កាលពីថ្ងៃសៅរ៍ ទី ១៦ ឧសភា កងទ័ពអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដោយកម្ទេចអគារមួយនៅទីក្រុងហ្គាហ្សា ដែលត្រូវបានគេរិះគន់ថា ជាការវាយប្រហារទៅលើសេរីភាពសារព័ត៌មាន។
គួរបញ្ជាក់ផងដែរថា នៅក្នុងអគារនោះមានទីស្នាក់ការការិយាល័យរបស់សារព័ត៌មាន Associated Press និង Al Jazeera។
សេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថាអគារនោះមានផ្ទុកទ្រព្យសម្បត្តិយោធាដែលជាកម្មសិទ្ធិរបស់ការិយាល័យស៊ើបការណ៍សម្ងាត់របស់ក្រុមហាម៉ាស។
ហាម៉ាសគឺជាក្រុមសកម្មប្រយុទ្ធគណបក្សនយោបាយអ៊ិស្លាមនិយម ដែលត្រូវបានចាត់ទុកថាជាអង្គការភេរវជនមួយដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា មុនពេលមានការទម្លាក់គ្រាប់បែកIDF បានផ្តល់ដំណឹងជាមុនដល់ប្រជាជនស៊ីវិលនៅក្នុងអគារ និងអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគេជម្លៀសចេញពីកន្លែងនោះ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា អគារនោះត្រូវបានប្រើប្រាស់ដោយចារកម្មយោធាហាម៉ាស។ការលើកឡើងរបស់ IDF និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលមិនបានផ្តល់ភស្តុតាង ដើម្បីគាំទ្រការអះអាងថា ក្រុមហាម៉ាសប្រើប្រាស់អគារនោះជាកន្លែងសម្ងាត់នោះទេ។
លោក MostefaSouag អគ្គនាយកស្តីទីនៃបណ្តាញសារព័ត៌មាន Al Jazeera បានពណ៌នា ការទម្លាក់គ្រាប់បែកនេះថាជាការរំលោភសិទ្ធិមនុស្ស និងបទល្មើសសង្គ្រាម ដោយអំពាវ នាវសហគមន៍អន្តរជាតិថ្កោលទោសការវាយប្រហារនេះ។ នេះបើយោងតាម ការដក ស្រង់សម្តីរបស់សារព័ត៌មាន Al Jazeera។
យោងតាមសារព័ត៌មាន The Guardian លោក Gary Pruitt ប្រធាននាយក ប្រតិបត្តិ របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press បាននិយាយថា៖ «យើងមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំងដែលយោធាអ៊ីស្រាអែលវាយប្រហារនិងបំផ្លាញការិយាល័យ AP និងអង្គការព័ត៌មានដទៃទៀតនៅហ្គាហ្សា៕