អ្នកទេសចរជនជាតិបារាំងម្នាក់ឈ្មោះ Benjamin Briere ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ កាលពី ១០ ខែមុន ឥឡូវនេះប្រឈមមុខនឹងការចោទប្រកាន់ពីបទ «ធ្វើចារកម្ម និងឃោសនាប្រឆាំងនឹងប្រព័ន្ធ» នេះបើតាមមេធាវីរបស់លោកបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី ១៥ មីនា។
លោកមេធាវី Saeid Dehghan បាននិយាយថា «កាលពីថ្ងៃអាទិត្យ គាត់ (Briere) ត្រូវបានចោទប្រកាន់ពីបទចារកម្ម និងឃោសនាប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមចំនួន ២ ករណី»។ លោកបានបន្ថែមទៀតថា កូនក្ដីរបស់លោក គឺប្រឈមនឹងការជាប់ពន្ធនាគារជាយូរឆ្នាំ បើសិនត្រូវតុលាការផ្ដន្ទាទោស។ ទេសចរវ័យ ៣៥ ឆ្នាំរូបនេះត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីបានបង្ហោះដ្រូននៅវាលខ្សាច់ក្បែរព្រំដែនទួរមេនីស្ថានអ៊ីរ៉ង់។
ការប្រកាសនេះធ្វើឡើង ខណៈភាពតានតឹងរវាងអ៊ីរ៉ង់ និងប្រទេសលោកខាងលិចកំពុងកើនឡើង។ សហរដ្ឋអាមេរិក និងភាគីអឺរ៉ុបនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលរួមមានប្រទេសបារាំង កំពុងព្យាយាមស្តារកិច្ចព្រមព្រៀង ដែលត្រូវបានបោះបង់ចោលនៅឆ្នាំ ២០១៨ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump៕