
លោក William Sweeney ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មាន។ AFP
អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិអាមេរិកដែលមានមូលដ្ឋាននៅរដ្ឋម៉ាសាឈូសេតត្រូវបានគេចោទប្រកាន់ថាធ្វើការជាសម្ងាត់ឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ ខណៈបុគ្គលនេះប៉ុនប៉ងបញ្ជុះបញ្ចូលមន្ត្រីសហរដ្ឋអាមេរិកទាក់ទិននឹងគោលនយោបាយនុយក្លេអ៊ែរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរថ្នាក់ជាតិរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។
ទីភ្នាក់ងារ FBI បានចាប់ខ្លួនលោក Kaveh LotfolahAfrasiabi នៅឯផ្ទះរបស់គាត់នៅទីក្រុង Watertown ក្នុងរដ្ឋម៉ាសាឈូសេតកាលពីថ្ងៃចន្ទ។ លោកត្រូវបានតុលាការរដ្ឋញូវយ៉ក ចោទប្រកាន់ពីបទធ្វើសកម្មភាព និងឃុបឃិតធ្វើសកម្មភាព ធ្វើជាទីភ្នាក់ងារដែលមិនបានចុះបញ្ជីឱ្យអ៊ីរ៉ង់។
អាជ្ញាធរបាននិយាយថាលោក Afrasiabi ជាពលរដ្ឋអ៊ីរ៉ង់ និងជាពលរដ្ឋអចិន្រៃ្តយ៍ស្របច្បាប់របស់សហរដ្ឋអាមេរិក ហើយធ្វើការក្រោមការឧបត្ថម្ភដោយអ្នកការទូតអ៊ីរ៉ង់ និងត្រូវបានចាត់ឱ្យទៅធ្វើបេសកកម្មអចិន្រៃ្តយ៍ឱ្យសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក ចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។ ក្រុមមន្ត្រីបានបន្តថា ជារឿយៗ លោកតែងបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍សរសេរអត្ថបទ និងបញ្ចុះបញ្ចូលមន្ត្រីអាមេរិកដើម្បីគាំទ្ររបៀបវារៈរបស់រដ្ឋាភិបាលអ៊ីរ៉ង់ទៀតផង។
គួរបញ្ជាក់ផងដែរថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបើកបណ្តឹងចោទប្រកាន់លោក Afrasiabi ទាក់ទិននឹងសកម្មភាពឃុបឃិតធ្វើជាភ្នាក់ងារបរទេស ដែលមិនបានចុះបញ្ជីជាផ្លូវការជាមួយអ៊ីរ៉ង់ដោយរំលោភច្បាប់ ចុះឈ្មោះភ្នាក់ងារបរទេស (FARA)។
FARA គឺជាលក្ខន្តិកៈមួយនៃការបង្ហាញជាសាធារណៈមួយដែលបានបង្កើតឡើង ដើម្បីលើកកម្ពស់តម្លាភាពនៅក្នុងវិស័យនយោបាយប្រព័ន្ធផ្សព្វផ្សាយ និងសណ្តាប់ធ្នាប់សាធារណៈរបស់សហរដ្ឋអាមេរិកក្នុងចំណោមប្រទេសដទៃទៀតទាក់ទិនទៅនឹងឥទ្ធិពលបរទេស។
ក្នុងឆ្នាំ ២០០៩ លោក Afrasiabi បានជួយសមាជិកសភាដែលមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើសេចក្តីព្រាងស្ដីអំពីកិច្ចចរចានុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទៅឱ្យប្រធានាធិបតីលោក Barack Obama។ យ៉ាងណាមិញ លោកមិនដែលបានប្រាប់ជាសាធារណៈថាលោក ធ្វើការឱ្យអ៊ីរ៉ង់ទេ។
បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់យោធាអាមេរិកនៅខែមករា ឆ្នាំ ២០២០ ដែលបានសម្លាប់ឧត្តមសេនីយ៍លោក Qassem Soleimani ដែលជាប្រមុខកងកម្លាំង Quds របស់អ៊ីរ៉ង់លោក Afrasiabi បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងតំណាងអចិន្រៃ្តយ៍របស់អង្គការសហប្រជាជាតិថា ដើម្បីជាការឆ្លើយតបអ៊ីរ៉ង់គួរតែ «បញ្ឈប់រាល់ការត្រួតពិនិត្យ និងបញ្ចប់រាល់ព័ត៌មាន ទាក់ទិននឹងសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ដែលកំពុងតែរង់ចាំការថ្កោលទោស (ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ) ពីបទឧក្រិដ្ឋខុសច្បាប់ ដែលជាច្បាប់របស់អាមេរិក»។
យោងទៅតាមឯកសាររបស់តុលាការលោក Afrasiabi បានសរសេរថា ការធ្វើដូចនេះ វាជា វិធីដែល «បំបាក់ទឹកចិត្តសត្រូវ» និង «ធ្វើឱ្យលោក Donald Trump ចុះខ្សោយ ប៉ុន្តែពង្រឹងសមត្ថភាពគូប្រជែងគាត់វិញ» ។
ជំនួយការអគ្គព្រះរាជអាជ្ញាលោក John Demers បាននិយាយថា លោក Afrasiabi បានបង្ហាញខ្លួនឱ្យសភាអ្នកសារព័ត៌មាន និងសាធារណជនអាមេរិកថាជាអ្នកជំនាញអព្យាក្រឹត និងគោលដៅ ១ រូបទាក់ទិននឹងប្រទេសអ៊ីរ៉ង់។
លោក William Sweeney ជំនួយការនាយកទទួលបន្ទុកការិយាល័យនៅញូវយ៉ក របស់ភ្នាក់ងារ FBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោក Afrasiabi មិនដែលប្រាប់សមាជិកសភាអ្នកសារព័ត៌មាន ឬអ្នកផ្សេងទៀត ថាតួនាទីរបស់លោកមានឥទ្ធិពលទៅលើប្រទេសរបស់យើង ឬថាខ្លួនគាត់ទទួលថវិកាពីរដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការចាក់ពណ៌វិជ្ជមានពីប្រទេសនេះឡើយ»។
លោក Alireza Jafarzadeh នាយករងការិយាល័យយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវជាតិ NCRI នៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកត្រួតពិនិត្យនៅទីក្រុងវ៉ាស៊ីនតោនថា «វាជាសកម្មភាព គួរតែធ្វើ ប៉ុន្តែហួសពេលយូរពេក»។
លោក Jafarzadeh បាននិយាយថា៖ «ជាអកុសលក្នុងរយៈពេល ៣ ទសវត្សរ៍របបអ៊ីរ៉ង់បានបើកដំណើរការបណ្តាញ ភ្នាក់ងារ និងប្រតិបត្តិករជាច្រើនដែលភាគច្រើនជាជនជាតិអាមេរិក និងរំលោភច្បាប់អាមេរិក ច្បាស់ណាស់។ និទណ្ឌភាពដែលរដ្ឋាភិបាលក្រុងតេអេរ៉ង់ក្នុងការដាក់ប្រេសិតរបស់ខ្លួននៅសហរដ្ឋអាមេរិកបានធ្វើឱ្យពួកគេមានការរីកចម្រើន»៕