សមុទ្រ​មេឌីទែរ៉ានេ៖ ​អ្នក​ប្រតិបត្តិការ​នាវា ​និង​រដ្ឋាភិបាល​បាន​ថ្លែង​ថា​ ប្រទេស​អ៊ីតាលី​ ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​អនុញ្ញាត​ឲ្យ​នាវា​សង្គ្រោះ Ocean ​Viking ​ផ្ទេរ​ក្រុម​ជន​ចំណាក​ស្រុក​ចំនួន ​១៨០ ​នាក់​ ដែល​បាន​ជួយ​សង្គ្រោះ ​នៅ​ក្នុង​មហាសមុទ្រ​មេឌីទែរ៉ានេ​ ទៅ​ឲ្យ​នាវា​មួយ​នៅ​ក្នុង​តំបន់​ស៊ីស៊ីលី​ ដើម្បី​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។​

ក្រុម​អ្នក​ដែល​នៅ​លើ​នាវា​បាន​បង្ហាញ​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ជាមួយ​សេចក្តី​ប្រកាស​ថា​ ការ​ឈឺ​ចាប់​របស់​ពួក​គេ​នៅ​ចំ​​ពេល​មាន​លក្ខខណ្ឌ​ដាក់​ការ​រឹត​ត្បិត​នៅ​លើ​នាវា Ocean​ Viking ​នឹង​ត្រូវ​បាន​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដោយ​មាន​ក្រុម​ជន​ចំណាក​ស្រុក​មួយ​ចំនួន​បាន​ច្រៀង​ចម្រៀង​ ការ​ទះ​ដៃ ​និង​ការ​ថតរូប​សែលហ្វ៊ី​ជាមួយ​គ្នា​នៅ​ទីនោះ​។​

អ្នក​នាំពាក្យ​នាវា​សប្បុរសធម៌ ​SOS ​Mediterranee ​បាន​ថ្លែង​ប្រាប់​កាសែត ​AFP​ ដែល​មាន​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ម្នាក់​នៅ​លើ​នាវា​នោះ​ថា៖ ​«​យើង​បាន​ទទួល​បញ្ជា​ពី​អាជ្ញាធរ​ដែន​សមុទ្រ​អ៊ីតាលី​ ឲ្យ​នាវា​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ Porto ​Empedocle​» ​នោះ​។​

លោក​ រ៉ាប៊ូល​ មាន​វ័យ​ ២៧​ ឆ្នាំ​ មក​ពី​ប្រទេស​បង់ក្លាដែស​ បាន​និយាយ​ថា​៖​ «​យើង​សប្បាយ​យ៉ាង​ខ្លាំង​ យើង​បាន​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ​ ​ប្រទេស​លីប៊ី​ គឺ​ដូច​ជា​ឋាន​នរក​ ហើយ​បច្ចុប្បន្ន​យ៉ាង​ហោច​ណាស់​ យើង​អាច​មើល​ឃើញ​ទី​បញ្ចប់​។ ខ្ញុំ​ចង់​ប្រាប់​គ្រួសារ​ខ្ញុំ​ថា​ ខ្ញុំ​មាន​ជីវិត​នៅ​ឡើយ​ទេ​»​៕ AFP/SK​