឹម ​ដើម្បី​ឆ្លើយតប​នឹង​ឧក្រិដ្ឋកម្ម​ និង​អំពើ​អរិភាព​របស់​ពួកគេ​ប្រឆាំងនឹង​ទីក្រុង​ពិសិដ្ឋ​នេះ​ និង​អំពើ​អរិភាព​ប្រឆាំង​ប្រជាជន​យើង​នៅ​សង្កាត់​ Sheikh Jarrah និង​វិហារ Al-Aqsa»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ឆ្លើយតប​ថា៖ «អង្គការ​ភេរវកម្ម​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​ក្រហម​នៅ​ថ្ងៃ​ទិវា​ក្រុង​ហ្សេរុយសាឡឹម​ហើយ​បាន​វាយប្រហារ​យើង​នៅ​ជាយក្រុង​ហ្ស៊េរុយសាឡឹម»។

លោក​បាន​បន្ថែមទៀត​ថា៖ «អ៊ីស្រាអែល​នឹង​ឆ្លើយតប​ជា​កម្លាំង។ យើង​នឹងមិន​អត់ធ្មត់​ចំពោះ​ការវាយប្រហារ​លើ​ទឹកដី​របស់​យើង​រដ្ឋធានី​ប្រជាជន និង​ទាហាន​របស់​យើង​ទេ»។

យោធា​អ៊ីស្រាអែល​បាន​ឆ្លើយតប​វិញ​ដោយ​ធ្វើការ​វាយប្រហារ​តាម​អាកាស​ និង​ទម្លាក់​គ្រាប់បែក​ទៅ​លើ​គោលដៅ​ក្រុម Hamas ដូចជា​កន្លែង​បាញ់​រ៉ុក្កែត​ និង​មូលដ្ឋាន​ក្រុម​ប្រដាប់អាវុធ​ក្នុង​តំបន់ Gaza។ នៅ​ព្រឹក​ថ្ងៃ​អង្គារការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​បាន​សម្លាប់​បុរស​ម្នាក់​ហើយ​ក្នុង​ការវាយប្រហារ​មួយទៀត​បាន​សម្លាប់​ស្ត្រី​ម្នាក់​ និង​បុរស ២ នាក់​នៅពេល​ដែល​មីស៊ីល ១ គ្រាប់​បាន​បាញ់​ចំ​ជាន់​លើ​នៃ​អគារ​ស្នាក់នៅ​មួយ​ក្នុង​ជំរំ​ជនភៀសខ្លួន​ Shati។

យ៉ាងហោចណាស់​មាន​មនុស្ស ១៥ នាក់​ក្នុងចំណោម ២២ នាក់​ដែល​បាន​ស្លាប់​នៅក្នុង​តំបន់​ Gaza ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន​សន្មត​ថា​ជា​ការស្លាប់​បង្ក​ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល។ អ្នកស្លាប់​ចំនួន ៧ នាក់​ផ្សេងទៀត​គឺជា​សមាជិក​នៃ​ក្រុមគ្រួសារ​មួយ​ដែល​រួមទាំង​កុមារ ៣នាក់​បាន​ស្លាប់​ក្នុង​ការផ្ទុះ​មិនដឹង​ប្រភព​នៅ​ខាងជើង​តំបន់ Gaza។ គេ​មិនដឹងថា​ការផ្ទុះ​នេះ​គឺ​បង្ក​ដោយ​ការវាយប្រហារ​អាកាសរ​បស់​អ៊ីស្រាអែល​ ឬ​ការធ្លាក់​រ៉ុក្កែត​របស់ Hamas នោះទេ។

ភាពតានតឹង​រវាង​ភាគី​ទាំង ២ នៅ​ទីតាំង​ដែល​ជន​មូស្លីម​ស្គាល់​ថា​ជា «ជម្រក​ថ្លៃថ្នូរ» ហើយ​ជនជាតិ​ជ្វីហ្វ​ស្គាល់​ថា​ជា «ភ្នំ​ប្រាសាទ» បាន​កើនឡើង​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​ក្នុង​ខែ​រ៉ាម៉ាដាន​របស់​សាសនិក​មូស្លីម​ ខណៈ​ពេល​ដែល​ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល​ និង​ក្រុម​បាតុករ​ប៉ាឡេស្ទីន​បាន​កើតឡើង​ជាប់ៗ​គ្នា​ដែលនាំឱ្យ​មាន​ការព្រួយបារម្ភ​ជា​អន្តរជាតិ​ថា​ព្រឹត្តិការណ៍​ទាំងនេះ​អាច​បង្កចលាចល​ក្នុង​តំបន់។

