ក្រុង​តេអេរ៉ង់៖ ​ប្រទេស​អ៊ីរ៉ង់​បាន​ព្រមាន​កាល​ពី​ថ្ងៃ​សៅរ៍​ ប្រឆាំង​រាល់​ការ ​«​ឈ្លាន​ពាន​» ​ណា​មួយ​ ដោយ​ប្រទេស​​អាមេនី ​និង​កង​កម្លាំង​អាស៊ែបៃហ្សង់ ​ដែល​បាន​ប្រយុទ្ធ​គ្នា​ ជុំវិញ​តំបន់​​ជម្លោះ​ណាហ្គូរណូ​ ​និង​ការ៉ាបាក់ហ៍​ ក្រោយ​ពី​មាន​ការ​បាញ់​កាំ​ភ្លើង​ត្បាល់​ ទៅ​លើ​ភូមិ​អ៊ីរ៉ង់​មួយ​ចំនួន​ នៅ​តាម​បណ្តោយ​ព្រំដែន​។​

អ្នក​នាំ​ពាក្យ​រដ្ឋមន្ត្រី​ការ​បរទេស​ គឺ​លោក ​សាអ៊ីដ​ ហ្គាទីបហ្សាដេហ៍​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «ការ​ឈ្លាន​ពាន​ណា​មួយ​ ទៅ​លើ​ទឹក​ដី​របស់​ប្រទេស​យើង​របស់​​ភាគី​ជម្លោះ​ណា​មួយ​នោះ​ គឺ​មិន​អាច​អត់​ឱន​ឲ្យ​បាន​ជា​ដាច់​ខាត ​ហើយ​យើង​សូម​ព្រមាន​យ៉ាង​ដាច់​អហង្ការ​ថា​ គ្រប់​ភាគី​ទាំង​អស់​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ចាំបាច់​ចំពោះ​បញ្ហា​នេះ​»​។​

លោក​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ រវាង​ប្រទេស​ទាំង ​២​ ហើយ​បាន​និយាយ​ថា ​ប្រទេស​អ៊ីរ៉ង់​ បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ ដើម្បី​សម្រួល​ឲ្យ​មាន​កិច្ច​ពិភាក្សា​ទាំង​នេះ​។​

ប្រទេស​អាមេនី​ និង​អាស៊ែបៃហ្សង់​ បាន​ជាប់​គាំង​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ នៅ​ក្នុង​ជម្លោះ​មួយ​ ជុំវិញ​តំបន់​ណាហ្គូរណូ​ និង​ការ៉ាបាក់ហ៍​ ​ជា​តំបន់​កុល​សម្ព័ន្ធ​អាមេនី​មួយ​ ​របស់​ប្រទេស​អាស៊ែ​បៃ​ហ្សង់​ ​ដែល​បាន​បំបែក​ខ្លួន​ចេញ​ពី​ទីក្រុង​បាគូ​ នៅ​ក្នុង​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ ​១៩៩០​ ដែល​កន្លង​ទៅ​បាន​ផ្តាច់​ជីវិត​មនុស្ស​ ប្រហែល​ ៣០ ០០០ ​នាក់។​

ភាគី​ទាំង ​២​ បាន​ផ្គើន​ទៅ​នឹង​ ការ​អំពាវ​នាវ​របស់​អន្តរ​ជាតិ​ឲ្យ​មាន​បទ​ឈប់​បាញ់ ​១​ ហើយ​បាន​ចោទ​ប្រកាន់​ភាគី​ផ្សេង​ទៀត​ ពី​បទ​ចាប់​ផ្តើម​បើក​ការ​វាយ​ប្រហារ​ថ្មី​ ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​៕ AFP/SK