ប្រទេស​អ៊ីរ៉ង់ ​បាន​បដិសេធ​សំណើ​ដើម្បី​ការចរចា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​មួយ ដែល​ស្នើ​ដោយ​សហភាព​អឺរ៉ុប ដោយ​ទាមទារ​ឱ្យ​សហរដ្ឋអាមេរិក​ដក​ទណ្ឌកម្ម​ជា​ឯកតោភាគី​ទាំង​អស់​ជា​មុន​សិន។

កាល​ពី​ថ្ងៃ​អាទិត្យ ទី ២៨ កុម្ភៈ លោក Saeed Khatibzadeh អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​បាន​និយាយ​ថា៖ «អាមេរិក​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជា​មុន​សិន​ហើយ​ដក​ទណ្ឌកម្ម​ខុស​ច្បាប់​របស់​ខ្លួន​លើ​អ៊ីរ៉ង់​មិន​ចាំបាច់​មាន​ការ​ចរចា​សម្រាប់​រឿង​នោះ​ទេ។ យើង​នឹង​ត្រឡប់​ទៅ​កាតព្វកិច្ច​របស់​យើង​វិញ នៅ​ពេល​ការ​ដាក់​ទណ្ឌកម្ម​ត្រូវ​បាន​ដក​ចេញ»។

លោក Khatibzadeh បាន​បន្ថែម​ទៀត​ថា៖ «ដោយ​ពិចារណា​លើ​សកម្មភាព និង​សេចក្ដី​ថ្លែងការណ៍​នាពេល​ថ្មីៗ​នេះ ដោយ​សហរដ្ឋ​អាមេរិក និង​អំណាច​អឺរ៉ុប​ចំនួន ៣ អ៊ីរ៉ង់​គិត​ថា ពេល​នេះ មិន​សមស្រប​សម្រាប់​បើក​ការ​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ជាមួយ​ប្រទេស​ទាំង​នេះ​ទេ»។

សេត​វិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ​ថា រដ្ឋបាល​លោក Joe Biden មាន​ការ​ខកចិត្ត​នឹង​ការ​សម្រេច​របស់​អ៊ីរ៉ង់​ក្នុង​ការ​បដិសេធ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​នៃ​កិច្ច​ព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​រួម​មាន​បារាំង អាល្លឺម៉ង់ អាមេរិក រុស្ស៊ី និង​ប្រទេស​ចិន។

អ្នក​នាំពាក្យ​សេតវិមាន ១ រូប បាន​ឱ្យ​ដឹង​ថា៖ «ខណៈ​ពេល​ដែល​យើង​ខកចិត្ត​ចំពោះ​ការ​ឆ្លើយ​តប​របស់​អ៊ីរ៉ង់​យើង​នៅ​តែ​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ការទូត ដើម្បី​ត្រឡប់​ទៅ​រក​ការ​គោរព​កាតព្វកិច្ច​នៃ JCPOA [ផែនការ​សកម្មភាព​រួម] ជាមួយ​គ្នា។ យើង​នឹង​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ P5+1 [សមាជិក​អចិន្រៃ្តយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ទាំង ៥ និង​អាល្លឺម៉ង់] របស់​យើង​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​មុខ»។

ផែនការ​សកម្មភាព​រួម​ឆ្នាំ ២០១៥ (JCPOA) ដែល​ត្រូវ​បាន​ចរចា​ដោយ​រដ្ឋបាល​ប្រធានាធិបតី Barrack Obama បាន​ដក​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស អ៊ីរ៉ង់ ​ដែល​បាន​ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់ចុះ និង​កាត់​បន្ថយ​ការ​នាំចេញ​ប្រេង​រហូត​ដល់​ពាក់​កណ្ដាល។ ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​អ៊ីរ៉ង់​បាន​ទទួល​យក​ដែន​កំណត់​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន រហូត​ដល់​ផុត​កំណត់​នៅ​ឆ្នាំ ២០២៥។

ការ​ដាក់​ទណ្ឌកម្ម​លើ​តេអេរ៉ង់​បាន​ធ្វើ​ឡើង​ដោយសារ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ជឿជាក់​ថា អ៊ីរ៉ង់​មាន​មហិច្ឆតា​បង្កើត​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្ដែ​ក្រុង​តេអេរ៉ង់​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។

កាល​ពី​ឆ្នាំ ២០១៨ លោក​ប្រធានាធិបតី Donald Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី JCPOA និង​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើង​វិញ ដោយ​លោក​បាន​និយាយ​ថា JCPOA គឺ​ជា «កិច្ច​ព្រមព្រៀង​អន់​បំផុត»។ ជា​ការ​ឆ្លើយ​តប​នឹង​សកម្មភាព​អាមេរិក អ៊ីរ៉ង់ បាន​ចាប់​ផ្ដើម​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​លើស​កម្រិត​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង ហើយ​ចាប់​ផ្ដើម​ការ​សាកល្បង​មីស៊ីល​ឡើង​វិញ។

