ក្រុង​បាកដាដ៖​ ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​នាំ​គ្នា​ដុត​ភ្លើង​នៅ​ក្នុង​ជំរំ​តវ៉ា​ជា​ច្រើន ​កន្លែង​នៅ​ទូទាំង​ប្រទេស ​អ៊ីរ៉ាក់ ​កាល​ពី​ថ្ងៃ​ចន្ទ​ ខណៈ​ប្រទេស​ជាង ​១២ ​បាន​ថ្កោល​ទោស​ប្រតិកម្ម ​«​បង្ក​ឲ្យ​មនុស្ស​ស្លាប់» ដោយ​​កងកម្លាំង​សន្តិសុខ​ដែល​បាន​​ព្យាយាម​បង្ក្រាប​ទៅ​លើ​យុទ្ធនាការ​ស៊ីវិល​នោះ​។​

ការ​ដាក់​សម្ពាធ​ថ្មី​ទៅ​លើ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ បាន​ធ្វើ​ឡើង ​១ ​ថ្ងៃ ​ក្រោយ​ពី​រ៉ុក្កែត ​៣ ​គ្រាប់​ បាន​បាញ់​ចំ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ទីក្រុង​បាកដាដ ​ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​ ហើយ​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​ឡើង​ ក្រោយ​ពី​មាន​ការ​បិទ​បញ្ចប់​ការ​អំពាវនាវ​អស់​ជា​ច្រើន​ខែ​ ប្រឆាំង​ទីកន្លែង​អ្នក​ការ​ទូត​អាមេរិក​។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​៖ «​រដ្ឋាភិបាល​អ៊ីរ៉ាក់​ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​ការពារ​កន្លែង​អ្នក​ការ​ទូត​របស់​យើង​ ធ្វើ​ទៅ​តាម​ច្បាប់​អន្តរជាតិ​»។​

ក្រុម​អ្នក​តវ៉ា​​​​ប្រឆាំង​រដ្ឋាភិបាល​រាប់​រយ​នាក់​ ប្រមូល​ផ្តុំ​នៅ​​​កណ្តាល​ទី​ក្រុង​ ប្រឆាំងការ​​បង្ក្រាប​របស់​​កម្លាំង​សន្តិសុខ។ AFP

ការ​វាយ​ប្រហារ​រ៉ុក្កែត​ទៅ​លើ​ស្ថានទូត​​អាមេរិក​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឡើង​វិញ​ ដែល​ប្រទេស ​អ៊ីរ៉ាក់ ​អាច​នឹង​ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ ខណៈ​រដ្ឋធានី​បាកដាដ​របស់​ខ្លួន​ និង​ទីក្រុង​ភាគ​ខាង​ត្បូង ​ភាគ​ច្រើន​អ្នក​កាន់​និកាយ​ស៊ីអ៊ីត​ ត្រូវ​បាន​រង្គោះរង្គើ​ដោយ​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បំផុត​ និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​អស់​ជា​ច្រើន​ទសវត្សរ៍​។​

ការ​ប្រមូល​ផ្តុំ​ដឹកនាំ​ដោយ​​យុវជន​ បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃទី ១​ ខែ​តុលា​ ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ភាព​គ្មាន​ការងារ​ធ្វើ​ និង​បម្រើ​សេវា​សាធារណៈ​មិន​បាន​ល្អ​ ប៉ុន្តែ​ត្រូវ​បាន​ឆ្លើយ​តប​វិញ​ដោយ​អំពើ​ហិង្សា​ ដែល​ចាប់​តាំង​ពី​ពេល​នោះ​មក ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត ​៤៨០ ​នាក់​ស្លាប់​ ហើយ​ភាគ​ច្រើន​ក្នុង​ចំណោម​ពួក​គេ​ជា​ក្រុម​អ្នក​តវ៉ា​។​

កងកម្លាំង​សន្តិសុខ ​និង​ក្រុម​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​សប្តាហ៍​នេះ​ បាន​ព្យាយាម​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​ប្រមូល​ផ្តុំ​ម្តង​ទៀត​ ​អ្នក​តវ៉ា​ជាង ​២០ ​នាក់​ បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​បង្ក្រាប​​។​

កម្លាំង​​សន្តិសុខ​​អុី​រ៉ាក់​ បាញ់​ឧស្ម័ន​បង្ហូ​រទឹកភ្នែក​ ដើម្បី​​បំបែក​បាតុកម្ម​​ប្រឆាំង​​រដ្ឋាភិបាល​ នៅ​ទី​លានអាល់-ហ្គី​លឡានី។ AFP

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រុម​ឯកអគ្គ​រដ្ឋទូត ​១៦ ​នាក់ ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ ដោយ​បាន​ថ្កោលទោស​ចំពោះ ​«​ការ​ប្រើប្រាស់​កម្លាំង​ច្រើន​ហួសហេតុ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​» ​ហើយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុម​ពលរដ្ឋ​តវ៉ា​ដោយ​សេរី​ នៅ​ក្នុង​ទីក្រុង​បាកដាដ​ និង​នៅ​ទីក្រុង​ភាគ​ខាង​ត្បូង​។​

សេចក្តី​ថ្លែងការណ៍​នោះ ​បាន​ឲ្យ​ដឹង​ថា​៖ «​ទោះបី​ជា​មាន​ការ​អះអាង​របស់​រដ្ឋាភិបាល​ថា​ កងកម្លាំង​សន្តិសុខ​ និង​ក្រុម​ប្រដាប់​អាវុធ​ បាន​បន្ត​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ពិត​ នៅ​ក្នុង​ទីតាំង​ធ្វើ​បាតុកម្ម​ទាំង​នេះ​ក្តី​ ដោយ​បាន​បង្ក​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ និង​រង​របួស​អស់​ជា​ច្រើន​ ខណៈ​ក្រុម​អ្នក​តវ៉ា​ខ្លះ​ បាន​ប្រឈម​មុខ​ការ​គំរាម​កំហែង ​និង​ការ​ចាប់​ជំរិត»​។

សេចក្តី​ថ្លែងការណ៍​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ US អង់គ្លេស​ បារាំង​ អាល្លឺម៉ង់ ​និង ​១២ ប្រទេស​ផ្សេង​ទៀត៕ AFP/SK​