ក្រុងយ៉ាំងហ្គោន៖ អ្នកនាំពាក្យយោធាម្នាក់បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ទាំងយោធាមីយ៉ាន់ម៉ា និងរដ្ឋាភិបាលស៊ីវិលរបស់ខ្លួនគាំទ្រការសម្រេចចិត្តរបស់ម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីការពារប្រទេសរបស់លោកស្រី ប្រឆាំងការចោទប្រកាន់ពីបទអំពើប្រល័យពូជសាសន៍នៅតុលាការឡាអេរបស់អង្គការសហប្រជាជាតិ។
នៅក្នុងវិធានការដ៏ភ្ញាក់ផ្អើលមួយ ការិយាល័យទីប្រឹក្សារដ្ឋរបស់លោកស្រី អ៊ុងសាន ស៊ូជី បានប្រកាសកាលពីថ្ងៃពុធថា និមិត្តរូបប្រជាធិបតេយ្យក្នុងយុគសម័យមួយ នឹងធ្វើដំណើរទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីដឹកនាំក្រុមការពារក្តីនៅទីនោះ។
ប្រទេសអាហ្វ្រិខាងលិច គឺហ្គំប៊ី គ្រោងបើកសំណុំរឿងក្តីរបស់ខ្លួននៅឯតុលាការយុត្តិធម៌អន្តរជាតិនៅខែធ្នូ ក្នុងនាមឲ្យប្រទសសមាជិកចំនួន ៥៧ នៃអង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាម (OIC)។
ប្រទេសមូស្លីមភាគច្រើន បានចោទប្រកាន់ប្រទេស មីយ៉ាន់ម៉ា ពីបទរំលោភបំពានសន្ធិសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ តាមរយៈការបង្ក្រាបដោយយោធាយ៉ាងបង្ហូរឈាមនៅក្នុងឆ្នាំ ២០១៧ ប្រឆាំងនឹងសហគមន៍មូស្លីមរ៉ូហ៊ីងយ៉ារបស់ខ្លួននៅក្នុងរដ្ឋរ៉ាក់ឃីន។
អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ត្រី ហ្សាមីន តុន បានថ្លែងប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងកំពុងធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងរឿងក្តីនេះ និងក្រុមអ្នកជំនាញផ្នែកច្បាប់របស់យើងកំពុងធ្វើការជាមួយគ្នា» ដោយបាននិយាយសំដៅទៅលើក្រុមកងកម្លាំងប្រដាប់អាវុធ និងរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ា។
លោកបានអះអាងថា លោកស្រី អ៊ុងសាន ស៊ូជី នឹងជួបជាមួយប្រមុខយោធាដ៏មានឥទ្ធិពល គឺលោក មីន អ៊ុងឡាំង ក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយអ្នកដែលលោកស្រីមានចំណងទាក់ទងយ៉ាងជិតស្និទ្ធនោះ។
ជនរ៉ូហ៊ីងយ៉ាប្រហែល ៧៤ ម៉ឺននាក់ បានរត់ភៀសខ្លួននៅតាមព្រំដែនចូលទៅក្នុងជំរំប្រទេស បង់ក្លាដែស ខណៈយោធាបានបង្ក្រាបនៅទូទាំងរដ្ឋរ៉ាក់ឃីនភាគខាងជើង។
ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបាននិយាយប្រាប់អំពីអំពើឃាតកម្មកាន់តែរីកធំឡើងមកលើពួកគេ ដូចជាការចាប់រំលោភ និងការលួចដុតផ្ទះសំបែងជាដើម ជាអំពើហិង្សាដែលក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានហៅថាជាអំពើប្រល័យពូជសាសន៍នៅមីយ៉ាន់ម៉ា។
ប្រទេស មីយ៉ាន់ម៉ា បានថ្លែងថា ប្រតិបត្តិការនោះត្រូវបានធ្វើឡើង ដើម្បីកម្ទេចក្រុមជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាទាំងនោះ ហើយបានទាមទារឲ្យក្រុមគណៈកម្មាធិការរបស់ខ្លួន ស៊ើបអង្កេតទៅលើការចោទប្រកាន់ពីបទការរំលោភសិទ្ធិមនុស្ស។
ក្រុមអ្នករិះគន់បានថ្លែងថា ក្រុមគណៈកម្មាធិការនៅក្នុងប្រទេសបានខិតខំប្រឹងប្រែងជួយបិទបាំងអំពើឃោរឃៅរបស់ពួកគេ។
សំណុំរឿងរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ នឹងជាសំណុំរឿងដែលមានកិច្ចប្រឹងប្រែងតាមផ្លូវច្បាប់អន្តរជាតិដើម្បីនាំយកក្រុមមេដឹកមីយ៉ាន់ម៉ាមកកាត់ទោសជុំវិញវិបត្តិរ៉ូហ៊ីងយ៉ានេះ។
អ្នកសង្កេតការណ៍នយោបាយលោក So Myint Aung បានថ្លែងថា លោកមិនគិតថាលោកស្រី អ៊ុងសាន ស៊ូជី នឹងធ្វើដំណើរទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេតាមការបញ្ជារបស់យោធាមីយ៉ាន់ម៉ាទេ៕ AFP/SK