ក្រុង​តេអេរ៉ង់៖ ​ប្រទេស​អ៊ីរ៉ង់ ​កំពុង​ឃ្លាំ​មើល​ការ​វិវឌ្ឍ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​លីបង់​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ដោយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ឥទ្ធិពល​ណា​មួយ​ ដែល​ទទួល​បាន​ដោយ​លំបាក​របស់​ខ្លួន​ ក្រោយ​ពី​ការ​ផ្ទុះ​ទ្រង់ទ្រាយ​ធំ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​នៅ​ក្នុង​ទីក្រុង​បេរូត​ បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុល្យភាព​ទន់​ខ្សោយ​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​នេះ​។​

១ សប្តាហ៍​ ក្រោយ​ពី​ការ​ផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុគីមី​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​នៅ​ទូទាំង​រដ្ឋធានី​លីបង់​ ជា​ប្រទេស​សំខាន់​មួយ​នៅ​មហា​សមុទ្រ​មេឌីទែរ៉ាណេ​ភាគ​ខាង​កើត ​នៅ​តែ​ងាយ​ទទួល​រង​ការ​ប៉ះពាល់​​។​

ប្រជាជន​លីបង់​បាន​នាំ​គ្នា​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ ជុំវិញ​មហន្តរាយ​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ​១៥៨ ​នាក់​ និង ​៦ ០០០ ​នាក់​ផ្សេង​ទៀត​រងរបួស ​ដោយ​ពួក​គេ​​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ និង​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​ នៅ​ក្នុង​ប្រទេស​លីបង់​។​

កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ លោក​នាយក​រដ្ឋមន្ត្រី ​ហាស្សាន​ ឌៀប​ បាន​ប្រកាស​អំពី​ការ​លាលែង​ពី​តំណែង​របស់​រដ្ឋាភិបាល​លោក​ ដោយ​បាន​បង្ក​ឲ្យ​មាន​ចលាចល​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​ខាង​មុខ​នេះ​។​

ខណៈ​អ្នក​តវ៉ា​ខ្លះ​ បាន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​ចលនា​ហេបូឡាហ៍​ស៊ីអ៊ីត​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដ៏​មាន​អំណាច​នៅ​លីបង់​ ពួក​គេ​​ភាគ​ច្រើន​បាន​បង្ហាញ​​ឲ្យ​ឃើញ​កំហឹង​​របស់​​ពួក​គេ​ ប្រឆាំង​នឹង​មេ​ដឹកនាំ​គ្រប់គ្រង​អំណាច​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​អសមត្ថភាព​​បង្ក​​​ឲ្យ​មាន​សោកនាដកម្ម​​កាល​ពី​ថ្ងៃទី ​៤ ​ខែ​សីហា​៕ AFP/SK