ក្រុង​អាប៊ីលៈ​ អនុ​ប្រធាន​កុងស៊ុល​តួកគី​ប្រចាំ​នៅ​តំបន់​ស្វយ័ត​ឃើដ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​ នៅ​ក្នុង​ចំណោម​មនុស្ស​យ៉ាង​តិច ​២ ​នាក់ ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ​នៅ​តំបន់​ទីក្រុង​អាប៊ីល​ ដោយ​តួកគី​បាន​ប្តេជ្ញា ​«សងសឹក​វិញ​​» ​ភ្លាមៗ ​ចេញ​ពី​ក្រុង​អង់ការ៉ា​។​

មិន​មាន​ក្រុម​ណា​មួយ​ចេញ​មក​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​នៅ​ឡើយ​ទេ ​ដែល​បាន​កើត​ឡើង​ ខណៈ​តួកគី​បាន​បើក​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​នឹង​មូលដ្ឋាន​គណបក្ស​ពលករ​ឃើដ (PKK) ​ដែល​ជា​ក្រុម​បំបែក​ខ្លួន​តួកគី​នៅ​អ៊ីរ៉ាក់​ភាគ​ខាង​ជើង​។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​ថ្កោល​ទោស​ការ​សម្លាប់​អ្នក​ការ​ទូត​នោះ​ ដោយ​បាន​ថ្លែង​ថា​៖ «​នេះ​មិនមែន​ជា​ទង្វើ​ត្រឹមត្រូវ​ចំពោះ​​ការ​​​ប្រើ​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​បែប​នេះ​ទេ​»​។​

យ៉ាង​ហោច​ណាស់​ខ្មាន់​កាំភ្លើង​ម្នាក់​ បាន​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បុគ្គលិក​ស្ថាន​កុងស៊ុល​តួកគី ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​តំបន់​ Ainkawa ​​ជិត​ក្រុង​អាប៊ីល​ភាគ​ខាង​ជើង​ ដែល​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ និង​បុគ្គលិក​ស្ថាន​កុងស៊ុល​ជា​ច្រើន​ បាន​រត់​គេច​ពី​ការ​វាយ​ប្រហារ​នោះ​។​

កង​កម្លាំង​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​ឃើដ ដែល​ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ថា​ ជា​ក្រុម​ Asayish នោះ​បាន​ថ្លែង​ថា​៖ «​ការ​បាញ់​ប្រហារ​នៅ​ពី​មុខ​ភោជនីយដ្ឋាន​មួយ​នៅ​ក្រុង​អាប៊ីល​ បាន​បង្ក​ឲ្យ​បុគ្គលិក​ស្ថាន​កុងស៊ុល​តួកគី ​និង​ជន​ស៊ីវិល​ម្នាក់​បាន​ស្លាប់​ ហើយ​អ្នក​ទី៣​ បាន​រង​របួស​»​។​

ប្រភព​ប៉ូលិស​ប្រចាំ​តំបន់​បាន​ថ្លែង​ប្រាប់​ AFP ​ថា ​អ្នក​ការ​ទូត​នោះ ​ជា​អនុ​ប្រធាន​ស្ថាន​កុងស៊ុល​តួកគី​ ហើយ​អ្នក​ដែល​វាយ​ប្រហារ​ បាន​រត់​គេច​ខ្លួន​​ពី​កន្លែង​កើត​ហេតុ​។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ាក់​ បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នោះ​៕ AFP/SK