ក្រុងតេអេរ៉ង់ៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក មូស្តាហ្វា មូហាំមេដ ណាចរចា បានចោទប្រកាន់កាលពីថ្ងៃសុក្រ ទី១៧ ធ្នូ ថា ទីភ្នាក់ងារចារកម្មកណ្តាលអាមេរិក (ស៊ី.អាយ.អេ.) ជាប់ពាក់ព័ន្ធនៅក្នុងការដាក់គ្រាប់បែកអត្តឃាតនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ដែលសម្លាប់មនុស្សអស់ ៣៦នាក់។
លោក ណាចរចា ត្រូវបានគេហទំព័រទូរទស្សន៍រដ្ឋ ដកស្រង់សម្តីដែលបានថ្លែងថា៖ «តាមការត្រួតពិនិត្យលើសម្ភារៈដែលទទួលបានពីក្រុមភេរវកម្មនៅក្នុងឧក្រិដ្ឋកម្ម នេះ ក្រសួងបានយល់ច្បាស់ថា ស៊ី.អាយ.អេ និងទីភ្នាក់ងារចារកម្មដទៃ បានចូលរួម» តែលោកមិនបានលម្អិតទេ។
ក្នុងពេលជាមួយនោះដែរ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡះ អាលី ខាមេណី បានចោទប្រកាន់លោកខាងលិចថាបានធ្វើការងារដើម្បីបំបែកបំបាក់ពិភពមូស្លីម។ លោកថ្លែងថា៖ «ប្រជាជនដឹងពីបំណងត្រូវ។ ពួកគេដឹងថា បស្ចិមប្រទេសមិនចង់ឲ្យពិភពមូស្លីមមានអធិបតេយ្យភាពទេ»៕ DT