តុលាការ​ជាន់ខ្ពស់​ Justice Graham Lang នៅ​ក្រុង​ Gisborne នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​កាត់ទោស​លោក​ John Bracken អាយុ ៥៥ ឆ្នាំ​ឱ្យ​ជាប់​ពន្ធនាគារ ៨ ឆ្នាំ ៦ ខែ​ជុំវិញ​ករណី​ដែល​លោក​បន្លំ​ពន្ធ​រត់គេច​ពី​នាយកដ្ឋាន​ពន្ធដារ​ IRD របស់​នូវែលសេឡង់​ចំនួន ១៧,៣ លាន​ដុល្លារ​តាមរយៈ​បណ្ដឹង​សំណង​ពន្ធ​ទំនិញ​ និង​សេវាកម្ម (GST ) ក្លែងក្លាយ។

សាក្សី​ម្នាក់​របស់​លោក​ Bracken បាន​ជំទាស់​យ៉ាងខ្លាំង​ទៅលើ​ការកាត់ទោស​នេះ​ដោយ​លោក​បាន​ស្រែកថា​ករណីនេះ​នឹងត្រូវ​ប្តឹងទៅ​ឧទ្ធរណ៍​ហើយ​តុលាការ​មិនមាន​យុត្តាធិការ​ក្នុង​ការដាក់​សម្រេច​វា​នោះទេ​ ដោយ​ថា​វា​បាន​ប្រឆាំង​នឹង​គំនិត​ផ្តួចផ្តើម​ដែល​បាន​ព្រមព្រៀងគ្នា​សម្រាប់​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ Māori និង​ Pākehā ។

ការជំទាស់​ទាំងនោះ​ធ្លាប់​ត្រូវបាន​ចៅក្រម​លើកយក​ និង​ច្រានចោល​ បន្ទាប់ពី​ការជំនុំជម្រះ​រយៈពេល ៨ ថ្ងៃ​កាលពី​ខែមីនា​ដែល​បាន​រកឃើញ​ថា​មាន ៣៩ បទចោទប្រកាន់​លើ​លោក​ Bracken ពីបទ​មិន​ស្មោះត្រង់​ក្នុង​ការប្រើប្រាស់​ឯកសារ​ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ។

ការចោទប្រកាន់​នីមួយៗ​តំណាង​ឱ្យ​រយៈពេល​មួយ​របស់ GST ចន្លោះ​ខែ​សីហា​ឆ្នាំ ២០១៤ និង​ខែកក្កដា​ឆ្នាំ ២០១៨ និង​ពាក់ព័ន្ធ​ទៅនឹង​ការនាំចេញ​របស់​ក្រុមហ៊ុន Bracken Enterprises Limited (BEL) - ដែល​មិនមែន​ជា​ប្រតិបត្តិការ​កសិកម្ម​ Matawai របស់​លោក​ដែល​ស្របច្បាប់​នោះទេ។

ព្រះរាជអាជ្ញា Megan Mitchell នៅ​ព្រឹក​នេះ​បាន​និយាយ​ថា​ទោះបីជា​ចំនួន​ប្រាក់​ក្លែងបន្លំ​ត្រូវ​បាន​កាត់បន្ថយ​ពី ១៧,៤ លាន​ដុល្លារ​ក៏ដោយ​ ក៏​ចំនួន​នេះ​នៅតែ​រាប់​ថា​ជាការ​បន្លំ​ដ៏ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ពន្ធ​របស់​នូវែលសេឡង់៕

ហួន ឌីណា