
ប្រធានាធិបតីចិន Xi Jinping ថ្លែងសុន្ទរកថាតាមវីដេអូខន់ហ្វើរិុន ក្នុងអំឡុងពិធីបើកតាំងពិព័រណ៍អាស៊ាន-ចិន។ AFP
ក្រុមអ្នកជំនាញក្នុងតំបន់បានព្រមានថា ប្រទេសចិន ដីគោកបាននិងកំពុងប្រើប្រាស់ «យុទ្ធសាស្ត្រលាងខួរ» (cognitive warfare) ប្រឆាំងនឹងកោះតៃវ៉ាន់ដោយប្រើប្រាស់ព័ត៌មានមិនពិត និងកងទ័ពវាយលុកតាមអ៊ីនធឺណិតក្នុងបំណងចង់បង្វែរមតិសាធារណៈឱ្យគាំទ្ររដ្ឋាភិបាលចិន ដើម្បីប្រឆាំងកោះតៃវ៉ាន់វិញ។
របាយការណ៍បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រសិទ្ធភាពរបស់យុទ្ធសាស្ត្រនេះ នៅមានកម្រិតនៅឡើយ ដោយសារតែក្រុមប្រឆាំងនឹងទីក្រុងប៉េកាំង នៅមានចំនួនច្រើន ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តយុទ្ធសាស្ត្រនេះដដែល ព្រោះយុទ្ធសាស្ត្រនេះនឹងអាចចាប់ផ្តើមមានឥទ្ធិពលលើមតិសាធារណជន រហូតដល់មាន ឥទ្ធិពលលើការសម្រេចចិត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងករណីណាមួយ។
យោងតាមវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខដែលជាក្រុមអ្នកវិភាគ ក្រោមការឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលចិនបាននិងកំពុងចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រថ្មីនេះ ដើម្បីប្រឆាំងនឹងកោះតៃវ៉ាន់ដោយប្រើក្រុមការងារវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន ដោយបង្កើតមាតិកាវាយប្រហារតាមអ៊ីនធឺណិត ដើម្បីព្យាយាមផ្លាស់ប្តូរផ្នត់គំនិត និងការគិត រួចឈានដល់ការផ្លាស់ប្តូរឥរិយាបថប្រជាជនតៃវ៉ាន់ទៀតផង។
ប្រភពដដែលបានបន្តថា ខ្លួនកំពុងព្យាយាមប្រើទាំងបណ្តាញផ្លូវការ និងក្រៅផ្លូវការទាំងអស់រួមទាំងប្រព័ន្ធផ្សព្វផ្សាយចិនដីគោក តៃវ៉ាន់ និងអន្តរជាតិ និងបណ្ដាញសង្គម ដើម្បីផ្តល់ព័ត៌មានប្រឌិតជាសាធារណៈធ្វើយ៉ាងណាឱ្យប្រជាជនមានការអាក់អន់ស្រពន់ចិត្តចំពោះប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen។
ក្រុមអ្នកជំនាញបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនចេញផ្សាយកាលពីចុងខែធ្នូ ថា៖ «សង្គ្រាមចិត្តសាស្រ្ត ឬយុទ្ធសាស្ត្រលាងខួរនេះ ត្រូវបានបង្កើតឡើងដោយពួកកុម្មុយនីស្តចិន និងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ ២០២០ ដោយប្រើប្រាស់មុខងាររបស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កើតការយល់ច្រឡំតាមរយៈការបំភិតបំភ័យដោយផ្សាយទាក់ទិននឹងសង្រ្គាមយោធាជាដើម»។
ក្រុមអ្នកជំនាញបាននិយាយថា ទោះបីភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ របស់កោះតៃវ៉ាន់បានធ្វើឱ្យប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិនបានស្រុតចុះជាងមុនក៏ដោយ និងដោយសារតែការផ្សាយស្ដីអំពីរោគរាតត្បាតនេះលុបបំបាត់ព័ត៌មានទាំងនេះក៏ដោយក៏រដ្ឋាភិបាលតៃវ៉ាន់លោកស្រី Tsai ត្រូវតែរកវិធីដើម្បីទប់ទល់នឹងយុទ្ធសាស្ត្របែបនេះឱ្យបាន។
លោក Su Tzu-yunអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខបាននិយាយថា៖ «រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្យាយាមបង្កើត ប្រទេស ១ ប្រព័ន្ធគ្រប់គ្រង ២» ដើម្បីបង្កើតអំណាចរបស់ខ្លួនដោយការបង្រួបបង្រួមតំបន់តូចៗចូលក្រោមការគ្រប់គ្រងខ្លួន។ នេះគឺជាសេចក្ដីរំពឹងទុករបស់ មេដឹកនាំចិនដីគោកលោក Xi Jinping មុនគាត់ចុះចេញពីតំណែង ប៉ុន្តែព្រឹត្តិការណ៍កើតឡើងនៅហុងកុង អាចនឹងធ្វើឱ្យជះឥទ្ធិពលលើសតិអារម្មណ៍របស់ប្រជាជនតៃវ៉ាន់។
