
លោក Volodymyr Zelensky (ឆ្វេង) និងលោក Justin Trudeau ធ្វើសន្និសីទកាសែតរួម។ AFP
ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះ បាននិងកំពុងបង្កើនចំនួនយោធាជាច្រើនខុសពីធម្មតានៅតាមព្រំដែនប្រទេសអ៊ុយក្រែន ដែលមានភាពផ្ទុយស្រឡះនឹងបទបញ្ជារបស់អង្គការណាតូ។ អ្នកវិភាគមួយចំនួនយល់ថា ចំណាត់ការនេះ អាចនឹងធ្វើឱ្យទំនាក់ទំនងរវាងរុស្សី និងអង្គការណាតូតឹងតែងជាងទំនាក់ទំនងរវាងរុស្សី និងអាមេរិកទៅទៀត។
ចំណាត់ការរុស្ស៊ីក្នុងការបង្កើនចំនួនយោធាតាមព្រំដែននេះ ធ្វើឡើងក្រោយអង្គការណាតូសម្តែងការព្រួយបារម្ភកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅជុំវិញចំនួនយោធារុស្ស៊ីដ៏ធំមួយនៅជិតភាគខាងកើតអ៊ុយក្រែនដែលជាហេតុបណ្ដាលឱ្យសមាជិកឈានមុខអាមេរិកសន្យាថា នឹងជួយគាំទ្រយោធាអ៊ុយក្រែនជានិច្ច ប្រសិនបើមានករណីឈ្លានពានណាមួយពីសំណាក់ប្រទេសរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទប្រមូលផ្តុំកងទ័ពនៅតាមព្រំដែន ហើយបាននិយាយថា ទាហានអ៊ុយក្រែន ២០ នាក់ ត្រូវបានសម្លាប់បើគិតចាប់តាំងពីដើមឆ្នាំនេះ។
ជាការឆ្លើយតបនឹងរបាយការណ៍ផ្សេងៗ ដែលបានលើកឡើងអំពីផែនការវាយប្រហារអ៊ុយក្រែន មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានហៅរបាយការណ៍ទាំងនោះថា ជាពាក្យចចាមអារ៉ាម «មិនពិត»។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Andrei Rudenko បានឱ្យដឹងថា៖ «ប្រទេសរុស្ស៊ី មិនចាប់អារម្មណ៍នឹងបង្កជម្លោះណាមួយជាមួយប្រទេសអ៊ុយក្រែនទេ ជាពិសេសទាក់ទិននឹងបញ្ហាយោធា»។
ការបង្កើនកម្លាំងនៅតាមព្រំដែនអ៊ុយក្រែនរួមផ្សំជាមួយនឹងការរំលោភបទឈប់បាញ់រាប់រយករណីនៅលើទឹកដីភាគខាងកើតនៃប្រទេសអ៊ុយក្រែន បានធ្វើឱ្យអង្គការណាតូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងអំពាវនាវឱ្យមានការពិភាក្សាពីសមាជិកជាន់ខ្ពស់ពីសំណាក់រដ្ឋបាលលោក Joe Biden និងសមភាគីអ៊ុយក្រែន-រុស្ស៊ីផងដែរ។
មន្ត្រីណាតូ (NATO) ម្នាក់ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សកម្មភាពអស្ថិរភាពរបស់រុស្ស៊ីអាចធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនប្រទេសទាំង។ យ៉ាងណាមិញអង្គការណាតូនឹងបន្តគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយយើងនៅតែមានការប្រុងប្រយ័ត្ន និងបន្តតាមដានស្ថានការណ៍នេះឱ្យបានដិតដល់»។
ដោយឡែកវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃសុក្រថា រាល់ការដាក់ពង្រាយកងទ័ពរបស់អង្គការណាតូ ដើម្បីគាំទ្រអ៊ុយក្រែន កាន់តែបង្កើនភាពតានតឹងបន្ថែមទៀត ហើយកាន់តែជំរុញឱ្យរុស្ស៊ីចាត់វិធានការបន្ថែម ដើម្បីការពារខ្លួនផងដែរ។
អតីតមន្ត្រីមន្ទីរ Pentagon សហរដ្ឋអាមេរិក លោក James Townsendបានមើលឃើញថា នេះគឺជាការខិតខំប្រឹងប្រែងយ៉ាងច្បាស់របស់រុស្ស៊ី ដើម្បីចង់សាកនឹងរដ្ឋបាលថ្មីរបស់អាមេរិក ដែលកំពុងតែសិក្សា និងពិនិត្យឡើងវិញនូវគោលនយោបាយស្តីពីវិធីធ្វើយុទ្ធសាស្ត្រថ្មី ដើម្បីស្ដារទំនាក់ទំនងជាមួយនឹងប្រទេសរុស្ស៊ី។
លោក Robert Lee អ្នកវិភាគស្ដីអំពីបញ្ហាយោធារុស្ស៊ីនៅទីក្រុងឡុងដ៍ បាននិយាយថា ៖ «ទាក់ទិននឹងចំណាត់ការរបស់រុស្ស៊ី ខ្ញុំគិតថាវាទំនងជាមានគោលបំណងរារាំងអ៊ុយក្រែនពីការវាយលុកនាពេលអនាគតនៅក្នុងតំបន់។ ប្រទេសរុស្ស៊ី កំពុងបង្ហាញថា ពួកគេរក្សានូវឥទ្ធិពលឈានមុខគេ»។
ជាមួយគ្នានេះដែរ អនុប្រធាននៃមជ្ឈមណ្ឌលសិក្សាអឺរ៉ុប និងអន្តរជាតិនៅមហាវិទ្យាល័យនៅរុស្ស៊ី លោក Dmitry Suslov បាននិយាយថា ប្រទេសរុស្ស៊ី និងណាតូ (NATO) នឹងមានទំនាក់ទំនងប្រឈមមុខច្រើនជាងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ព្រោះថាប្រទេសរុស្ស៊ី មិនមានតំបន់ណាសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាសម្ព័ន្ធមិត្តទេ។
លោកបានបន្តថា៖ «ទោះបីជាយ៉ាងណាក៏ដោយអន្តរកម្មរវាងរុស្ស៊ី-អាមេរិកនៅតែមានឱកាសសម្រាប់ផ្ដល់នូវរបៀបវារៈវិជ្ជមានមួយ និងធាតុផ្សំនៃកិច្ចសហប្រតិបត្តិការទូទៅ បើទោះបីជាមានលក្ខណៈតិចតួចបំផុតដូចជា ការគ្រប់គ្រងអាវុធតំបន់អាក់ទិក (Arctic) បញ្ហាអាកាសធាតុ និងតំបន់មួយចំនួនទៀតជាដើម»។
លោកបានបន្ថែមថា៖ «ដោយឡែកសម្រាប់ទំនាក់ទំនងរវាងរុស្ស៊ី និងអង្គការណាតូ (NATO) វិញ អាចនឹងមិនមានរបៀបវារៈវិជ្ជមាន ដូចជាមួយអាមេរិកទេ ពោលគឺមានតែការប្រឈមមុខដាក់គ្នា។ ទន្ទឹមនឹងនេះ អង្គការណាតូ (NATO) បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការបង្រួបបង្រួមប្រឆាំងនឹងរុស្ស៊ីនៅតំបន់អាត្លង់ទិក ហើយកិច្ចប្រជុំកំពូលចុងក្រោយនៃសម្ព័ន្ធអាត្លង់ទិកខាងជើង (the North Atlantic Alliance) គឺជាភ័ស្ដុតាងដែលបញ្ជាក់ថា ទំនាក់ទំនងនៃភាគីទាំង ២ នេះ មិនសូវល្អប៉ុន្មានឡើយ»៕