ក្រុង​តេអេរ៉ង់ៈ ​ប្រទេស​ អ៊ីរ៉ង់ ​បាន​បដិសេធ​ការ​អះអាង​មួយ ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​តួកគី​ថា​ ​ខ្លួន​មិន​បាន​​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​រួមគ្នា​​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​បាន​យក​ក្រុម​ឧទ្ទាម ឃើដ​នៅ​តំបន់​ព្រំដែន​ជា​គោលដៅ​។​

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ក្រុង​អង់ការ៉ា ​បាន​លើក​ឡើង​អំពី​ទស្សន​វិស័យ​ នៃ​សកម្មភាព​យោធា​រួម​ជា​មួយ​ក្រុង​តេអេរ៉ង់​​ប្រឆាំង​គណបក្ស​ពលករ​ឃើដ ​(PKK)​​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ ប៉ុន្តែ​ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ចន្ទ​ជា​លើក​ដំបូង​ហើយ ​ដែល​ខ្លួន​បាន​និយាយ​​អំពី​ប្រតិបត្តិការ​រួម​មួយ ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឡើង​។​

ទី​ភ្នាក់ងារ​សារ​ព័ត៌មាន ​IRNA ផ្លូវការ​បាន​ដក​ស្រង់​សម្តី​​ប្រភព​មួយ​នៅ​ក្នុង​អគ្គសេនាធិការ​​ចម្រុះ​​» ដោយ​បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា​៖ «​កង​កម្លាំង​របស់​អ៊ីរ៉ង់​គ្មាន​តួនាទី​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ទេ​»​។​

ប្រភព​នោះ​បាន​បន្ថែម​ថា ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​អ៊ីរ៉ង់​ «​នឹង​ទប់ទល់​​ជា​មួយ​ក្រុម​ណា​មួយ​ដែល​ចង់​​បង្ក​​ភាព​ចលាចល​នៅ​លើ​ទឹក​ដី​ប្រទេស​របស់​ពួក​យើង​»​។​

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ​រដ្ឋមន្ត្រី​ មហា​ផ្ទៃ​តួកគី ​លោក​ Suleyman Soylu​ បាន​ថ្លែង​ថា​៖ «​យើង​​ចាប់​ផ្តើម​ចូល​រួម​ប្រតិបត្តិការ​មួយ​ជា​មួយ​អ៊ីរ៉ង់​ប្រឆាំង​ក្រុម​ PKK ​នៅ​តាម​ព្រំដែន​ភាគ​ខាង​កើត​របស់​យើង​»​។​

សហ​មេដឹកនាំនៃគណបក្ស​​ប្រជាធិបតេយ្យ​គាំទ្រ​ប្រជាជនឃើដ ​(HDP) ចូល​បុណ្យ​សពសកម្មជ​ន​ឃើដ។ AFP

លោក​ Soylu​ មិន​បាន​បញ្ជាក់​អំពី​ប្រតិបត្តិការ​រួម​គ្រោង​ធ្វើ​ឡើង​នៅ​កន្លែង​ណា​នៅ​ឡើយ​ទេ ​ប៉ុន្តែ​ ប្រធានាធិបតី​តួកគី លោក​ ​រ៉េសិប​ តៃយីប ​អេរដូហ្គែន ​បាន​ថ្លែង​កាល​ពី​ពេល​កន្លង​ទៅ​ថា​ សកម្មភាព​យោធា​រួម​នឹង​ផ្តោត​ទៅ​លើ​មូលដ្ឋាន​ចុង​ក្រោយ​របស់​ PKK​ នៅ​ប្រទេស​ អ៊ីរ៉ាក់ ​នៅ​ក្បែរ​កន្លែង​ព្រំដែន​ប្រសព្វ​គ្នា​របស់​ប្រទេស​ទាំង ​៣ ​នោះ​។​

យោធា​តួកគី​ បាន​បើក​យុទ្ធនាការ​វាយ​ប្រហារ​ម្តង​ហើយ​ម្តង​ទៀត​ប្រឆាំង​នឹង​កង​កម្លាំង​ PKK​ នៅ​ជួរ​ភ្នំ​អ៊ីរ៉ាក់​ភាគ​ខាង​ជើង​ជា​គោលដៅ​នៅ​អំឡុង​ពេល​យុទ្ធនាការ​វាយ​លុក​អស់​រយៈពេល​ជាង ​៣ ​ទសវត្សរ៍​របស់​ខ្លួន​ ដើម្បី​កម្ទេច​យុទ្ធនាការ​របស់​ក្រុម​ឧទ្ទាម​គ្រប់គ្រង​ដោយ​​ឃើដ​ នៅ​ក្នុង​ប្រទេស ​តួកគី ​ភាគ​អាគ្នេយ៍​។​

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ក្រុង​តេអេរ៉ង់ ​បាន​បើក​ប្រតិបត្តិការ​យ៉ាង​ច្រើន ​នៅ​អ៊ីរ៉ាក់​ភាគ​ខាង​ជើង​ប្រឆាំង​នឹង​មូលដ្ឋាន​ចុង​ក្រោយ​គួរ​ឲ្យ​សង្ស័យ​របស់​ក្រុម​សម្ព័ន្ធមិត្ត​មាន​ទំនាក់ទំនង​ជា​មួយ​អ៊ីរ៉ង់​ឃើដ​ ដែល​ជា​គណបក្ស​សេរីភាព​ឃើដ​ (PJAK)។​

ប៉ូលិសប្រឆាំងកុបកម្មតួកគី​ប្រើកាណុ​ងបាញ់ទឹក ដើម្បីបំបែក​​ក្រុមអ្នកតវ៉ា​ក្នុងអំឡុង​បុណ្យ​សព​សកម្ម​ជនឃើដ​។ AFP

PJAK ​គឺ​ជា​ក្រុម​ឧទ្ទាម​មួយ​នៅ​ក្នុង​ចំណោម​ឧទ្ទាម​ឃើដ ​ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ង់ ​នៅ​ក្នុង​ស្រុក​ជនជាតិ​ភាគ​តិច​ឃើដ​នៅ​តាម​បណ្តោយ​ព្រំដែន​។​

សម្ព័ន្ធមិត្ត ​PKK​ ផ្សេង​ទៀត​ ជា​អង្គភាព​ការពារ​ប្រជាជន ​(YPG) ​គឺ​ជា​ក្រុម​ប្រដាប់​អាវុធ​ឃើដ​ដ៏​សំខាន់​នៅ​ស៊ីរី​ ​ដែល​ជា​កន្លែង​ប្រព្រឹត្ត​អំពើ​យ៉ាង​ឃោរឃៅ​របស់​ក្រុង​អង់ការ៉ា​ និង​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​នៅ ក្នុង​​យុទ្ធនាការ​ដឹកនាំ​ដោយ​អាមេរិក ​ប្រឆាំង​ក្រុម ​IS នៅ ពេល​បច្ចុប្បន្ន​នេះ​៕ AFP/SK ​