ក្រុងតេអេរ៉ង់៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន ខាន់ បានទស្សនកិច្ចទៅកាន់ប្រទេស អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការស្នើសុំមួយចេញពីអាមេរិក និងអារ៉ាប៊ី សាអ៊ូឌីត ដើម្បីឲ្យលោកជួយបន្ធូរបន្ថយភាពតានតឹងកាន់តែខ្លាំងឡើងនៅឈូងសមុទ្រមានជម្លោះ។
ការិយាល័យរបស់លោក អ៊ីមរ៉ាន ខាន់ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ជាផ្នែកនៃការផ្តួចផ្តើមមួយ «ដើម្បីលើកស្ទួយសន្តិភាព និងសន្តិសុខនៅក្នុងតំបន់» ហើយថា លោកបានរៀបចំកិច្ចពិភាក្សាជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក អាយ៉ាតូលឡាហ៍ អាលី កាមេនី និងលោកប្រធានាធិបតីអ៊ីរ៉ង់ ហាស្សាន រូហានី។
អ្នកឆ្លើយឆ្លងកាសែត AFP ម្នាក់បានរាយការណ៍ឲ្យដឹងថា លោក អ៊ីមរ៉ាន ខាន់ បានចុះចតនៅក្រុងតេអេរ៉ង់ ហើយត្រូវបានទទួលស្វាគមន៍នៅឯព្រលានយន្តហោះ ដោយរដ្ឋមន្ត្រីការបរទេសលោក ម៉ូហាម៉ាដ ចាវ៉ាដហ្សារីហ្វ នៅមុនពេលទៅជួបជាមួយលោក ហាស្សាន រូហានី។
នេះ គឺជាទស្សនកិច្ចលើកទី ២ របស់លោក អ៊ីមរ៉ាន ខាន់ ទៅកាន់ប្រទេស អ៊ីរ៉ង់ នៅឆ្នាំនេះ ដែលជាប្រទេសមួយមានព្រំដែនជាប់គ្នាជាមួយប្រទេស ប៉ាគីស្ថាន ចម្ងាយប្រហែល ១ ពាន់គីឡូម៉ែត្រ៕ AFP/SK