The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកការទូត​កំពូល​លីប៊ី​ស្នើឱ្យ​តួកគី​ដក​កងទ័ព​បរទេស​ចេញពី​ទឹកដី​របស់​ខ្លួន




អ្នកការទូត​កំពូល​លីប៊ី​ស្នើឱ្យ​តួកគី​ដក​កងទ័ព​បរទេស​ចេញពី​ទឹកដី​របស់​ខ្លួន

Content image - Phnom Penh Post
រដ្ឋមន្ត្រី​ការបរទេស​លីប៊ី លោកស្រី Najla al-Manqoush។ AFP

អ្នកការទូត​កំពូល​លីប៊ី​ស្នើឱ្យ​តួកគី​ដក​កងទ័ព​បរទេស​ចេញពី​ទឹកដី​របស់​ខ្លួន

អ្នកការទូត​កំពូល​លីប៊ី បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​បរទេស​ និង​ក្រុម​ទាហាន​ស៊ីឈ្នួល​ចេញពី​ប្រទេស​អាហ្វ្រិក​ខាងជើង ខណៈ​ប្រទេស​នេះ​ឈានទៅ​ការបោះឆ្នោត នៅពេល​ក្រោយ​ក្នុង​ឆ្នាំនេះ។

លោកស្រី Najla al-Manqoush រដ្ឋមន្ត្រី​នៃ​រដ្ឋ​បណ្តោះអាសន្ន​លីប៊ី​កាលពី​ថ្ងៃ​ចន្ទ បាន​ស្នើឱ្យ​ប្រទេស​តួកគី​អនុវត្ត​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា UN ដោយ​តម្រូវ​ឱ្យ​ធ្វើ​មាតុភូមិនិវត្តន៍​យុទ្ធជន​បរទេស ២ ម៉ឺននាក់​ និង​ក្រុម​ទាហាន​ស៊ីឈ្នួល​ពី​ប្រទេស​លីប៊ី។

លោកស្រី al-Manqoush បាន​និយាយថា៖ «យើង​អំពាវនាវ​ឱ្យ​ប្រទេស​តួកគី​ចាត់វិធានការ​ ដើម្បី​អនុវត្ត​លក្ខខណ្ឌ​នៃ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ និង​សហការគ្នា​ ដើម្បី​បណ្តេញ​កងកម្លាំង​បរទេស​ និង​ក្រុម​ទាហាន​ស៊ីឈ្នួល​ចេញពី​ទឹកដី​លីប៊ី»។

សម្តី​របស់​លោកស្រី​បាន​កើតឡើង​នៅឯ​សន្និសីទ​កាសែត​រួមគ្នា​មួយ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី Mevlut Cavusoglu។

សម្តី​ទាំងនោះ​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ការស្តីបន្ទោស​ចំពោះ​ប្រទេស​តួកគី ដែល​បានដាក់​ពង្រាយ​ទ័ព​ និង​ទាហាន​ស៊ីឈ្នួល​ស៊ីរី ដើម្បី​រួមគ្នា​ជាមួយ​ជន​សកម្មប្រយុទ្ធ​ទីក្រុង​ទ្រីប៉ូលី​ចាប់តាំងពី​កងកម្លាំង​របស់​មេបញ្ជាការ Khalifa Haftar មាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​បាន​ចាប់ផ្តើម​វាយលុក ដើម្បី​គ្រប់គ្រង​រដ្ឋធានី​នៅក្នុង​ឆ្នាំ ២០១៩។

លោក Cavusoglu បាន​ឆ្លើយតប ដោយ​និយាយថា កងកម្លាំង​តួកគី​នៅក្នុង​ប្រទេស​លីប៊ី ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​បណ្តុះបណ្តាល ដែល​ត្រូវ​សម្រេច​ជាមួយ​រដ្ឋបាល​លីប៊ី​នាពេល​កន្លងទៅ។

លោក​បាន​និយាយថា៖ «យើង​បាន​ភ្ជាប់​សារៈសំខាន់​ទៅនឹង​ការអភិរក្ស​នៃ​បូរណភាព អធិបតេយ្យភាព ឯករាជ្យភាព និង​កិច្ចព្រមព្រៀង​នយោបាយ»។

លោក​បាន​និយាយថា៖ «ទោះបីជា​មាន​ការវាយប្រហារ​ទៅលើ​ទីក្រុង​ទ្រីប៉ូលី​ក្តី ក៏​រដ្ឋាភិបាល​ស្របច្បាប់​របស់​លីប៊ី​បាន​អញ្ជើញ​ប្រទេស​ខ្លះ ក្នុង​នោះ​មាន​យើង​ដែរ។ មាន​តែ​ប្រទេស​តួកគី​ទេ បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ការអំពាវនាវ​នេះ»។

លោក​បាន​បន្តថា មាន​ភាគី​ខ្លះ ដែល​បាន​ស្វះស្វែង​ធ្វើឱ្យ​វត្តមាន​របស់​ទីក្រុង​អង់ការ៉ា​ស្មើគ្នា​ជាមួយ​នឹង​វត្តមាន​របស់​កងកម្លាំង​បរទេស​ដែល​នៅក្នុង​ប្រទេស​លីប៊ី​ដើម្បី​ទទួលផល​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ។

ប្រទេស​តួកគី​បាន​ជាប់​ទាក់ទិន​យ៉ាងជ្រៅ​ក្នុង​ប្រទេស​លីប៊ី ដោយ​បាន​គាំទ្រ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ទទួលស្គាល់​ដោយ​ UN នៅក្នុង​ទីក្រុង​ទ្រីប៉ូលី​ដែល​បាន​គាំទ្រ​ដល់​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​ប្រឆាំង​ការវាយលុក​របស់លោក Haftar និង​កងទ័ព​ជាតិ​លីប៊ី​គ្រប់គ្រង​ដោយ​លោក​ផ្ទាល់។

តួកគី បាន​បញ្ជូន​សម្ភារ​យោធា​ និង​កងកម្លាំង​ទៅ​ប្រទេស​លីប៊ី​ដោយ​ជួយ​ធ្វើឱ្យមាន​តុល្យភាព​អំណាច​ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ទ្រីប៉ូលី។

តួកគី​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រីប៉ូលី ដែល​គូសបញ្ជាក់​ពី​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំង ២ នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ដោយបាន​បង្កឱ្យមាន​ការតវ៉ា​ពី​ប្រទេស​ក្រិក​ និង​ស៊ីប។

ប្រទេស​ទាំង ២ នេះ​បានប្រកាស​បដិសេធ​កិច្ចព្រមព្រៀង​នោះ​ដោយ​បាន​និយាយថា វា​គឺជា​ការរំលោភច្បាប់​អន្តរជាតិ ដែល​មិន​គោរព​សិទ្ធិ​របស់​ប្រទេស​ដទៃ​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​ភាគ​ខាងកើត៕

អត្ថបទគួរចាប់អារម្មណ៍