លោកបានបន្តថា៖ «ការបំភិតបំភ័យផ្នែកយោធារបស់តៃវ៉ាន់ដែលកំពុងតែកើនឡើង និងការដាក់បញ្ចូលច្បាប់សន្តិសុខជាតិស្ដីពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញអ្វីប្រព័ន្ធ «ប្រទេស ១ ប្រព័ន្ធគ្រប់គ្រង ២» នៅហុងកុងនឹងគ្រាន់តែបង្កើតលទ្ធផលផ្ទុយចំពោះប្រជាជនតៃវ៉ាន់ ពោលគឺបង្កើតភាពភ័យខ្លាច និងធ្វើឱ្យពួកគេកាន់តែភ័យខ្លាចទីក្រុងប៉េកាំងកាន់តែខ្លាំងឡើង»។
លោកបានបន្ថែមថា រដ្ឋាភិបាលគួរតែបង្កើតប្រព័ន្ធត្រួតពិនិត្យព័ត៌មានពិត ឬព័ត៌មានក្លែងក្លាយឱ្យទូលំទូលាយ និងការពារធ្វើយ៉ាងណាកុំឱ្យព័ត៌មានមិនពិតផ្សព្វផ្សាយចេញទៅបាន។
លោក Alexander Huang Chieh-cheng សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងអ្នកសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យ Tamkang ក្នុងទីក្រុង Taipei បានមានប្រសាសន៍ថា៖ «សង្គ្រាមយល់ដឹង ឬការលាងខួរនេះ គឺជាផ្នែកមួយនៃជម្លោះ «តំបន់ពណ៌ប្រផេះ» ដែលផ្តោតលើការគ្រប់គ្រងខួរក្បាលមនុស្សដោយបំភាន់ផ្លាស់ប្តូរការយល់ឃើញរបស់សត្រូវ និងកម្ទេចឆន្ទៈរបស់អ្នកទាំងនោះតាមរយៈប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងការបំភ័យដោយបង្ហាញកម្លាំងយោធាជាដើម»។
លោក Huang បានបន្តថា៖ «ទីក្រុងប៉េកាំងមិនមានបំណងបញ្ជូនកងកម្លាំងទៅលុកលុយកោះតៃវ៉ាន់នាពេលឆាប់ៗពេកនោះទេ ពីព្រោះគេជឿថា មិនទាន់ដល់ពេលត្រឹមត្រូវដើម្បីធ្វើវា។ មានប្រជាជនខ្លះបាននិយាយថា ការទិញកោះតៃវ៉ាន់មានតម្លៃថោកជាងចំណាយលុយវាយប្រហារតៃវ៉ាន់នេះទៀតហើយ បើធ្វើឱ្យតៃវ៉ាន់ខ្លាចបាក់ស្បាតកាន់តែថោកជាងការទិញកោះតៃវ៉ាន់ទៀត»។
លោកបន្ថែមថា៖ «សន្និបាតបក្សកុម្មុយនីស្តឆ្នាំ ២០២១ និង ២០២២ មានសារៈសំខាន់ក្នុងការបង្វែរចំណាប់អារម្មណ៍ពីសង្រ្គាមជាមួយនឹងលទ្ធផលដែលមិនស្គាល់ហើយ ទោះបីជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏កងទ័ពរំដោះប្រជាជនមិនត្រៀមខ្លួនសម្រាប់សង្គ្រាមក្នុងករណីតៃវ៉ាន់នេះឡើយជាពិសេសប្រសិនបើមានភាគីទី៣ មកអន្តរាគមន៍»។
យ៉ាងណាមិញកាលពីថ្ងៃពុធ ប្រទេសចិន បាននិយាយថា ខ្លួននឹងធ្វើការឆ្លើយតបចាំបាច់ណាមួយចំពោះកិច្ចពិភាក្សាយោធាដែលបានគ្រោងទុករវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។ កន្លងមកចិនមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការបង្កើនការគាំទ្រយោធាពីសហរដ្ឋអាមេរិក ពោលគឺរដ្ឋបាល Trump ដែលរួមមានទាំងការលក់អាវុធថ្មី និងការធ្វើទស្សនកិច្ចនៅ Taipei ដោយមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលកាន់តែធ្វើឱ្យស្ថានភាពទំនាក់ទំនងក្រុងប៉េកាំង និងវ៉ាស៊ីនតោនកាន់តែតឹងតែងឡើង។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ប្រទេសចិន កំពុងបង្កើនចំនួនយោធាដែនអាកាស ដើម្បីឈ្លានពានកោះតៃវ៉ាន់ផងដែរ។ យោងតាមការប្រមូលទិន្នន័យពី VOA ដែលដកស្រង់ចេញពីសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការពារជាតិតៃវ៉ាន់យន្តហោះចម្បាំងរបស់ចិនបានហោះហើរចំនួន ១៣៨ ដង ចាប់តាំងពីពាក់កណ្តាលខែកញ្ញា មកដល់ថ្ងៃចប់ឆ្នាំ ២០២០ និងត្រឹមតែ ៤ ថ្ងៃ នៃឆ្នាំ ២០២១ យន្តហោះចម្បាំងចិនចំនួន ៦ គ្រឿង បានហោះចូលតំបន់ដែលកំណត់អត្តសញ្ញាណការពារអាកាស (ADIZ) របស់កោះនេះទៅហើយ។ នេះគឺជាទិន្នន័យខ្ពស់បំផុត គិតពីឆ្នាំ ១៩៩៦ មក ហើយអ្នកជំនាញនិយាយថា ការធ្វើដូចនេះគឺកំពុងតែធ្វើឱ្យហានិភ័យនៃជម្លោះកាន់តែអាក្រក់ទៅៗ៕