ក្រុងញូវយ៉កៈ កាលពី​ថ្ងៃ​សៅរ៍ អ៊ីរ៉ង់​បាន​ព្រមាន​ថា ខ្លួន​បាន​ត្រៀម​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ប្រសិន​បើ​អាមេរិក​បោះ​បង់​ចោល​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ បាន​និយាយ​ថា វិធានការ​ជាច្រើន​កំពុង​ត្រូវ​បាន​ពិចារណា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចាក​ចេញ​របស់​អាមេរិក​នោះ។

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក​មហា​ម៉ាដ​ចាវ៉ាដ ហ្សារិហ្វ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ញូវយ៉ក​ថា អ៊ីរ៉ង់ មិន​ស្វះ​សែ្វង​ទិញ​គ្រាប់បែក​នុយក្លេអ៊ែរ​ទេ ប៉ុន្តែ​ថា លទ្ធភាព​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដក​ខ្លួន​ចេញ​របស់​អាមេរិក​ពី​កិច្ច​ព្រម​ព្រៀង នឹងត្រូវ​ចាប់ផ្តើម​ផលិតកម្ម​អ៊ុយរ៉ានីញ៉ូម​ជាថ្មី ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផលិត​គ្រាប់​បែក។

លោក​ហ្សា​រិ​ហ្វ ដែល​កំពុង​នៅ​អាមេរិក ដើម្បី​ចូលរួម​ជំនួប​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​រក្សា​សន្តិភាព បាន​បន្ថែម​ទៀត​ថា៖ «អាមេរិក​មិន​ដែល​ខ្លាច​អ៊ីរ៉ង់​ផលិត​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ ប៉ុន្តែ​យើង​នឹង​បន្ត​ការ​ផលិត​សារធាតុ​អ៊ុយ​រ៉ានីញ៉ូម​របស់​យើង»។

ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ បានកំណត់​ឱសានវាទ​ថ្ងៃទី ១២ ខែ​ឧសភា​សម្រាប់​ប្រទេស​នៅ​អឺរ៉ុប​កែប្រែ​លក្ខខណ្ឌ នៃ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​ឲ្យ​អ៊ីរ៉ង់​កាត់​បន្ថយ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ។

សម្តី​របស់លោក​ហ្សា​រិ​ហ្វ បានបង្ហាញ​ពី​ការបន្ត​ប្រើ​វោហារ​ស័ព្ទខ្លាំងៗ បន្ទាប់ពី​មានការ​ព្រមាន​មួយ​កាល​ពី​ដើម​ខែ​នេះ​ពី​ប្រធានា​ធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានីថា ក្រុង​វ៉ាស៊ីនតោន​នឹង​សោក​ស្តាយ​ដោយសារ​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នោះ​ហើយ អ៊ីរ៉ង់​នឹង​ឆ្លើយតប​ក្នុង​រយៈពេល​មួយ​សប្តាហ៍​បើ​អាមេរិក​ដក​ខ្លួន។

ជោគវាសនា​របស់​កិច្ច​ព្រមព្រៀង​នោះ គឺជា​បញ្ហាសំខាន់​មួយ​ក្នុងអំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​អេម៉ានុយអែល ម៉ាក្រុង​ទៅ​កាន់​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ចន្ទ​នេះ៕