ក្រុង​មីននៀប៉ូលិស៖ ​ក្រុម​អ្នក​តវ៉ា​នៅ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ បាន​ស្វាគមន៍​ការ​ចោទ​ប្រកាន់​ថ្មីៗ​ប្រឆាំង​មន្ត្រី​ក្រុង​មីននៀប៉ូលិស​ចំពោះ​ការ​ស្លាប់​របស់​បុរស​ជនជាតិ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក លោក George Floyd ​ប៉ុន្តែ​មនុស្ស​រាប់​ពាន់​នាក់​នៅ​តែ​ដើរ​ហែ​ក្បួន​នៅ​ក្នុង​ក្រុង​នានា​​នៅ​ទូទាំង​ប្រទេស​នេះ​ចំនួន ​៩ យប់​ជាប់​ៗ​គ្នា ​ដោយ​បាន​ស្រែក​បន្ទរ​ប្រឆាំង​ការ​ប្រកាន់​ពូជសាសន៍​ និង​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ប៉ូលិស​។

ទោះបី​ជា​​ការ​ទាមទារ​សំខាន់​​មួយ​ត្រូវ​បាន​ឆ្លើយ​តប​ក្តី ​ក៏​ក្រុម​បាតុករ​បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​​ទ្រង់ទ្រាយ​ធំៗ​ដោយ​សន្តិវិធី​​ ​​ដែល​​បាន​ទាមទារ​​​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ ​​នៅ​ក្នុង​ក្រុង​ជា​ច្រើន​​ចាប់​ពី​ក្រុង​ញូវយ៉ក​ ដល់​​ក្រុង​ឡូសអេនជឺលេស ​​​​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​​​​ការ​ចោទ​ប្រកាន់​ថ្មីៗ​ត្រូវ​បាន​គេ​ប្រកាស។ ​​​​

សម្ពាធ​ទៅ​លើ​លោក​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ​ខណៈ​អតីត​ប្រមុខ​មន្ទីរ​​បញ្ចកោណ​របស់​លោក​គឺ ​លោក​ ជីម​ ម៉ាធីស ​បាន​ចាប់​ផ្តើម​រិះគន់​យ៉ាង​ធ្ងន់ៗ ​ដោយ​បាន​ចោទ​ប្រកាន់​មេ​ដឹកនាំ​សាធារណ​រដ្ឋ​រូប​នេះ​ថា​បាន​ព្យាយាម​បំបែក​អាមេរិក​ នៅ​ក្នុង​អំឡុង​ភាព​ចលាចល​នេះ​។

នៅ​ក្នុង​ក្រុង​មីនីសូតា ​ក្រុម​រដ្ឋអាជ្ញា​ពី​ដំបូង​បាន​ចោទ​ប្រកាន់​លោក​ Derek Chauvin ​អាយុ ​៤៤ ​ឆ្នាំ​ ជា​មន្ត្រី​ស្បែក​ស​ ដែល​ត្រូវ​បាន​គេ​ឃើញ​ថា​ លោក​យក​ជង្គង់​ទៅ​សង្កត់​ក​របស់​លោក ​Floyd ​រយៈពេល​ជិត ​៩ នាទី ​ដែល​ជា​អំពើ​ឃាតកម្ម​កម្រិត​ទី ៣​។

បាតុករលុតជ​ង្គង់​និង​លើក​​ដៃ​​ក្នុងអំឡុង​ការ​តវ៉ា​​ប្រឆាំង​​ការស្លាប់​រប​ស់ Floyd។AFP

ប៉ុន្តែ​ពួក​គេ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ពួក​គេ​កំពុង​ធ្វើ​ការ​កែ​ប្រែ​ការ​ចោទ​ប្រកាន់​​អំពើ​ឃាតកម្ម​នេះ ​មក​ត្រឹម​អំពើ​ឃាតកម្ម​កម្រិត​ទី ២ ​ដែល​មិន​​ទាក់ទិន​នឹង​​ការ​គិត​ទុក​ជា​មុន​ទេ ​ប៉ុន្តែ​ត្រូវ​ទទួល​ទោស​តឹងរ៊ឹង​បំផុត​។ ​​​​​

សហសេវិក ​៣ ​រូប​របស់​លោក​ Chauvin ​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក​ Floyd ​កាល​ពី​ថ្ងៃ​ទី ​២៥​ ខែ​ឧសភា​ ពី​បទ​ស្វះស្វែង​រក​ទិញ​បារី​ដោយ​ប្រើ​ក្រដាស​ប្រាក់​ក្លែងក្លាយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​នោះ​។

លោក ​Tou Thao ​អាយុ ​៣៤ ​ឆ្នាំ​ លោក​J. Alexander Kueng អាយុ ​២៦ ​ឆ្នាំ ​និង​​លោក ​Thomas Lane អាយុ ​៣៧ ​ឆ្នាំ​ ត្រូវ​បាន​ចោទ​កាន់​​ពី​បទ​​ជួយ ​និង​ញុះញង់​ឲ្យ​មាន​អំពើ​ឃាតកម្ម​កម្រិត​ទី ​៣ ​ហើយ​​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​។

ការ​ចាប់​ខ្លួន​មន្ត្រី​ទាំង ​៤ ​រូប​នេះ ​គឺ​ជា​ការ​ផ្តោត​សម្រាប់​អ្នក​តវ៉ា​រាប់​ម៊ឺន​នាក់​ដែល​បាន​ហែ​ក្បួន​តាម​ផ្លូវ​នានា​​​នៃ​ក្រុង​ជា​ច្រើន​នៅ ​US ​ជា​រឿយៗ​ផ្គើន​នឹង​បម្រាម​គោចរ ​ដើម្បី​ថ្កោល​ទោស​អំពើ​សាហាវ​ព្រៃ​ផ្សៃ​​របស់​ប៉ូលិស និង​ទាមទារ​រក​យុត្តិធម៌​ឲ្យ ​George​ Floyd។

អតីត​ប្រធានាធិបតី​ លោក ​បារ៉ាក់ អូបាម៉ា ​បាន​សរសើរ​ចំពោះ ​«ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​» ​ដែល​លោក​ឃើញ​ក្នុង​ចំណោម​ប្រជាជន US​ ដោយ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ការ​ប្រកាន់​ពូជសាសន៍​នេះ៕ AFP/PSA