កាលពីថ្ងៃអាទិត្យ ទី ១៧ មករា សកម្មជនរុស្ស៊ីលោក Alexei Navalny បានត្រឡប់ទៅក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី វិញ ក្រោយពីសម្រាកព្យាបាលនៅប្រទេសអាល្លឺម៉ង់។ លោក Navalny ត្រូវបានឃាត់ខ្លួននៅឯព្រលានយន្តហោះម៉ូស្គូ ដែលការចាប់ខ្លួននេះបានធ្វើឱ្យប្រទេសមួយចំនួនបានទាមទារឱ្យមានការដោះលែងរូបលោក។
ពន្ធនាគាររបស់រុស្ស៊ី (Federal Penitentiary Service) កាលពីសប្តាហ៍មុនបានចេញដីកាចាប់ខ្លួនលោក Navalny ដោយនិយាយថា លោកបានរំលោភលក្ខខណ្ឌនៃការព្យួរទោសដែលលោកបានទទួលកាលពីឆ្នាំ ២០១៤ ពីបទកិបកេងប្រាក់។ ពន្ធនាគាររុស្ស៊ីបានស្នើសុំឱ្យតុលាការក្រុងម៉ូស្គូបង្វែរការកាត់ទោសព្យួររយៈពេល ៣ ឆ្នាំកន្លះរបស់លោកឱ្យទៅជាការជាប់ទោសនៅក្នុងពន្ធនាគារវិញ។
ការឃាត់ខ្លូនលោក Navalny អាចធ្វើឱ្យបណ្តាប្រទេសនានានៅអឺរ៉ុបធ្វើការថ្កោលទោសទៅលើរុស្ស៊ី ដោយមានការទាមទារការដាក់ទណ្ឌកម្មរឹតត្បិតទៅលើប្រទេសរុស្ស៊ី ពីសំណាក់ប្រទេសមួយចំនួន។ សមាជិកសហភាពអឺរ៉ុបដូចជា ប្រទេសលីទុយអានី ឡេតូនី និងអេស្តូនៀក៏បានអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការរឹតត្បិតនានាប្រឆាំងនឹងរុស្ស៊ី។
រដ្ឋមន្រ្តីក្រសួងការបរទេសលីទុយអានី Gabrielius Landsbergis បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ភាគីអន្តរជាតិមួយចំនួនទៀតប្រតិកម្មទៅលើការចាប់ខ្លួនលោក Navalny ថា ជាការរំលោភសិទ្ធិមនុស្ស និងការប្រើមធ្យោបាយនយោបាយ ដើម្បីចាប់ខ្លួនរូបលោក។ អង្គការសិទ្ធិមនុស្ស Amnesty International បាននិយាយថា អ្នកនយោបាយរុស្ស៊ីបានក្លាយជាអ្នកទោសដែលនេះបង្ហាញថា អាជ្ញាធររុស្ស៊ីបានកំពុងធ្វើសកម្មភាព ដើម្បីបំបិទមាត់លោក Navalny។
លោក Natalia Zviagina ប្រធានការិយាល័យក្រុងម៉ូស្គូរបស់អង្គការ Amnesty International បាននិយាយថា៖ «ការចាប់ខ្លួនលោក Navalny គឺជាភ័ស្តុតាងបន្ថែមទៀតដែលបង្ហាញថា អាជ្ញាធររុស្ស៊ីកំពុងព្យាយាមបំបិទមាត់លោក»។
លោក Navalny បានវិលត្រឡប់ពីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្រោយពីបានសម្រាកព្យាបាលនៅទីនោះដោយសារលោកត្រូវគេបំពុលអំឡុងពេលដែលលោកនៅលើយន្តហោះកាលពីខែសីហា ឆ្នាំមុន។ ក្រោយពីលោកត្រូវបានគេបំពុលមក រុស្ស៊ីត្រូវបានចោទប្រកាន់ថានៅពីក្រោយករណីនេះ។
វេជ្ជបណ្ឌិតអាល្លឺម៉ង់បាននិយាយថា លោក Navalny ត្រូវបានគេបំពុលដោយថ្នាំដែលស្រដៀងទៅនឹងថ្នាំដែលគេប្រើដើម្បីបំពុលអតីតភ្នាក់ងាររុស្ស៊ីលោក Sergei Skripal កាលពីឆ្នាំ ២០១៨។ មានគេហទំព័រស៊ើបអង្កេត Bellingcat បានរាយការណ៍កាលពីខែធ្នូថា មានភ្នាក់ងារសន្តិសុខរបស់រុស្ស៊ីមានវត្តមាននៅពេល Navalny ត្រូវបានបំពុលនៅទីក្រុង Tomsk។ ប៉ុន្តែវិមានក្រឹមឡាំងបដិសេធទៅលើការចោទប្រកាន់នេះ៕