ក្រុង​បាក​ដាដៈ ​ប្រទេស​អ៊ី​រ៉ាក់ ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ ដែល​បាន​បង្ក​ឲ្យ​មន្ត្រី​​អ៊ី​រ៉ាក់​ ២​ នាក់​ស្លាប់ ​និង​ទាហាន​ម្នាក់​ នៅ​ក្នុង​តំបន់​ពាក់​កណ្តាល​ស្វ័យ​យ័ត​ឃើដ​ឌីស្ថាន នៅ​ប្រទេស​អ៊ី​រ៉ាក់​ភាគ​ខាង​ជើង​។​

​ការិយា​ល័យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ប្រធា​នា​ធិប​តី​អ៊ី​រ៉ាក់​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «​យើង​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រទេស​តួក​គី​ តាម​រយៈ​យន្ត​ហោះ​ចម្បាំង​មួយ​គ្រឿង​ ដែល​បាន​កំណត់​គោល​ដៅ​ទៅ​លើ​ តំបន់​ស៊ីឌី​កាន់​ នៅ​ក្នុង​តំបន់​ឃើដ​ឌី​ស្ថាន​»​។​

សេចក្តី​ថ្លែង​ការណ៍​នោះ​ បាន​អំពាវ​នាវ​ឲ្យ​បញ្ចប់ ​ការ​វាយ​ប្រហារ​បែប​នេះ​ជា​បន្ទាន់​មួយ​ ដោយ​បាន​បន្ថែម​ថា​ភាគី​ទាំង​ ២​ គួរ​អង្គុយ​តុ​ចរចា​ជា​មួយ​គ្នា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ដោយ​មធ្យោ​បាយ​សន្តិ​វិធី ​និង​នៅ​ក្នុង​ឥរិយា​បទ​មួយ​ ដែល​រក្សា​សន្តិ​សុខ​និង​ស្ថិរ​ភាព​ក្នុង​តំបន់​។​

ចំណែក​ឯ​ លោក ​តាហ៍​ស៊ីន​ អាល់-​ហ្គាហ្វាជី​ ជា​អ្នក​នាំ​ពាក្យ​ទី​បញ្ជា​ការ​ប្រតិបត្តិ្កការ​រួម​អ៊ី​រ៉ាក់ ​(JOC)​ បាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ថា​៖ «​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ​ គឺ​ជា​ការ​វាយ​ប្រហារ​របស់​តួក​គី​មួយ​ តាម​រយៈ​យន្ត​ហោះ​ដ្រូន​មួយ​គ្រឿង​ ដែល​ជា​ការ​អនុវត្ត​ដ៏​គ្រោះ​ថ្នាក់​មួយ​»៕​ Xinhua/SK