ក្រុង​វ៉ាស៊ីនតោន៖ ​អំពើ​ហិង្សា ​និង​ការ​លួច​ប្លន់​កាល​ពី​ថ្ងៃ​អង្គារ​ បាន​រាល​ដាល​រហូត​ដល់​ទីក្រុង​ជា​ច្រើន​បន្ថែម​ទៀត​នៅ​អាមេរិក​ ខណៈ​ប្រធានាធិបតី​លោក ​ដូណាល់​ ត្រាំ​ បាន​ប្រឈម​​នឹង​​ការ​រិះគន់​យ៉ាង​ក្តៅ​គគុក​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​​នៅ​ខាង​ក្រៅ​សេតវិមាន​ ដើម្បី​​​បំបែក​​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​អយុត្តិធម៌​ពូជ​សាសន៍​នៅ​អាមេរិក​នាពេល​​បច្ចុប្បន្ន​។​

នៅ​ពេល​​បាតុកម្ម​ជា​បន្ត​បន្ទាប់​ក្នុង​ជំនាន់​មួយ​​បាន​នាំ​ឲ្យ​មាន​ការ​ជួបជុំ​តវ៉ា​ចម្រុះ​ជាតិ​សាសន៍ ​និង​​ដោយ​សន្តិវិធី​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ​នៅ​តាម​ដង​ផ្លូវ​កាល​ពី​សប្តាហ៍​មុន​ ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម​រាល់​យប់​បាន​ឈាន​ទៅ​រក​ការ​បំផ្លិច​បំផ្លាញ​ ដោយ​ទាំង​ក្រុម​សកម្មជន​ និង​មន្ត្រី​បាន​ស្តីបន្ទោស​ទៅ​លើ​ក្រុម​ជន​អន្ធពាល​ទាំង​នោះ​។​

ហាង​លក់​ទំនិញ​ខ្លះ​ នៅ​ក្នុង​ចំណោម​ហាង​លក់​ទំនិញ​ជាច្រើន ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​តាម​ផ្លូវ​នានា​ ត្រូវ​បាន​កម្ទេច​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​នោះ​មាន​ទង់ជាតិ​ធំៗ​ផង​ដែរ​ ខណៈ​មន្ត្រី​ប៉ូលិស ​៤ ​នាក់​ផ្សេង​ទៀត​បាន​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ក្នុង​ទីក្រុង​អេសធីឡូវីស ​ដែល​បាន​បង្ក​ឡើង​ដោយ​សារ​ភាព​តាន​តឹង​ពូជ​សាសន៍​យ៉ាង​យូរ​នៅ​អាមេរិក​នោះ​​។​

ប៉ុន្តែ​មាន​ការ​ថយ​ចុះ​ទៅ​វិញ​នៅ​ក្នុង​ទីក្រុង​មីននៀប៉ូលិស​ ជា​ទី​ដែល​ការ​បះបោរ​បាន​ចាប់​ផ្តើម​កើត​ឡើង​ បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក​ George Floyd​ កាល​ពី​ថ្ងៃ​ទី ​២៥ ​ខែ​ឧសភា ​កន្លង​ទៅ​ ជា​បុរស​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​ ដែល​ត្រូវ​បាន​គេ​មុជ​ក្បាល​នៅ​លើ​ដី​ជិត ​៩ ​នាទី​ នៅ​ក្រោម​ជង្គង់​របស់​ប៉ូលិស​ស្បែក​ស​ម្នាក់​ ដែល​មិន​បាន​អើពើ​ចំពោះ​ការ​អង្វរ​សុំ​ទុក​ជីវិត​ឲ្យ​លោក​នោះ​ទេ​។​

នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ ប៉ូលិស​សហព័ន្ធ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បាញ់​គ្រាប់​កាំ​ភ្លើង​កៅស៊ូ ​និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​សាហាវ​ទៅ​លើ​ហ្វូង​បាតុកម្ម​ដោយ​សន្តិវិធី​មួយ​នៅ​កន្លែង​សួន​ច្បារ​ឡាហ្វាយីតទី​ នៅ​ខាង​ក្រៅ​សេត​វិមាន​ ដោយ​បាន​បើក​ផ្លូវ​ឲ្យ​លោក ​ដូណាល់ ត្រាំ​ ដើរ​ឆ្លង​កាត់​ទៅ​កាន់​ព្រះ​វិហារ​ប្រវត្តិសាស្ត្រ​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​ខូច​ខាត​កាល​ពី​យប់​ថ្ងៃ​អង្គារ​។​

ដោយ​នឹក​ស្រមៃ​ដល់​កាល​ពី​អាមេរិក​បាន​គ្រប់គ្រង​ប្រទេស​អ៊ីរ៉ាក់​ ក្រុម​យោធា​ឧទ្ធម្ភាគចក្រ​បាន​ហោះ​សំកាំង​ពី​លើ​ហ្វូង​បាតុករ​ នៅ​ក្នុង​ទីប្រជុំជន​ទីក្រុង​វ៉ាស៊ីនតោន​ ខណៈ​ក្រុម​អ្នក​តវ៉ា​បាន​យក​ដំ​ឥដ្ឋ​គប់​យ៉ាង​ទ្រហឹង​ពេញ​ទីក្រុង​ ដែល​ពួក​គេ​បាន​ផ្គើន​ទៅ​នឹង​ការ​ដាក់​បម្រាម​គោចរ​​។​

លោក​ ត្រាំ​ បាន​ថ្លែង​នៅ​លើ​​គេហទំព័រ​ធ្វីធើរ​ជុំវិញ​ការ​ឆ្លើយ​តប​នៅ​​ក្រុង​វ៉ាស៊ីនតោន​ ដោយ​ចោទ​​ប្រកាន់​មេ​ដឹកនាំ​ទីក្រុង​ញូវយ៉ក​ពី​បទ​បង្ក​សកម្មភាព​ឧក្រិដ្ឋកម្ម​៕ AFP/SK