ឥឡូវ​នេះ​លោក Biden បាន​បង្ហាញ​គោលបំណង​ចង់​ឱ្យ​អាមេរិក​ចូលរួម​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ។ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ទទូច​ថា ​ទីក្រុង​តេអេរ៉ង់ ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​ការ​អនុលោម​តាម​កិច្ច​ព្រមព្រៀង​ឱ្យ​ពេញ​លេញ​ជា​មុនសិន ខណៈ​ពេល​ដែល​អ៊ីរ៉ង់​និយាយ​ថា ការ​ចរចា​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ទណ្ឌកម្ម​ត្រូវ​បាន​ដកចេញ។

ភាព​ជាប់​គាំង​នេះ បាន​ជំរុញ​ឱ្យ​ប្រទេស​ហត្ថលេខី​នៅ​អឺរ៉ុប​នៃ​កិច្ច​ព្រមព្រៀង​នេះ ស្នើ​ឱ្យ​មាន​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​មួយ​ដែល​អាមេរិក​នឹង​ចូល​រួម​ក្នុង​នាម​ជា​ភ្ញៀវ​ហើយ​ភាគី​ទាំង ២ នឹង​ទទួល​បាន​ឱកាស​ចរចា​ជាមួយគ្នា​ដោយ​ផ្ទាល់។​

ក្រៅ​ពី​នេះ លោក Biden ក៏​ប្រឈម​នឹង​សម្ពាធ​ពី​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​ក្នុង​លិខិត​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ដដែល​បាន​ជំរុញ​មិន​ឱ្យ​លោក Biden ចូល​កិច្ច​ព្រមព្រៀង​នេះ​ទេ ដោយ​ពួក​គេ​គិត​ថា ​កិច្ច​ព្រមព្រៀង​នេះ​គឺ «ពោរពេញ​ទៅ​ដោយ​បញ្ហា» ហើយ​ជំរុញ​ឱ្យ​លោក​ធ្វើ​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន។

ក្នុង​លិខិត​នោះ ក្រុម​សមាជិក​ព្រឹទ្ធសភា​នេះ បាន​សរសេរ​ថា៖ «វិសាលភាព​នៃ​កិច្ច​ព្រមព្រៀង​ណាមួយ​ជាមួយ​អ៊ីរ៉ង់​ត្រូវ​តែ​ប្រឈម​មុខ​នឹង​សកម្មភាព​របស់​អ៊ីរ៉ង់​ដែល​រួមមាន​ភេរវកម្ម​ក្នុង​តំបន់​មីស៊ីល និង​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​អាមេរិក។

គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ដៃ​ជើង​របស់​អ៊ីរ៉ង់​គាំទ្រ​អំពើ​ឃោរឃៅ​ដែល​កំពុង​បន្ត​មាន​របស់ Assad នៅក្នុង​ប្រទេស​ស៊ីរី ការ​វាយប្រហារ​កងទ័ព ​និង​អ្នក​ការ​ទូត​របស់​យើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ច្រាន​ប្រទេស​លីបង់ ​រហូត​ជិត​ដួល​រលំ គំរាម​កំហែង​ដល់​ដៃគូ​របស់​យើង​អ៊ីស្រាអែល និង​ឈូង​សមុទ្រ នឹង​រួម​ចំណែក​ដល់​មហន្តរាយ​មនុស្សធម៌​ដ៏​ធំ​បំផុត​ក្នុង​ពិភព​លោក​នៅ​ក្នុង​ប្រទេស​យេម៉ែន»។

យ៉ាងណា​មិញ ការ​បដិសេធ​របស់​អ៊ីរ៉ង់​កើត​ឡើង ​ខណៈ​ភាព​តានតឹង​រវាង​ក្រុង​តេអេរ៉ង់ និង​វ៉ាស៊ីនតោន​កំពុង​កើន​ឡើង។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៥ កុម្ភៈ លោក Biden បាន​បញ្ជាការ​វាយ​ប្រហារ​ទៅ​លើ​អគារ​មួយ​ចំនួន​នៅ​ខាង​កើត​ប្រទេស​ស៊ីរី និង​ជិត​ព្រំដែន​អ៊ីរ៉ាក់ ដែល​អគារ​ទាំង​នេះ​គឺ​ប្រើប្រាស់​ដោយ​ក្រុម​ប្រដាប់​អាវុធ Kataib Hezbollah ដែល​មាន​ការ​គាំទ្រ​ពី​អ៊ីរ៉ង់។ ការ​វាយ​ប្រហារ​នេះ គឺ​ជា​ការ​ឆ្លើយតប​នឹង​ការ​វាយប្រហារ​ដោយ​រ៉ុក្កែត​នៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​មួយ​កាល​ពី​ថ្ងៃ ១៥ កុម្ភៈ ដែល​ធ្វើ​ឱ្យ​បុគ្គលិក​ស៊ីវិល ១ រូប​ស្លាប់ និង​ទាហាន​អាមេរិក​ច្រើន​នាក់​ទៀត​រងរបួស។

លោក Biden បាន​និយាយ​ថា ការ​វាយប្រហារ​នេះ​មាន​គោល​បំណង​ក្នុង​ការ​ផ្ញើ​សារ​ទៅ​អ៊ីរ៉ង់​ថា «អ្នក​មិន​អាច​ធ្វើ​សកម្មភាព​ដោយ​និទ្ទណ្ឌភាព​បាន​ទេ​សូម​ប្រុងប្រយត្ន័»៕