ការប៉ុនប៉ង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ស្ដីអំពី​ការអំពាវនាវ​ឱ្យ​បញ្ឈប់​អំពើហិង្សា​នៅក្នុង​តំបន់ Tigray ពី​ក្រុមប្រឹក្សាសន្តិសុខ​របស់​សហរដ្ឋអាមេរិក​ត្រូវបាន​លុបចោល​វិញ​កាលពី​យប់​ថ្ងៃ​សុក្រ​កន្លងទៅ បន្ទាប់ពី​មានការ​ជំទាស់​ពី​ភាគី​ឥណ្ឌា រុស្ស៊ី ជាពិសេស​ចិន​។

ក្រុមប្រឹក្សា​អ្នកការទូត​ ៣ ​រូប​បាន​និយាយថា អៀរឡង់​ដែលជា​អ្នកចេញ​សេចក្ដីព្រាង​សេចក្ដី​ថ្លែងការណ៍​បានសម្រេច​ចិត្ត​មិន​បង្ខំ​ឱ្យមាន​ការអនុម័ត​វិញ​ក្រោយ​មានការ​ជំទាស់​ពី​ប្រទេស​ទាំង​ ៣​។

វត្តមាន​របស់​អង្គការ​សហប្រជាជាតិ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​បញ្ចប់​បញ្ហា​នៅ​តំបន់​នេះ​។ ហេតុផល​ទី​ ១ ​គឺ​វត្តមាន​នៃ​កងកម្លាំង​ប្រដាប់អាវុធ Eritrea ​នៅ Tigray បង្កឱ្យមាន​ជម្លោះ​ទាំង​ស៊ីវិល និង​អន្តរជាតិ លុះត្រា​មាន​បទប្បញ្ញត្តិ​ចេញពី​អង្គការសហប្រជាជាតិ​។ ​ក្រុម​ប្រដាប់អាវុធ Eritrea ​នេះ បានសម្លាប់​ និង​បង្ខំ​ឱ្យ​ជនភៀសខ្លួន​ជនជាតិ​ Eritrea ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ព្រមទាំង​ដុត​ជំរំ​​ជនភៀសខ្លួន​ Shimelba និង Hitsats ​ទៀតផង​។ ជនភៀសខ្លួន​ប្រមាណ​ពី​ ១៥ ០០០ ​ទៅ​ ២០ ០០០ ​នាក់​បាន​បាត់​ខ្លួន​។ នេះ​បើ​យោងតាម​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​។

ហេតុផល​ទី​ ២ ​គឺ​តំបន់​ Tigray ​ឥឡូវនេះ​កំពុង​ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស ខណៈ​ប្រជាជន​ប្រមាណ​ ២,៣ ​លាន​នាក់ កំពុង​ត្រូវការ​ជំនួយ​បន្ទាន់​។ កងកម្លាំង​រដ្ឋាភិបាល​សហព័ន្ធអេត្យូពី​ត្រូវបាន​រារាំង​មិនឱ្យ​ផ្ដល់ជំនួយ និង​ទឹកស្អាត​ដល់​ប្រជាជន​ទាំងនេះ​ទេ ហើយ​ក៏មាន​របាយការណ៍​ស្ដីអំពី​ការបំផ្លាញ​ដោយ​ចេតនា​នៃ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​ផងដែរ​។ ​បន្ថែម​ពីនេះ​បញ្ហា​អមនុស្សធម៌​មួយចំនួន ដូចជា​អំពើ​ប្រល័យ​ពូជសាសន៍​ការរំលោភ​ផ្លូវភេទ ការលុបបំបាត់​ជនជាតិភាគតិច បូកផ្សំ​នឹង​បញ្ហា​កូវីដ​១៩​ដែល​បណ្ដាលឱ្យ​មានការ​អត់ឃ្លាន​កាន់តែខ្លាំង​ឡើង​។ ដូច្នេះ​ជំនួយ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការជួយ​ដល់​ប្រជាជន​ទាំងនោះ​។

ភាពតានតឹង​ផ្នែក​សន្តិសុខ​ និង​ជម្លោះ​តាម​ព្រំដែន​កំពុង​រីកដុះដាល​នៅក្នុង​តំបន់​ជាពិសេស​រវាង​ប្រទេស​អេត្យូពី និង​ស៊ូដង់ កេនយ៉ា និង​សូម៉ាលី​បូកផ្សំ​ជាមួយនឹង​វិបត្តិ​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​ប្រទេស​សូម៉ាលី និង​ការចរចា​អំពី​ទំនប់ រីហ្គេនអេត្យូពី បង្កើន​ឱ្យមាន​ហានិភ័យ​សង្គ្រាម​ប្រដាប់អាវុធ​ខ្លាំង​ឡើង​។ ​ដំណើរការ ផ្លាស់ប្តូរ​នយោបាយ​ផុយស្រួយ​នៅ​ស៊ូដង់​ក៏​អាច​នឹងមាន​អស្ថិរភាព​ដែរ​ដែល​បញ្ហា​ទាំងអស់នេះ​សុទ្ធតែ​ត្រូវការ​វត្តមាន​របស់​អង្គការ​សហប្រជាជាតិ​ទាំងអស់​។

