ប្រទេស​អ៊ីស្រាអែល បាន​យល់ព្រម​ផ្ទេរ​វ៉ាក់សាំង​កូវីដ ១៩ ចំនួន ៥ ០០០ ដូស ​ទៅ​ឱ្យ​ប្រទេស​ប៉ាឡេស្ទីន ​ដើម្បី​ផ្ដល់​ដល់​បុគ្គលិក​សុខាភិបាល​ជួរ​មុខ។ នេះ​បើតាម​ការ​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ ទី ៣១ ខែ​មករា ដោយ​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Benny Gantz។

នេះ​គឺជា​លើកដំបូង​ហើយ​ដែល​អ៊ីស្រា​អែល បានបញ្ជាក់​ពី​ការផ្ទេរ​វ៉ាក់សាំង​ទៅឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ដែល​មិនទាន់​បានទទួល​វ៉ាក់សាំង​ណាមួយ​នៅឡើយ។ អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន គឺ​កំពុង​ព្យាយាម ដើម្បី​ទទួលបាន​នូវ​វ៉ាក់សាំង​តាមរយៈ​កម្មវិធី​ COVAX របស់​អង្គការ​សុខភាព​ពិភពលោក។ ប៉ុន្តែ​កម្មវិធី​ COVAX ដែលមាន​គោលបំណង​ដើម្បី​ផ្ដល់​វ៉ាក់សាំង​សម្រាប់​ប្រទេស​ខ្វះ​សមត្ថភាព​ទិញ មាន​ភាពយឺតយ៉ាវ​ក្នុងការ​ចាប់ផ្ដើម​ទិញយក និង​ចែកចាយ​វ៉ាក់សាំង​នៅឡើយ៕