ក្រុងប្រ៊ុចសែល៖ អ្នកការទូត​ចំនួន ៤ រូប​កាលពី​ថ្ងៃទី ១០ ឧសភា​បាន​និយាយ​ថា​សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ដាក់ទណ្ឌកម្ម​ជុំ​ទី ៤ ប្រឆាំង​នឹង​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​បេឡារុស​ជា​ការឆ្លើយតប​ទៅនឹង​ការបោះឆ្នោត​ប្រកួតប្រជែង​ប្រធានាធិបតី​ដ៏ចម្រូងចម្រាស​កាលពី​ឆ្នាំមុន​ដោយ​កំណត់​គោលដៅ​មន្ត្រី​ចំនួន ៥០ នាក់​ចាប់ពី​ខែ​មិថុនា។

រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​ពី​ប្រទេស​បេឡារុស​កាល​ម្សិលមិញ​ហើយ​ក្រុម​អ្នកការទូត​បាន​និយាយ​ថា​សមាជិក​ទាំង ២៧ រូប​នៃ​ប្លុក​នេះ បាន​គាំទ្រ​ចំពោះ​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​ ប៉ុន្តែ​ថា​ទីក្រុង​ប្រ៊ុចសែល​ត្រូវ​ការប្រមូល​ភ័ស្តុតាង​គ្រប់គ្រាន់​ ដើម្បី​ផ្តល់នូវ​ភាពត្រឹមត្រូវ​តាមច្បាប់។

ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក​ JosepBorrell ដែលជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​បាន​និយាយថា៖ «យើង​កំពុង​ធ្វើការ​លើ​ការដាក់ទណ្ឌកម្ម​ជំហាន​បន្ទាប់​ដែល​ខ្ញុំ​សង្ឃឹមថា​នឹងត្រូវ​បានអនុម័ត​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ»។

សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ចោទប្រកាន់ថា​លោក​ Lukashenko នៅតែ​កាន់អំណាច​ដោយ​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​ការចាប់​អ្នកប្រឆាំង​ដាក់គុក​ និង​បំបិទ​សិទ្ធិសេរីភាព​សារព័ត៌មាន​ជាដើម។ រួម​ជាមួយ​គ្នា​នេះ​ក្រុម​ប្រទេស​ខាងលើ​រួមទាំង​អង់គ្លេស​ និង​កាណាដា​ផង​បាន​បង្កក​ទ្រព្យសម្បត្តិ​ និង​ហាមឃាត់​ការធ្វើដំណើរ​របស់​មន្ត្រី​ជិត ៩០ នាក់​រួចមកហើយ​ក្នុង​នោះ​មាន​ទាំង​ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko ។ ការដាក់​ទណ្ឌកម្ម​នេះ​ធ្វើឡើង​ក្រោយ​ការបោះឆ្នោត​កាលពី​ខែ​សីហា​ឆ្នាំ ២០២០ ដែល​បក្សប្រឆាំង​ និង​ប្រទេស​លោក​ខាងលិច​បាន​ចោទថា​មាន​ការលួចបន្លំ។

ទោះយ៉ាងណា​ការឆ្លើយតប​របស់​សហភាព​អឺរ៉ុប​លើក​នេះ​ហាក់​មាន​ទំហំ​តូច​ជាង​មុន​បើ​ប្រៀបធៀប​ទៅនឹង​ការដាក់​ទណ្ឌកម្ម​កាលពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១៥ ដែល​កាលនោះ​មនុស្ស​ជាង ២០០ នាក់​ត្រូវ​បានដាក់​ក្នុង​បញ្ជីខ្មៅ។

ប៉ូឡូញ​ និង​លីទុយអានី​ដែល​មេដឹកនាំ​បក្សប្រឆាំង​បេឡារុស​លោកស្រី​ SviatlanaTsikhanouskaya បាន​ភៀសខ្លួន​ទៅ​ បន្ទាប់ពី​ការបោះឆ្នោត​បាន​ជំរុញ​ឱ្យ​មាន​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត ខណៈ​ដែល​ប្រទេស​ទាំង ២ នេះ​និយាយថា​វិធានការ​ទណ្ឌកម្ម​លើ​ប្រទេស​សម្ព័ន្ធមិត្ត​រុស្ស៊ី​មួយ​នេះ មាន​ប្រសិទ្ធភាព​តិចតួច។

លោក​ Lukashenko ដែល​កាន់អំណាច​តាំងពី​ឆ្នាំ ១៩៩៤ ធ្លាប់​បាន​និយាយថា​លោកខាងលិច​កំពុង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​បេឡារុស​ហើយ​ជាការ​ឆ្លើយតប​បេឡារុស​ក៏​ចេញ​នូវ​បញ្ជរ​ប្រឆាំង​នឹង​ការដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ​និង​ហាមឃាត់​មន្ត្រី​សហភាព​អឺរ៉ុប​មួយចំនួន​មិន​ឱ្យ​ចូលក្នុង​ប្រទេស​នេះ៕

ហួន ឌីណា