អ៊ីរ៉ង់​បាន​ថ្កោល​ទោស​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​មហាអំណាច​អឺរ៉ុប​ចំនួន ៣ ដែល​សម្តែង​ការ​ព្រួយ​បារម្ភ ជុំវិញ​ការ​កែប្រែ​សកម្មភាព​របស់​ប្រទេស​អ៊ីរ៉ង់ ​ ក្រោយ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ​ឆ្នាំ ២០១៥។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃទី ២១ វិច្ឆិកា អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​បាន​ហៅ​សេចក្តី​ថ្លែងការណ៍​ពី​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ថា មិន​មាន​ការ​ទទួល​ខុសត្រូវ។

លោក Saeed Khatibzadeh អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​របស់​រដ្ឋ តេរ៉ាន ប្រទេស​អ៊ីរ៉ង់ បាន​អំពាវនាវ​ឱ្យ E3 (បារាំង អាល្លឺម៉ង់ និងចក្រភព​អង់គ្លេស) បំពេញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ក្រោម​ផែនការ​សកម្មភាព​រួម (Joint Comprehensive Plan of Action) កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥ ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​អ៊ីរ៉ង់ និង​មហា​អំណាច​ពិភពលោក ដែល​រារាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​ពហុភាគី។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ លោក Khatibzadeh បាន​និយាយ​ថា៖ «សកម្មភាព​នុយក្លេអ៊ែរ​ដោយ​សន្តិវិធី​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ គឺ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​អន្តរជាតិ និង​ស្រប​ច្បាប់​ទាំង​ស្រុង ​ហើយ​ស្រប​តាម​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រទេស»។

E3 បាន​ឱ្យ​ដឹង​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ខ្លួន​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ដែល​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ដោះស្រាយ​ចាប់​តាំង​ពី​ប្រធានាធិបតី ​ដូណាល់ ត្រាំ បាន​ដក​ខ្លួន​ចេញ​ជា​ឯកតោ​ភាគី​កាល​ពី​ខែ ​ឧសភា ឆ្នាំ ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​លើ​អ៊ីរ៉ង់។

ទោះ​ជា​យ៉ាង​ណា ប្រទេស​ទាំង ៣ ​បាន​និយាយ​ថា ពួក​គេ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​អ៊ីរ៉ង់​ដែល​កំពុង​ខិតខំ​ដក​ខ្លួន​ចេញ​នៃ​ការ​លុប​បំបាត់​ការ​រីក​រាលដាល​នៃ​បច្ចេកវិទ្យា​អាវុធ​នុយក្លេអ៊ែរ និង​កាត់​បន្ថយ​ការ​ស្តុក​អាវុធ​នុយក្លេអ៊ែរ​ដែល​មាន​ស្រាប់​ពី​កិច្ច​ព្រមព្រៀង​នេះ​។

អឺរ៉ុប​បាន​និយាយ​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​អ៊ីរ៉ង់​ក្នុង​ការ​បង្កើន​ការ​ផលិត​អ៊ុយរ៉ានីញ៉ូម​លើស​កម្រិត ៣,៦៧ ភាគរយ ​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ។ បើ​យោង​តាម​របាយការណ៍​ថ្មីៗ​របស់ International Atomic Energy Agency ការ​បន្ត​កើន​ឡើង​នៃ​ការ​ស្តុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ដែល​មាន​កម្រិត​ទាប​ឥឡូវ​នេះ​ មាន​ដល់​ចំនួន ១២ ដង​ នៃ​កម្រិត JCPOA។

សារធាតុ​អ៊ុយរ៉ានីញ៉ូម ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ត្រឹម​ឆ្នាំ ២០១៩ ប្រទេស​អ៊ីរ៉ង់ ​មាន​កន្លែង​ផលិត​នុយក្លេអ៊ែរ​ចំនួន ​២ ​គឺ Natanz និង Fordo។ អ៊ុយរ៉ានីញ៉ូម​​ដែល​មាន​ថាមពល​ទាប ​ដែល​មាន​កំហាប់ U-235 ពី ៣ ទៅ ៤ ភាគរយ ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​ឥន្ធនៈ​សម្រាប់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ។

ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ (The International Atomic Energy Agency) ​បាន​រាយការណ៍​នៅ​ក្នុង​ឯកសារ​សម្ងាត់​ចែកចាយ​ដល់​ប្រទេស​ជា​សមាជិក​ដែល​របាយការណ៍​បាន​បង្ហាញ​ថា អ៊ីរ៉ង់​គិត​ត្រឹម​ថ្ងៃ​ទី ២ ខែ វិច្ឆិកា​ មាន​ស្តុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ប្រមាណ ២៤ ៤២៩ គីឡូក្រាម ដែល​កើន​ឡើង​ពី ២១ ០៥៤ គីឡូក្រាម ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ២៥​ ខែ​សីហា។ កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ ២០១៥ ជាមួយ​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ បារាំង អង់គ្លេស ចិន និង​រុស្ស៊ី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ផែនការ​សកម្មភាព​រួម​ ឬ JCPOA អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់ រក្សា​ទុក​ស្តុក​ត្រឹម ២០២,៨ គីឡូ​ក្រាម​ប៉ុណ្ណោះ​។