សេចក្ដី​ថ្លែងការណ៍​ដែល​ស្នើឱ្យ​មានការ​អនុម័ត​នេះ នឹង​ក្លាយ​ទៅ​ជា​ភាគី​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​បាន​រៀបរាប់​ខាងលើ​។ ​យ៉ាងណាមិញ​សេចក្តីថ្លែងការណ៍​ដែល​បានស្នើ​នោះ​មិនបាន​លើកឡើង​អំពី​ការប្រើប្រាស់​កម្លាំង​បរទេស ឬ ទណ្ឌកម្ម​មក​ដោះស្រាយ​បញ្ហា​នៅ​តំបន់​នោះទេ ប៉ុន្តែ​លិខិត​ដដែល​បាន​អំពាវនាវ «​ឱ្យ​បញ្ឈប់​អំពើហិង្សា​នៅ Tigray»​។

សេចក្តី​ថ្លែងការណ៍​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​អេត្យូ​ពី​នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ និង​ថ្ងៃទី​ ៣ ​ខែមីនា​ថា ឱ្យ​ប្តេជ្ញា​ «​អនុវត្ត​ឱ្យបាន​ពេញលេញ​» នូវ​បញ្ហា​មនុស្សធម៌​ខណៈ​មនុស្ស​រាប់លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​។

ដោយឡែក​ក្រុមប្រឹក្សា​អ្នកការទូត​ម្នាក់​បាន​និយាយ​អំពី​ហេតុផល​ដែល​ប្រទេស​ទាំង​ ៣ មិន​យល់ព្រម​ចំពោះ​សេចក្ដីថ្លែងការណ៍​។ ​ប្រភព​ដដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ព្រោះ​ការពិគ្រោះ​យោបល់​ត្រូវបានធ្វើ​ឡើង​ជា​លក្ខណៈ ឯកជន​ថា​ប្រទេស​ចិន​ចង់ឱ្យ​សេចក្ដីថ្លែងការណ៍​នោះ​ផ្តោត​តែ​ទៅលើ​ស្ថានភាព​មនុស្សធម៌​ប៉ុណ្ណោះ​ដោយ​មិន​និយាយ​ពី​អំពើហិង្សា​នៅ​ Tigray​។ ឯ​ប្រទេស​ឥណ្ឌា​គ្រាន់តែ​ចង់បាន​ការផ្លាស់ប្តូរ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ប្រទេស​រុស្ស៊ី​បាន​គាំទ្រ​សម្ព័ន្ធមិត្ត​របស់ខ្លួន​គឺ​ប្រទេស​ចិន​នៅ​នាទីចុងក្រោយ​។

បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ Xinhuanet កាលពី​ខែកុម្ភៈ​ថ្មីៗ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ Wang Wenbin ​បាន​ឱ្យដឹងថា រដ្ឋាភិបាល​ចិន​នឹង​ជួយ​ប្រទេស​អេត្យូពី​ក្នុងការ​ផ្ដល់ជំនួយ​មនុស្សធម៌​ដូចជា​ស្បៀង​ជាដើម ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ «​ដោយមាន​កង្វះខាត​សម្ភារ​រស់នៅ​មូលដ្ឋាន​នានា​ក្នុង​តំបន់​ Tigray ​ប្រទេស​ចិន​នឹង​ផ្ដល់​ការឧបត្ថម្ភ​ស្បៀង​បន្ទាន់​រួមទាំង​អង្ករ និង​ស្រូវ​សាលី​ដើម្បី​កាត់បន្ថយ​ភាពលំបាក​នានា​ដែល​ជួបប្រទះ​ដោយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទាំងអស់​។

យ៉ាងណាមិញ​អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស​ក៏បាន​បន្ទរ​ថា​កងកម្លាំង​ប្រដាប់អាវុធ​ប្រទេស Eritrea «​បានសម្លាប់​រង្គាល​ជន​ស៊ីវិល​ជាច្រើន​នាក់ ក្នុងនោះ​មាន​ទាំង​ក្មេង​អាយុ ១៣ ​ឆ្នាំ​ផង​» និង​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​បង្កើត​ការស៊ើបអង្កេត​ឯករាជ្យ​ជាបន្ទាន់​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ដែល​អាច​កើតមាន​ប្រឆាំងនឹង​មនុស្សជាតិ​នៅ​ Tigray ផងដែរ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​លោកស្រី Michelle Bachelet ក៏បាន​ស្នើ​ដល់​ប្រទេស​អេត្យូ​ពី​អនុញ្ញាត​ឱ្យ​អ្នក​ឃ្លាំមើល​ចូល​ស៊ើបអង្កេត​របាយការណ៍​នៃ​ការសម្លាប់​មនុស្ស​ និង​អំពើហិង្សា​ផ្លូវភេទ​នៅ​តំបន់ Tigray ដែល​អាចជា​បទឧក្រិដ្ឋ​សង្គ្រាម​នៅ​តំបន់​ភាគ​ខាងជើង​ចាប់តាំងពី​ចុងឆ្នាំ​ ២០២០​។

លោកស្រី​បាន​ថ្លែងថា​៖ «​ជនរងគ្រោះ និង​អ្នក​រស់រាន​មានជីវិត​ពី​ការរំលោភ​ទាំងនេះ​ត្រូវតែ​ទទួលបាន​សិទ្ធិ​របស់​ពួកគេ​វិញ និង​ត្រូវតែ​ទទួលបាន​យុត្តិធម៌​»៕