ក្រុង​តេអេរ៉ង់៖ ​ប្រធានាធិបតី​អ៊ីរ៉ង់ ​លោក​ ហាស្សាន​ រូ​ហានី​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ «​ថវិកា​សម្រាប់​ទប់ទល់​» ​ប្រឆាំង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ ដែល​មាន​គោលដៅ​ទៅ​លើ​វិស័យ​ប្រេង​ដ៏​សំខាន់​របស់​ប្រទេស​មួយ​នេះ​ដែល​បាន​គាំទ្រ​ដោយ​ការ​វិនិយោគ​របស់​ប្រទេស រុស្ស៊ី ​ចំនួន ​៥ ពាន់​លាន​ដុល្លារ​។​

លោក​ ហាស្សាន​ រូ​ហា​នី​ បាន​ថ្លែង​ថា​ គោលដៅ​ត្រូវ​បាន​កាត់​បន្ថយ ​«​ទុក្ខ​លំបាក​នានា​» ​នៅ​ក្នុង​សាធារណរដ្ឋ​អ៊ិស្លាម​ដែល​បាន​ដំឡើង​ថ្លៃ​ប្រេង​ខ្ពស់​កាល​ពី​ខែ​មុន​ បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​អស់​ជា​ច្រើន​នាក់​នៅ​​អ៊ីរ៉ង់​។​

ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៨ ​នៅ​ក្នុង​ជម្លោះ​ដ៏​ជូរ​ចត់​មួយ​បាន​ផ្តោត​ទៅ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ នៅ​ក្នុង​នោះ​មាន​ការ​ហាម​ប្រាម​ទៅ​លើ​វិស័យ​លក់​ប្រេង​ឥន្ធនៈ​ ដែល​ក្រុង​វ៉ាស៊ីនតោន​ មាន​គោល​បំណង​ចង់​កាត់​បន្ថយ​ឲ្យ​នៅ​ត្រឹម​សូន្យ ទាំង​ស្រុង​​នៅ​ក្នុង​យុទ្ធនាការ «ដាក់​សម្ពាធ​អតិបរមា​»។​

ប្រទេស ​អ៊ីរ៉ង់ ​បាន​ទទួល​ការ​ឈឺ​ចាប់​ដោយសារ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយ​មាន​រូបិយវត្ថុ​ធ្លាក់​ចុះ ​ដែល​បាន​ធ្វើ​ឲ្យ​អតិផរណា​ឡើង​ខ្ពស់​ និង​ជំរុញ​ឲ្យ​មាន​ការ​នាំចូល​​។​

ក្រុម​សមាជិក​សភា​អុីរ៉ង់ ចូលរួម​គាំទ្រសេចក្តី​ថ្លែង​ការណ៍​របស់​ប្រធានាធិបតី​អំពី​ថវិកា​ឆ្នាំ ២០២០។ AFP

លោក​ ហាស្សាន​ រូ​ហានី ​បាន​ថ្លែង​ប្រាប់​សភា​ថា​ ថវិកា​ចំនួន ​៣៦ ​ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជួយ​ដល់​ប្រជាជន​អ៊ីរ៉ង់​ដែល​មាន​ទុក្ខ​លំបាក​នៅ​ក្នុង​ប្រទេស​។​

លោក ​រូហានី​ បាន​ថ្លែង​ថា​៖ «យើង​បាន​ដឹង​ថា​ ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​នៃ​ការ​ដាក់​ទណ្ឌកម្ម ​និង​សម្ពាធ​នោះ​ ប្រជាជន​អ៊ីរ៉ង់​គឺ​មាន​ផល​លំបាក​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ជីវភាព​រស់នៅ​របស់​ពួក​គេ​។ ​យើង​បាន​ដឹង​ថា ​ការ​ទិញ​ថាមពល​របស់​ប្រជាជន​អ៊ីរ៉ង់ ​បាន​ធ្លាក់​ចុះ​»​។​

លោក ​រូហានី​ បាន​ថ្លែង​ថា ​ថវិកា​អាច​ទទួល​​បាន​ប្រាក់​ចំណេញ​ពី ​«​ការ​វិនិយោគ» ចំនួន ​៥ ពាន់​លាន​ដុល្លារ​ ពី​ប្រទេស ​រុស្ស៊ី​ ដែល​​សភា​កំពុង​ប្រជុំ​ពិភាក្សា​ជា​លើក​ចុង​ក្រោយ​។​

លោក​បាន​ថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា​ ទឹក​ប្រាក់​ចំនួន ៥ ពាន់​លាន​ដុល្លារ ​នឹង​មក​ដល់​ប្រទេស ​អ៊ីរ៉ង់​ តាមរយៈ​គម្រោង​ផ្សេងៗ​ដែល​ត្រូវ​បាន​ប្រជុំ​សភា​ជា​លើក​ចុង​ក្រោយ​ ឬ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ ​២០២០ ​ខាង​មុខ​នេះ​»​។​

ប្រទេស ​អ៊ីរ៉ង់ ​និង​រុស្ស៊ី ​បាន​ពង្រឹង​ចំណង​ទាក់ទង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ដោយ​ប្រទេស​ទាំង ​២ ​បាន​គាំទ្រ​ប្រធានាធិបតី​ស៊ីរី​លោក បាសារ ​អាល់​-អាសាដ ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​រយៈពេល ​៨ ​ឆ្នាំ ​នៅ​ប្រទេស ​ស៊ីរី​៕ AFP/SK