នៅ​ខែ​កក្កដា ​ឆ្នាំ ២០១៥ អ៊ីរ៉ង់​មាន​ឧបករណ៍​ស្រូប​ខ្យល់​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​បំបែក​​វត្ថុរាវ និង​ឧស្ម័ន​ផ្អែក​លើ​ដង់ស៊ីតេ​ជិត​ប្រមាណ ២ ​ម៉ឺន​គ្រឿង។ នៅ​ក្រោម JCPOA ការ​រក្សា​ឧបករណ៍​ប្រភេទ​នេះ​ត្រូវ​បាន​កំណត់​ថា មិន​អាច​ដំឡើង​លើស​ពី ៥ ០៦០ នៃ​ឧបករណ៍​ដែល​មាន​ចុង​ក្រោយ​គេ Natanz ​រហូត​ដល់​ឆ្នាំ ២០២៦ គឺ​រយៈពេល ១០ ឆ្នាំ បន្ទាប់​ពី​ថ្ងៃ​អនុវត្ត​នៃ​កិច្ច​ព្រមព្រៀង​នេះ ក្នុង​ខែ ​មករា​ ឆ្នាំ ២០១៦​។

នៅ​ឆ្នាំ ២០១៥ អ៊ីរ៉ង់​បាន​ព្រមព្រៀង​លើ​កិច្ច​ព្រមព្រៀង​យូរ​អង្វែង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ជាមួយ​ក្រុម​មហា​អំណាច​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​P5+1 គឺ​មាន អាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និង​អាល្លឺម៉ង់។

កិច្ច​ព្រមព្រៀង​បាន​កើត​ឡើង​ បន្ទាប់​ពី​មានភាព​តានតឹង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ៊ីរ៉ង់​ក្នុង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។

អ៊ីរ៉ង់​បាន​ទទូច​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ គឺ​ប្រតិបត្តិ​ដោយ​សន្តិភាព​ទាំង​ស្រុង ប៉ុន្តែ​សហគមន៍​អន្តរជាតិ​មិន​ជឿ​ទៅ​លើ​ការ​លើក​ឡើង​នេះ​ឡើយ។ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ អ៊ីរ៉ង់​បាន​យល់ព្រម​កំណត់​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន និង​អនុញ្ញាត​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ពី​អន្តរជាតិ​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​កំពុង​ធ្លាក់​ចុះ​។

ទណ្ឌកម្ម​ដែល​ដាក់​ដោយ​អង្គការ​សហប្រជាជាតិ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ក្នុង​គោល​បំណង​បង្ខំ​ឱ្យ​អ៊ីរ៉ង់ បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ​ខាត​បង់​ថវិកា​ជាង ១៦០ ពាន់​លាន​ដុល្លារ អាមេរិក) ក្នុង​ចំណូល​ប្រេង​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៦។ ក្រោម​កិច្ច​ព្រមព្រៀង​នេះ អ៊ីរ៉ង់​ចំណេញ​បាន​ជាង ១០០ ពាន់លាន​ដុល្លារ​អាមេរិក ដែល​ជាប់​គាំង​នៅ​បរទេស​ហើយ​អាច​បន្ត​លក់​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ និង​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម។

នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​នេះ ហើយ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​នោះ លោក​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ឡើង​វិញ និង​រដ្ឋ​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នេះ។

អ៊ីរ៉ង់​បាន​ប្រកាស​ជា​ចំហ​នូវ​រាល់​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ជា​មុន​ដែល​បាន​អនុវត្ត​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដក​ខ្លួន​ចេញ​ជា​ឯកតោភាគី​នៅ ឆ្នាំ ២០១៨។ ចាប់​តាំង​ពី​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក និង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់​បាន​​ដាក់​សម្ពាធ​លើ​ភាគី ដែល​នៅ​សេសសល់​ជាមួយ​នឹង​ការ​រំលោភ​បំពាន​នានា ដើម្បី​បង្កើត​នូវ​មធ្យោបាយ​ថ្មី ដើម្បី​ទូទាត់​សកម្មភាព​សេដ្ឋកិច្ច​ដែល​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ក្រុង​វ៉ាស៊ីនតោន។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បន្ត​អនុញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ចូល​ប្រើ​គ្រឿង​បរិក្ខារ​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ហេតុផល​សំខាន់ ដែល​បណ្តា​ប្រទេស ដែល​នៅ​តែ​ជា​ភាគី​នៃ JCPOA និយាយ​ថា វា​មាន​តម្លៃ​ក្នុង​ការ​ស្ថិតនៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ។ គោលដៅ​នៃ​កិច្ច​ព្រមព្រៀង ​គឺ​ដើម្បី​ការពារ​អ៊ីរ៉ង់​ពី​ការ​កសាង​អាវុធ​នុយក្លេអ៊ែ​ដែល​ប្រទេស​អ៊ីរ៉ង់ ​ទទូច​ថា​ខ្លួន​មិន​មាន​ចេតនា​ធ្វើ​ទេ៕