ក្រុង​ប៉ារីស៖ ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស ​ចិន ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ ខណៈ​​ដែល​បញ្ជី​ឈ្មោះ​​ប្រទេស​ដែល​​​ប៉ះ​ពាល់​ដោយ​វីរុស​កូរ៉ូណា​​កើន​ឡើង​ជា​សកល​​​ ដោយ​​​​មាន​​​ឆ្លង​មួយ​ករណី​ដំបូង​​ ​នៅ​ប្រទេស ​អាមេរិក​ឡាទីន​។ ​អង្គការ​សុខភាព​ពិភព​លោក​បាន​ព្រមាន​ថា ពិភព​លោក​ ​«​មិន​ទាន់​​ត្រៀម​លក្ខណៈ​បង្ការ និង​ទប់ស្កាត់​ការ​​​ឆ្លង​ជំងឺ​ឆ្លង​នេះ​ទេ»​។​

យោង​តាម​ចំនួន​តួលេខ​​ថ្មី​បំផុត​ដែល​ចេញ​ពី​មជ្ឈមណ្ឌល Johns Hopkins ដើម្បី​សនិ្តសុខ​សុខភាព​បាន​ឲ្យ​ដឹង​ថា​ មាន​អ្នក​​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​ជាង ​៨២ ១០០ ​នាក់​ និង ​២ ៨០០ ​នាក់​បាន​ស្លាប់ ​នៅ​ទូទាំង​ពិភព​លោក​។​

ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស ​ចិន​ ជា​ទី​ដែល​វីរុស​ផ្លូវ​ដង្ហើម​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​បាន​ ថយ​​ចុះ​ ដោយ​មាន​មនុស្ស ​២៩ ​នាក់​ស្លាប់​ថែម​​ទៀត​ ត្រូវ​បាន​គេ​រាយការណ៍​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ ជា​តួ​លេខ​ប្រចាំ​ថ្ងៃ​ទាប​បំផុត​នៅ​ក្នុង​រយៈពេល​ជិត ១ ​ខែ​​នេះ​។​

អង្គការ​សុខភាព​ពិភព​លោក​​ថ្លែង​ថា​ ​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ទូទាំង​ពិភព​លោក​គឺ​កើន​ឡើង​ច្រើន​ជាង​នៅ​ក្នុង​ប្រទេស ​ចិន​​។​

យោង​តាម​មជ្ឈមណ្ឌល​ Johns Hopkins ​ដើម្បី​សន្តិសុខ​សុខភាព​បាន​ឲ្យ​ដឹង​ថា​ មាន​អ្នក​ស្លាប់​ជាង ​៥០ ​នាក់​ ត្រូវ​បាន​គេ​រាយការណ៍​នៅ​ខាង​ក្រៅ​ប្រទេស ​ចិន​ ចាប់​តាំង​ពី​វីរុស​នេះ​ ​បាន​ចាប់​ផ្តើម​ឆ្លង​​រីក​រាលដាល​ ហើយ​មាន​មនុស្ស​ជាង ​៣ ៦០០ ​នាក់ ​​បាន​ឆ្លង​ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​។​

ករណី​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ ត្រូវ​បាន​គេ​រក​ឃើញ​ថ្មី​នៅ​ក្នុង​ប្រទេស​ចំនួន ​៩ ​ផ្សេង​ទៀត​ ដូច​ជា​ ប្រទេស ​រូម៉ានី​ អាល់ហ្សេរី​ អូទ្រីស ​ក្រូអាស៊ី​ ហ្សកហ្ស៊ី ​ក្រិក​ ន័រវែល ​ប៉ាគីស្ថាន ​និង​ប្រទេស ​ស្វ៊ីស ​ដោយ​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ រង​ការ​វាយ​ប្រហារ​ដោយសារ​ឆ្លង​ជំងឺ​នោះ​ ជាង ​៤៥ ​ករណី​។​

ក្រុម​បុគ្គលិក​មកពី​​សមាគម​​គ្រ​ប់គ្រង​​​ប្រឆាំង​​​សត្វល្អិត​​កូរ៉េខាង​ត្បូង​ បាញ់​សម្លាប់មេ​រោគ​​។ រូប AFP

ប្រទេស ​កូរ៉េ​ខាង​ត្បូង​ បាន​ប្រកាស​ថា​ មាន​ករណី​ឆ្លង​ជាង ​១ ៥៩០ ​នាក់​ មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជាង​គេ​បំផុត​បន្ទាប់​ពី​ប្រទេស ​ចិន​ ហើយ​នៅ​​ក្នុង​​​នោះ​​មាន​ ​១២ ​នាក់​បាន​ស្លាប់​​។​

ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​ប្រទេស ​អ៊ីតាលី​ ជា​ប្រទេស​ដែល​រង​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ​បំផុត​នៅ​អឺរ៉ុប​ មាន​អ្នក​​ឆ្លង ​៤០០ នាក់​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​​មាន​មនុស្ស ​១២ ​នាក់​បាន​ស្លាប់​។​

ប្រទេស ​អ៊ីរ៉ង់ ​បាន​ប្រកាស​ថា​ មនុស្ស​សរុប​ទាំង​អស់​ចំនួន ​១៩ ​​នាក់​បាន​ស្លាប់​ និង​ជាង ​១៣០ ​នាក់​ផ្សេង​ទៀត ​បាន​ឆ្លង​វីរុស ​COVID-19 ​នៅ​ក្នុង​នោះ​មាន​អនុ​រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស ​អ៊ីរ៉ង់ ​ម្នាក់​។​

នៅ​​ប្រទេស ​បារាំង ​មនុស្ស ​២ ​នាក់​បាន​ស្លាប់​ ដោយ​មាន​មនុស្ស​ជាង ​១២ នាក់​​ផ្សេង​ទៀត​បាន​ឆ្លង​​​វីរុស​នេះ ​ក្រោយ​ពី​ជនជាតិ​បារាំង​វ័យ ​៦០ ​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ​កាល​ពី​ថ្ងៃ​ពុធ​។​

អាមេរិក​​​ឡាទីន​​​បាន​ធ្វើ​របាយការណ៍​​ថា ​មាន​​ជនជាតិ​ប្រេស៊ីល​​​ម្នាក់​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ អ៊ីតាលី ​​បាន​ឆ្លង​​វីរុស​កូរ៉ណា។​

ដោយ​​បាន​សរសើរ​វិធានការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​របស់​ចិន​​ លោក ប្រ៊ុស​​ អាយវ៉ាដ អ្នក​ដឹកនាំ​បេសកកម្ម​​អ្នក​ជំនាញ​​​​​រួម​ WHO-ចិន ​ព្រមាន​ប្រទេស​ដទៃ​ទៀត​​ ដែល​មិន​ទាន់​បាន​ត្រៀម​​ទប់ស្កាត់​វីរុស​កូរ៉ូណា​នេះ៕ AFP/SK