កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ​៩ មករា ប្រធានាធិបតី​អ៊ីរ៉ង់ ​លោក​ Hassan Rouhani បាន​ប្រកាស​ថា ​ក្រុមហ៊ុន​បរទេស​នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​កូវីដ ១៩ ​លើ​ប្រជាជន​អ៊ីរ៉ង់​ទេ​ ដែល​ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ​១ ​ថ្ងៃ​បន្ទាប់​ពី​មេ​ដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក​ Ayatollah Ali Khameni ធ្វើ​ការ​បិទ​ការ​នាំចូល​វ៉ាក់សាំង​ផលិត​ដោយ​សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស​។

«ក្រុមហ៊ុន​បរទេស​ចង់​ផ្ដល់​វ៉ាក់សាំង​ឱ្យ​យើង​ ដើម្បី​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​លើ​ប្រជាជន​អ៊ីរ៉ង់។ ប៉ុន្តែ​ក្រសួង​សុខាភិបាល​បាន​រារាំង​»។ លោក​ Rouhani បាន​និយាយ​បែប​នេះ ​​ក្នុង​ការ​ថ្លែង​សុន្ទរក​ថា ​ផ្សាយ​តាម​ទូរទស្សន៍​ហើយ​និយាយ​បន្ត​ថា៖ «ប្រជាជន​របស់​យើង​នឹង​មិន​ធ្វើ​ជា​ឧបករណ៍​សាកល្បង​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទេ​»។

លោក Rouhani បាន​និយាយ​​​បន្ថែម​ទៀត​ថា​៖ «យើង​នឹង​ទិញ​វ៉ាក់សាំង​បរទេស​ដែល​មាន​សុវត្ថិភាព​»។

ប្រធានាធិបតី​រូប​នេះ ​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ ឬ​ប្រទេស​ដើម​នៃ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បរទេស​ដែល​លោក​លើក​ឡើង​ក្នុង​​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​​នោះ​ទេ​។

ការ​ប្រកាស​របស់​លោក​ Rouhani គឺ​ហាក់​ដូចជា​ផ្ទុយ​ការ​ប្រកាស​របស់​ប្រទេស​គុយបា ដែល​​បាន​និយាយ​ថា​ ពួក​គេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​ដើម្បី​ផ្ទេរ​បច្ចេកវិទ្យា​វ៉ាក់សាំង​របស់​ពួក​គេ​ និង​ធ្វើ​ការ​សាកល្បង​ដំណាក់កាល​​ចុង​ក្រោយ​នៅ​ក្នុង​សាធារណរដ្ឋ​អ៊ីស្លាម​នេះ។

សារព័ត៌មាន​អ៊ីរ៉ង់​បាន​រាយការណ៍​ថា​ ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​នឹង​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ចំនួន ៥០ ០០០ នាក់ ដើម្បី​ធ្វើ​ការ​​សាកល្បង​ដំណាក់កាល​ទី​៣ នៃ​វ៉ាក់សាំង​ Soberana 2 (អធិបតេយ្យ ២) របស់​គុយបា​។

មេ​ដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Khameni ដែល​មាន​អំណាច​លំដាប់​ខ្ពស់​ក្នុង​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃ​សុក្រ​ទី ​៨ បាន​ចេញ​បញ្ជា​ហាម​ឃាត់​ការ​នាំ​ចូល​វ៉ាក់សាំង​ផលិត​ដោយ​អាមេរិក​ និង​អង់គ្លេស​ដោយ​លើក​ឡើង​ថា ​ប្រទេស​ទាំង ​២ ​នេះ​គឺ​ «មិន​អាច​ទុក​ចិត្ត​បាន» ហើយ​អាច​មាន​បំណង​ធ្វើ​ឱ្យ​មាន​​ការ​រាលដាល​ជំងឺ​កូវីដ ១៩ ​ទៅ​ប្រទេស​ផ្សេង​។

ក្នុង​ការ​ថ្លែង​សុន្ទរក​ថា ​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍​លោក Khameni បាន​និយាយ​ថា​៖ «ការ​នាំចូល​វ៉ាក់សាំង​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​ចូល​ក្នុង​ប្រទេស​គឺ​ត្រូវ​បាន​ហាម​ឃាត់​។ ពួក​គេ​គឺ​មិន​អាច​ទុក​ចិត្ត​បាន​ទេ។ ពួក​គេ​ទំនង​ចង់​បំពុល​ប្រទេស​ផ្សេង​»។

លោក​បាន​បន្ត​ទៀត​ថា​៖ «តាម​​បទពិសោធ​របស់​យើង​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​ឈាម​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ដោយ​បារាំង វ៉ាក់សាំង​បារាំង​ក៏​មិន​អាច​ទុក​ចិត្ត​ផង​ដែរ​»។ លោក​ Khameni គឺ​និយាយ​សំដៅ​ទៅ​រឿង​អាស្រូវ​ការ​ផ្គត់ផ្គង់​ឈាម​កខ្វក់​កាល​ពី​​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង ​១៩៩០​។

