ក្រុងតេអេរ៉ង់៖ ប្រទេស អ៊ីរ៉ង់ កាលពីថ្ងៃអង្គារបានចោទប្រទេសអឺរ៉ុបខ្លះពីបទភាពមិនស្មោះត្រង់ចំពោះការរិះគន់វិធានការថ្មីបំផុតរបស់ខ្លួន ដែលចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយសារខកខានមិនបំពេញតាមកិច្ចសន្យារបស់ពួកគេ ជួយឲ្យរួចពីទណ្ឌកម្មរបស់អាមេរិក។
ប៉ុន្តែលោកប្រធានាធិបតី ហាស្សាន រូហានី មិនបានលើកឡើងអំពីរបាយការណ៍ថ្មីមួយពីក្រុមឃ្លាំមើលរបស់អង្គការសហប្រជាជាតិ ដែលលាតត្រដាងថា ក្រុមអធិការកិច្ចរបស់ខ្លួន ចាប់បានបំណែកតូចៗនៃសារធាតុអ៊ុយរ៉ានីញ៉ូមចេញពីប្រភពដើមផលិតដោយមនុស្សនៅទីតាំងមួយ ដែលមិនប្រកាសនៅប្រទេស អ៊ីរ៉ង់។
ប្រទេស អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុបបានព្យាយាមស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ចាប់តាំងពីអាមេរិក បានដកចេញកិច្ចព្រមព្រៀងនេះជាឯកតោភាគី កាលពីខែឧសភា ឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មជាថ្មី។
រយៈពេល ១ ឆ្នាំក្រោយ ពីអាមេរិកដកខ្លួនចេញពីផែនការសកម្មភាពដ៏ទូលំទូលាយរួម (JCPOA) នោះអ៊ីរ៉ង់បានចាប់ផ្តើមកាត់បន្ថយការសន្យារបស់ខ្លួនពីកិច្ចព្រមព្រៀងនេះ ដោយសង្ឃឹមថាទទួលបានសម្បទានពីអ្នកទាំងឡាយដែលជាភាគីនៃកិច្ចព្រមព្រៀងនេះ។
វិធានការថ្មីបំផុតរបស់អ៊ីរ៉ង់បានកើតឡើងកាលពីសប្តាហ៍មុននៅពេលដែលក្រុមវិស្វករបានចាប់ផ្តើមបន្ថែមឧស្ម័នគ្មានពណ៌មានសារធាតុអ៊ុយរ៉ានីញ៉ូមចូលទៅក្នុងម៉ាស៊ីនបំបែកធាតុនៅរោងចក្រក្រោមដី Fordow នៅខាងត្បូងក្រុងតេអេរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ប្រទេស អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប និយាយថា សេចក្តីសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការចាប់ផ្តើមសកម្មភាពជាថ្មីនៅរោងចក្រ Fordow នោះ ផ្ទុយនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។
ពួកគេបាននិយាយថា៖ «សហភាពអឺរ៉ុប បានប្រកាន់ខ្ជាប់កិច្ចសន្យារបស់ពួកគេនៅក្នុងនោះមានការដកទណ្ឌកម្មដូចត្រូវបានរំពឹងទុកនៅក្រោម JCPOA»៕ AFP/PSA