បើទោះ​ជា​មាន​ភាព​ជឿជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​ជំរុញ​សន្តិភាព​ពិភព​លោក​ចាប់​ផ្ដើម​ពី​ឆ្នាំ​នេះ​ទៅ​ក្ដី អ្នក​ជំនាញ​មួយ​ចំនួន​នៅ​ទូទាំង​តំបន់​ឥឡូវ​នេះ​ជឿជាក់​លើ​ប្រទេស​ចិន ​អាច​នឹង​ជំនួស​តំណែង និង​វ៉ា​ដាច់​ពាណិជ្ជកម្ម​អាមេរិក​នៅ​តំបន់​អាស៊ាន​វិញ។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak Institute របស់​សិង្ហបុរី។

ជាមួយ​គ្នា​នេះ​ អ្នក​វិភាគ​មួយ​ចំនួន​ក៏​បាន​និយាយ​ដែរ​ថា ​ភាព​ធ្វេស​ប្រហែស​នៃ​នយោបាយ​បរទេស​របស់​អាមេរិក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជំរុញ​ឱ្យ​ប្រទេស​អាស៊ាន​ចូល​ក្នុង​គន្លង​សេដ្ឋកិច្ច​ចិន ​បើ​ទោះបី​ជា​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង​នៅ​តែ​ជា​ក្តី​បារម្ភ​សម្រាប់​ប្រជាជន​ជាច្រើន​នៅ​ក្នុង​តំបន់​នេះ​ក៏​ដោយ។

លោក David Shambaugh សាស្ត្រាចារ្យ​ជំនាញ​សិក្សា​អាស៊ី ​និង​ជា​ប្រធាន​កម្មវិធី​គោល​នយោបាយ​ចិន​នៃ​សាកលវិទ្យាល័យ ​George Washington University បាន​និយាយ​ថា ទោះបី​កេរ្តិ៍​ឈ្មោះ​របស់​ចិន​នៅ​តំបន់​អាស៊ាន​មិន​សូវ​ជា​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រទេស​ចំនួន ៧ ក្នុង​ចំណោម​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ហាក់​ដូច​កំពុង​ងាក​ខ្លួន​ទៅ​រក​រដ្ឋាភិបាល​ចិន​ជាជាង​សហរដ្ឋ​អាមេរិក។ មាន​តែ​ប្រទេស​វៀតណាម សិង្ហបុរី និង​ហ្វីលីពីន ​ប៉ុណ្ណោះ​ដែល​ហាក់​ដូច​មាន​ទំនោរ​នឹង​ទីក្រុង​វ៉ាស៊ីនតោន។

លោក​បាន​បន្ថែម​ថា៖ «នេះ​អាច​រាប់​បាន​ថា ជា​ការ​ជោគជ័យ​មួយ​ដែរ ដែល​ចិន​ធ្វើ​ឱ្យ​ប្រទេស​ខ្លួន​មាន​វត្តមាន​លើ​តំបន់​អាស៊ីអាគ្នេយ៍ វត្តមាន​នេះ​ធំ​ណាស់​ដល់​ថ្នាក់​យើង​ត្រូវ​ដុត​ដៃ​ដុត​ជើង ដើម្បី​ការពារ​កុំឱ្យ​វត្តមាន​នេះ​ពង្រីក​ខ្លួន​ជាង​នេះ ហើយ​ពួក​យើង​ក៏​មិន​សប្បាយ​ចិត្ត​នឹង​ធ្វើ​ដូចនេះ​ដែរ។ ប្រជាជន​អាស៊ីអាគ្នេយ៍​ពិត​ជា​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​មាន​វត្ត​មាន​កាន់​តែ​ច្រើន។ ប៉ុន្តែ​បទពិសោធ​សហរដ្ឋ​អាមេរិក​នៅ​តំបន់​នេះ នៅ​តែ​ជា​បទពិសោធ​មិន​សូវ​ល្អ។ ដូច្នេះ​តំបន់​នេះ​នៅ​មាន​ភាព​មិន​ប្រាកដប្រជា​ជាមួយ​អាមេរិក​នៅ​ឡើយ (ដែល​កើត​ចេញ​មក​ពី​ការ​ធ្វេស​ប្រហែស​របស់​អាមេរិក)»។

លោក Shambaugh ក៏​ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​មូលនិធិ ​Hinrich Foundation នៅ​ដើម​ខែ​​នេះ​ថា រដ្ឋបាល​របស់​លោក Joe Biden មិន​មាន​គោលការណ៍​កំណត់​ក្នុងការ​ស្ដារ​ទំនុក​ចិត្ត​ជាមួយ​អាស៊ីអាគ្នេយ៍​ទេ ពី​ព្រោះ​គោលការណ៍​លោក​ភាគ​ច្រើន​ទំនង​ដាក់​លើ​តែ​ករណី​ណា​ដែល​មាន​ប្រតិកម្ម​ឆាប់​រហ័ស​ត្រឡប់​មក​គោលការណ៍​ខ្លួន​ប៉ុណ្ណោះ។

យ៉ាងណា​មិញ​អត្ថបទ​ទើប​តែ​ចេញ​របស់​លោក Kurt Campbell ជំនួយ​ការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក បាន​សរសេរ​ថា៖ «បើ​ទោះបី​រដ្ឋ​ឥណ្ឌូប៉ាស៊ីហ្វិក​ស្វែងរក​ជំនួយ​ពី​សហរដ្ឋអាមេរិក ​ដើម្បី​ការពារ​ស្វ័យភាព​របស់​ខ្លួន ការពារ​វត្តមាន​ច្រើន​ហួស​របស់​ចិន​ក៏​ដោយ ក៏​ពួក​គេ​ដឹង​ច្បាស់​ណាស់​ថា ការ​ធ្វើ​ដូច​នេះ ​គឺ​មិន​អាច​ទៅ​រួច​ហើយ​ក៏​មិន​ចំណេញ​ដែរ​ក្នុង​ការ​ដក​ទីក្រុង​ប៉េកាំង​ចេញពី​អនាគត​ដ៏​រស់​រវើក​របស់​អាស៊ី»។

