ក្រុងតេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃពុធថា ខ្លួននឹងមិនអត់ឱនឱ្យ «ក្រុមភេរវករ» នៅជិតព្រំដែនរបស់ខ្លួន ជាមួយប្រទេសអាស៊ែបៃហ្សង់ ក្រោយពីប្រទេសបារាំង និងរុស្ស៊ី បានព្រមានជុំវិញការដាក់ពង្រាយក្រុមសកម្មប្រយុទ្ធស៊ីរី នៅក្នុងជម្លោះតំបន់ការ៉ាបាក់ហ៍នោះ។
ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រូហានី បានថ្លែងហើយត្រូវបានគេដកស្រង់សម្តីបានចេញផ្សាយតាមទូរទស្សន៍រដ្ឋថា៖ «វាមិនអាចទទួលយកបានជាដាច់ខាតសម្រាប់ពួកយើង ដែលមនុស្សមួយចំនួនចង់បញ្ជូនក្រុមភេរវករ ចេញពីប្រទេសស៊ីរី និងពីកន្លែងផ្សេងទៀត ទៅតំបន់ជម្លោះនៅជិតព្រំដែនរបស់យើង»។
ព្រំដែនអ៊ីរ៉ង់ជាប់ជាមួយតំបន់របស់អាស៊ែបៃហ្សង់ បានគ្រប់គ្រងដោយប្រទេសអាមេនី នៅជិតតំបន់ជម្លោះណាហ្គូរណូ និងការ៉ាបាក់ហ៍ ដែលត្រូវបានគេមើលឃើញថា កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅឡើយ។
ប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានជាប់គាំងអស់ជាច្រើនទសវត្សរ៍ នៅក្នុងជម្លោះមួយជុំវិញតំបន់ណាហ្គូរណូ និងការ៉ាបាក់ហ៍ ដែលជាតំបន់ក្រុមកុលសម្ព័ន្ធអាមេនី ដែលបានបំបែកខ្លួនចេញពីទីក្រុងបាគូ នៅក្នុងសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ ១៩៩០ ដែលបានផ្តាច់ជីវិតមនុស្សប្រហែល ៣ ម៉ឺននាក់។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងកាលពីថ្ងៃទី ២៧ ខែកញ្ញា នៅក្នុងជម្លោះមួយ ក្នុងចំណោមជម្លោះប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុត ដែលពួកគេបានផ្តាច់ខ្លួនចេញពីការដួលរលំរបស់អតីតសហភាពសូវៀតនោះ៕ AFP/SK