ចំណុចកំពូល​នៃ​ភាពតានតឹង​នេះ​គឺ​ផែនការ​បណ្ដេញ​ជនជាតិ​ប៉ាឡេស្ទីន​ចេញពី​គេហដ្ឋាន​ពួកគេ​នៅ​សង្កាត់ Sheikh Jarrah នៅ​ក្រុង​ហ្សេរុយឡឹម​ខាងកើត​សម្រាប់​អ្នក​តាំង​លំនៅ​អ៊ីស្រាអែល​មក​រស់នៅ​ទីនោះ​វិញ។ វិវាទ​ដែនដី​នេះ​មាន​ប្រភព​ក្នុង​សង្គ្រាម ៦ ថ្ងៃ​កាលពី​ឆ្នាំ ១៩៦៧ ដែល​កាលនោះ​អ៊ីស្រាអែល​បាន​វាយយក​ក្រុង​ហ្ស៊េរុយសាឡឹម​ខាងកើត​ និង​តំបន់ West Bank ពី​ប្រទេស​ហ្សកដានី​ហើយ​តំបន់ Gaza ពី​ប្រទេស​អេហ្ស៊ីប។ ការប៉ះទង្គិច​រវាង​បាតុករ​តវ៉ា​ផែនការ​បណ្ដេញ​នេះ​ និង​ប៉ូលិស​បាន​បន្ត​ពី​ចុង​សប្ដាហ៍​ដល់​ល្ងាច​ថ្ងៃ​ចន្ទ។

ដើម្បី​ចៀសវាង​ការប្រឈមមុខ​គ្នា​បន្ថែម​ទៀត​អាជ្ញាធរ​អ៊ីស្រាអែល​បាន​ផ្លាស់ប្តូរ​ទិសដៅ​នៃ​ក្បួន​ដង្ហែ​ជនជាតិ​ជ្វីហ្វ​ជាតិនិយម​រាប់ពាន់នាក់​ដែល​គ្រោង​ដង្ហែ​ទង់ជាតិ​អ៊ីស្រាអែល​ចូល​តំបន់​ជនជាតិ​ប៉ាឡេស្ទីន​នៅ​ថ្ងៃ​ទិវា​ក្រុង​ហ្ស៊េរុយឡឹម។ ទិវា​ប្រចាំឆ្នាំ​គឺ​ដើម្បី​រំលឹក​ដល់​ការដណ្តើម​យក​ក្រុង​ហ្ស៊េរុយសាឡឹម​ខាងកើត​ពី​ជនជាតិ​អារ៉ាប់​ក្នុង​សង្គ្រាម​ឆ្នាំ ១៩៦៧ ប៉ុន្តែ​វា​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ការញុះញង់​ដល់​ប្រជាជន​ប៉ាឡេស្ទីន​កំពុង​រស់នៅក្នុង​ហ្ស៊េរុយឡឹម។

អ៊ីស្រាអែល​បាន​ចាត់​ទុក្ខ​ទីក្រុង​ហ្ស៊េរុយសាឡឹម​ទាំងមូល​ជា​រដ្ឋធានី​របស់​ពួកគេ ប៉ុន្តែ​មិនបាន​ទទួល​ការគាំទ្រ​ពី​អន្តរជាតិ​ជុំវិញ​ការទាមទារ​នេះ​ទេ។ រីឯ​ជនជាតិ​ប៉ាឡេស្ទីន​វិញ​បាន​ចាត់ទុក​តំបន់ Gaza និង West Bank ជា​ដែនដី​របស់​ពួកគេ ហើយ​ក្រុង​ហ្ស៊េរុយសាឡឹម​ខាងកើត​នឹង​ក្លាយជា​រដ្ឋធានី​របស់​ពួកគេ​នៅពេល​ពួកគេ​បង្កើត​រដ្ឋ​ថ្មី​នាពេល​អនាគត៕