បន្ទាប់​មក លោក Khameni បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដដែល​នៅ​ក្នុង​ការ​បង្ហោះ​សារ​ទៅ​កាន់​បណ្ដាញ​សង្គម​ Twitter ដែល​ក្រោយ​មក​សារ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ Twitter លុប​ចោល​ដោយ​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា​ សារ​លោក​ Khameni ​បាន​​រំលោភ​លើ​គោលការណ៍​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​។

ការ​ប្រកាស​របស់​មេ​ដឹកនាំ​អ៊ីរ៉ង់​ទាំង ​២ រូប​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​មួយ​ចំនួន​កើត​ឡើង​ក្នុង​សប្ដាហ៍​មុន ដែល​បង្កើន​ភាព​តានតឹង​ជាមួយ​ប្រទេស​អាមេរិក​។ កាល​ពី​ថ្ងៃ​ចន្ទ​ទី ​៤ អ៊ីរ៉ង់​ បាន​ប្រកាស​ថា ​ពួក​គេ​បាន​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​ការ​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ដល់​កម្រិត​បរិសុទ្ធ​ ២០%​ ដែល​ហួស​​ពី​ដែន​កំណត់​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥​។

នៅ​ថ្ងៃ​ដដែល​កង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​បាន​រិបអូស​នាវា​ដឹក​សារធាតុ​គីមី​របស់​កូរ៉េ​ខាង​ត្បូង ​ដើម្បី​ធ្វើ​ការ​ចរចា​ការ​ដោះលែង​ប្រាក់​ទិញ​វ៉ាក់សាំង​របស់​ខ្លួន​ ដែល​ត្រូវ​បាន​បង្កក​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក​។ កាល​ពី​ថ្ងៃ​សុក្រ​ អ៊ីរ៉ង់​បាន​បង្ហាញ​​មូលដ្ឋាន​មីស៊ីល​ក្រោម​ដី​ នៅ​ឆ្នេរ​នៃ​ឈូង​សមុទ្រ​ពែរ្ស​។

អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​ សកម្មភាព​ទាំង​នេះ​ គឺ​បង្ហាញ​ថា ​អ៊ីរ៉ង់​មាន​បំណង​ជំរុញ​ឱ្យ​ប្រធានាធិបតី​ជាប់​ឆ្នោត ​Joe Biden ដែល​នឹង​ចូល​កាន់​អំណាច​នៅ​ថ្ងៃ ​២០ ខែ​មករា ដក​ទណ្ឌកម្ម​របស់​ប្រធានាធិបតី Donald Trump ចេញ​ជា​បន្ទាន់​​ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

លោក​ Biden និយាយ​ថា​ ពេល​ដែល​លោក​ចូល​កាន់​អំណាច​រដ្ឋបាល​លោក​នឹង​ធ្វើ​ការ​ចរចា ​ដើម្បី​ស្ដារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​។ ក្នុង​ការ​ថ្លែង​សុន្ទរកថា​ខាង​លើ​ លោក Khmeni ក៏​បាន​និយាយ​ថា​ ក្រុង​តេអេរ៉ង់​មិន​ប្រញាប់ប្រញាល់​ចូល​​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក​ឡើង​វិញ​ទេ ប៉ុន្តែ​លោក​បាន​បន្ត​ធ្វើ​ការ​ទាមទារ​ឱ្យ​ដក​ការ​​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​របស់​លោក​ជា​បន្ទាន់​។

ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក​បាន​កើត​ឡើង​ជា​ថ្មី​កាល​ពី​ដើម​ឆ្នាំ ​២០១៨ បន្ទាប់​ពី​រដ្ឋបាល​លោក​ Trump បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥ ហើយ​ធ្វើ​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុង​តេអេរ៉ង់​ឡើង​វិញ​ ដើម្បី​ដាក់​សម្ពាធ​អ៊ីរ៉ង់​ឱ្យ​ចរចា​រឹត​បន្តឹង​ លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ការ​អភិវឌ្ឍ​កម្មវិធី​មីស៊ីល​ និង​​ការ​ប្រើប្រាស់​កងកម្លាំង​ប្រូក​ស៊ី​នៅ​ក្នុង​តំបន់​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ភាព​តានតឹង​រវាង​ប្រទេស​ទាំង ​២ កាន់​តែ​កើន​ឡើង​​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​​បន្តបន្ទាប់​ក្នុង​យុទ្ធនាការ​ «សម្ពាធ​អតិបរមា​» របស់​ក្រសួង​​ការ​បរទេស​អាមេរិក​។ ភាព​តានតឹង​ឈាន​​ដល់​ចំណុច​កំពូល​នៅ​ពេល​​ដែល​អាមេរិក​បាន​សម្លាប់​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍ ១ ​រូប ​លោក Qasem Solei mani កាល​ពី​ដើម​ឆ្នាំ ​២០២០ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​៕