ដំណោះស្រាយ​ប្រសើរ​ជាង​នេះ គឺ​សហរដ្ឋ​អាមេរិក និង​ដៃគូ​របស់​ខ្លួន​ត្រូវ​បញ្ចុះបញ្ចូល​ប្រទេស​ចិន ​ថា ការ​ប្រកួតប្រជែង​រវាង​ចិន និង​អាមេរិក ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​ខ្លួន​ផង​ដែរ ​ប៉ុន្តែ​ប្រទេស​ក្នុង​តំបន់​បាន​រៀបចំ​ឡើង​តម្រូវការ​ចាំបាច់​មួយ​ចំនួន​ដូចជា ទីតាំង​សម្រាប់​អ្នក​វិនិយោគ​ទីក្រុង​ប៉េកាំង​សមាជិក​ភាព​ជនជាតិ​ចិន​នៅ​ក្នុង​ស្ថាប័ន​ចម្បង​តាម​លំដាប់ បរិយាកាស​ពាណិជ្ជកម្ម​ដែល​ងាយ​ព្យាករ​បាន ប្រសិន​បើ​ប្រទេស​ចិន ​ដើរ​ធ្វើ​តាម​បំណង​របស់​តំបន់​នេះ»។

ក្រុមហ៊ុន​អាមេរិក​ជាង ៤ ២០០ កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ាន​រួមមាន​ជិត ៧០ ភាគរយ ​នៃ​សហគ្រាស​ពហុជាតិ​អាមេរិក​ចំនួន ១២៤ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង Global Fortune 500 ដែលជា​​បញ្ជី​នៃ​ក្រុមហ៊ុន​ធំៗ ចំនួន ៥០០ ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក។

លោក Lennard Yong អគ្គនាយក​ក្រុមហ៊ុន Tricor Group ជំនាញ​ខាង​ពង្រីក​អាជីវកម្ម​នៅ​អាស៊ី​មើល​ឃើញ​ពី​ការ​វិនិយោគ​របស់​ចិន​ថា អាច​នឹង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​នាពេល​អនាគត ទោះបី​ជា​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ និង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​បណ្តា​ប្រទេស​នៅ​ក្នុង ១៥ ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។

លោក Yong បាន​មាន​ប្រសាសន៍​ថា៖ «កាល​ពី​មុន​ជនជាតិ​ចិន គ្រាន់​តែ​ចូលរួម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំចេញ នាំចូល​ធម្មតា។ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​យើង​ឃើញ​មាន​ភាព​វិវឌ្ឍ​ជាង​មុន។ ពួក​គេ​កំពុង​វិនិយោគ​ប្រាក់​ដុល្លារ​ច្រើន​គួរ​សម​បង្កើត​រោងចក្រ និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ សម្រាប់​គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​សម្រាប់​ពាណិជ្ជកម្ម​ធម្មជាតិ​នៅ​អាស៊ាន​ផងដែរ»។

ទោះ​យ៉ាង​ណា​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង​នៅ​តែ​ជា​បុព្វហេតុ​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​នៅ​ចំពោះ​ប្រទេស​ក្នុង​តំបន់។ ការ​ស្ទង់មតិ​របស់​អ្នក​សិក្សា​កាល​ពី​សប្តាហ៍​មុន ដើម្បី​ស្ទង់មតិ​មន្ត្រី​រដ្ឋាភិបាល និង​ឥស្សរជន​អាជីវកម្ម​ចំនួន ១ ០៣២ នាក់ ​មក​ពី​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak Institute របស់​សិង្ហបុរី​បាន​រក​ឃើញ​ថា អ្នក​ឆ្លើយ​សំណួរ​ជាង ៨៨% មាន​ការ​ព្រួយ​បារម្ភ​អំពី «ឥទ្ធិពល​ក្នុង​តំបន់ និង​នយោបាយ» ដែល​កំពុង​កើន​ឡើង​របស់​ចិន​ពោល គឺ​កើន​ឡើង ៣% បើ​ប្រៀបធៀប​នឹង​សំណួរ​ដដែល​កាល​ពី​ឆ្នាំ​មុន។

ដោយ​ឡែក​ប្រទេស​ចិន ​វិញ ​បើ​តាម​ទិន្នន័យ​ទីភ្នាក់ងារ​ស្ថិតិ​អឺរ៉ុប Eurostat បាន​ឱ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​អឺរ៉ុប​ជាមួយ​ចិន​បាន​កើន​ឡើង​ដល់ ៧១១ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២០ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​មាន​ត្រឹម ៦៧៣ ពាន់​លាន​ដុល្លារ​អាមេរិក។

ការ​នាំចេញ​របស់​សហភាព​អឺរ៉ុប​ជាមួយ​ចិន​កើន​ឡើង ២,២% ខណៈ​ការ​នាំចូល​ពី​ចិន​បាន​កើន​ឡើង ៥,៦%។ ដោយឡែក​ការ​នាំចេញ​របស់​សហគមន៍​អឺរ៉ុប​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ ១៣,២% ក្នុង​រយៈពេល​ដូចគ្នា និង​ការ​នាំចូល ៨,២%៕