ក្រុងណាស៊ីរីយ៉ាហ៍ៈ ក្រុមអ្នកតវ៉ា២នាក់ ត្រូវបានបាញ់សម្លាប់នៅពេលយប់ នៅក្នុងប្រទេស អ៊ីរ៉ាក់ ភាគខាងត្បូង ជាទីដែលក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកកម្មជាថ្មី ប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ បានធ្វើឲ្យឡើងកំដៅកាន់តែខ្លាំងឡើង ដែលក្រុមអ្នកនយោបាយ បានប្រឈមមុខ ជាមួយចលនាបាតុកម្មទ្រង់ទ្រាយធំបំផុតរបស់ប្រទេសមួយនេះអស់ជាច្រើនទសវត្សរ៍។
ចាប់តាំងពីថ្ងៃទី ១ ខែតុលា រដ្ឋធានីអ៊ីរ៉ាក់និងទីក្រុងនៅភាគខាងត្បូងភាគច្រើនជាក្រុមនិកាយស៊ីអ៊ីត បានចេញធ្វើបាតុកម្មទ្រង់ទ្រាយធំជុំវិញអំពើពុករលួយ ការគ្មានការងារធ្វើ និងសេវាសាធារណៈ មិនបានល្អ ដែលបានក្លាយទៅជាការអំពាវនាវឲ្យមានការរុះរើប្រព័ន្ធគ្រប់គ្រងអំណាចកាន់តែខ្លាំងឡើង។
ក្រុមមេដឹកនាំកំពូល បានទទួលស្គាល់ការទាមទារជាសាធារណៈនោះថា ស្របច្បាប់ ហើយបានសន្យាចាត់វិធានការឲ្យក្រុមអ្នកតវ៉ាស្ងប់អារម្មណ៍ នៅក្នុងនោះមានការជំរុញឲ្យមានតម្លៃពលកម្មខ្ពស់ កំណែទម្រង់ការបោះឆ្នោតនិងផ្លាស់ប្តូរតំណែងគណៈរដ្ឋមន្ត្រីជាដើម។
កាលពីថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ានៅទីក្រុងណាស៊ីរីយ៉ាហ៍ភាគខាងត្បូង បានបិទស្ពានសំខាន់ ៥ កន្លែង បិទសាលារៀន ហើយបានដុតកង់ឡាននៅខាងក្រៅការិយាល័យសាធារណៈដោយការខឹងសម្បារ៕ SK