ក្រុង​ហ៊្សេរុយសាឡិម៖ ​ប្រទេស ​អ៊ីស្រាអែល​ បាន​ថ្លែង​ថា​ យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​របស់​ខ្លួន​ បាន​បើក​ការ​វាយ​ប្រហារ​ប្រឆាំង​ទៅ​លើ​គោលដៅ​របស់​កងកម្លាំង​អ៊ីរ៉ង់ ​និង​យោធា​ស៊ីរី​នៅ​ប្រទេស ​ស៊ីរី ​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​រាយការណ៍​ថា​ មនុស្ស​យ៉ាង​តិច ​២៣ ​នាក់​បាន​ស្លាប់​​។​

នៅ​ក្នុង​ការ​អះអាង​ដ៏​កម្រ​មួយ​អំពី​ប្រតិបត្តិ​ការ​របស់​ពួក​គេ​នៅ​ប្រទេស ​ស៊ីរី​ យោធា​អ៊ីស្រាអែល​បាន​ថ្លែង​ថា​ ពួក​គេ​បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​រាប់​សិប​លើក​ទៅ​លើ​កងកម្លាំង​អ៊ីរ៉ង់ ​និង​យោធា​ស៊ីរី​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​រ៉ុក្កែត ​៤ ​គ្រាប់ ​បាន​បាញ់​ទៅ​អ៊ីស្រាអែល​មុន ​១ ​ថ្ងៃ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ​(SOHR) ​បាន​ថ្លែង​ថា​ មនុស្ស ​២៣ ​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ នៅ​ក្នុង​នោះ​មាន​​យុទ្ធជន ​២១ ​នាក់ ​និង​ជន​ស៊ីវិល ​២ ​នាក់​។​

ប្រមុខ​ក្រុម​សិទ្ធិ​មនុស្ស​លោក​ រ៉ាមីអាប់ឌែល​ រ៉ាហ៍ម៉ាន់ ​បាន​ថ្លែង​ថា​ ១៦ នាក់ ​មិនមែន​ជា​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​ស៊ីរី​នោះ​ទេ​។​

ប្រទេស ​អ៊ីរ៉ង់ បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​របស់​ប្រធានាធិបតី​ស៊ីរី​លោក​ បាសារ​ អាល់​ អាសាដ ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​រយៈពេល ​៨​ ឆ្នាំ​របស់​ប្រទេស​នេះ​ ដោយ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​អ៊ីស្រាអែល​ចំពោះ​​វត្តមាន​កងកម្លាំង​របស់​គូ​សត្រូវ​ស្លាប់​រស់​នៅ​តាម​ព្រំដែន​ប្រទេស​របស់​ខ្លួន​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេនចាមីន​ នេតានីយ៉ាហ៊ូ​ បាន​ថ្លែង​ថា៖ ​«នរណា​ក៏​ដោយ​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​នោះ​​ យើង​នឹង​ធ្វើ​ឲ្យ​គេ​នោះ​ឈឺ​ចាប់​វិញ​»​។​

«​នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​វាយ​ប្រហារ​នៅ​ពេល​យប់​ ទៅ​លើ​គោលដៅ​យោធា​របស់​កងកម្លាំង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់ ​និង​គោលដៅ​យោធា​ស៊ីរី​នៅ​ប្រទេស ​ស៊ីរី​ ក្រោយ​ពី​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ បាន​បាញ់​ទៅ​លើ​ប្រទេស ​អ៊ីស្រាអែល ​នោះ​»​។​

យោធា​អ៊ីស្រាអែល​បាន​ថ្លែង​ថា​ ពួក​គេ​បាន​កំណត់​គោលដៅ​ទៅ​លើ​ទីតាំង​យោធា​ប្រហែល ​១២ ​កន្លែង​ នៅ​ក្នុង​នោះ​មាន​ឃ្លាំង ​និង​មជ្ឈមណ្ឌល​ទីបញ្ជា​ការ​យោ​ធា​ជា​​ច្រើន​ទៀត។​

អ្នក​នាំ​ពាក្យ​យោធា​អ៊ីស្រាអែល​​បាន​ប្រាប់ ​AFP ​ថា៖ ​«​ការ​វាយ​ប្រហារ​​នោះ​ ពិត​ជា​ខ្លាំង​ណាស់​»​៕ AFP/SK