ក្រុង​ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ស្នើ​ឲ្យ​ក្រុម​ប្រទេស​មហា​អំណាច​អឺរ៉ុប​មួយ​ចំនួន​ ត្រូវ​ទទួល​ស្គាល់​សេចក្តី​ប្រកាស​របស់​អាមេរិក​ជា​ឯកតោ​ភាគី​ អំពី​ការ​ចាប់​ផ្តើម​បន្ត​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់​។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​បាន​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​របស់​លោក​ គឺ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីស្រាអែល​ លោក ​ហ្គាប៊ី​ អាស់ហ៍​ខេនណាហ្ស៊ី​ បាន​អំពាវនាវ​ឲ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អ៊ីស្រាអែល​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ក្រុម​ប្រទេស ​E-3 ​នោះ​ គឺ​ប្រទេស​បារាំង​ អង់គ្លេស​ និង​អាល្លឺម៉ង់ ​«ត្រូវ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រឆាំង​របស់​ពួក​គេ​ ហើយ​ត្រូវ​ឈាន​ទៅ​រក​ការ​អនុវត្ត​ ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ខ្លាំង​ក្លា​ទៅ​លើ​អ៊ីរ៉ង់​»។​

លោក​បាន​ស្នើ​ឲ្យ​ពួក​គេ​ដាក់​ទណ្ឌកម្ម​ថ្នាក់​ជាតិ ​និង​កម្រិត​អឺរ៉ុប​ និង​តាមរយៈ​យន្តការ​របស់​អង្គការ​សហប្រជាជាតិ​ឡើង​វិញ​។​

ការ​អំពាវនាវ​របស់​លោក​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ គឺ​លោក ​ម៉ៃក៍​ ប៉ុម​ប៉េអូ​ បាន​អះអាង​ថា ​​ទណ្ឌកម្ម​ទាំង​អស់​នៅ​មុន​ឆ្នាំ ​២០១៥ ​ប្រឆាំង​អ៊ីរ៉ង់​ ត្រូវ​បាន​ដាក់​ឡើង​វិញ​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប្រទេស​​សមាជិក​ភាគ​ច្រើន​ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ UN ​បាន​ថ្លែង​ថា​ វិធានការ​របស់​លោក​ ប៉ុមប៉េអូ​ ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​យន្តការ​ ១​ ដែល​ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥៕ Xinhua/SK