រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ និយតករ​ឱសថ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន ​២ ទី១​ គឺ​របស់​ក្រុមហ៊ុន​អង់គ្លេស/​ស៊ុយអែត​ AstraZena និង​សាកល​វិទ្យាល័យ Oxford​ ហើយ​វ៉ាក់សាំង​មួយ​ទៀត​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​សោតទស្សន៍​ឥណ្ឌា​លោក ​Prakash ​ Javadekar ​បាន​និយាយ​ថា ​ក្រុម​អ្នក​ជំនាញ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង ​AstraZeneca/Oxford ក្នុង​គ្រាអាសន្ន​តាំង​ពី​ថ្ងៃ​សុក្រ ​ទី ​១ មករា​ ធ្វើ​ឱ្យ​វ៉ាក់សាំង​នេះ​ក្លាយ​ជា​​វ៉ាក់សាំង​កូវីដ ១៩ ​ដំបូង​គេ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ឥណ្ឌា។

លោក ​Javadekar ​បាន​និយាយ​ថា៖ ​«ឆ្នាំ​មុន​បាន​ចាប់​ផ្ដើម ​​​ជាមួយ​កូរ៉ូណា​ប៉ុន្តែ​ឆ្នាំ​នេះ​ កំពុង​ចាប់​ផ្ដើម​ជាមួយ​វ៉ាក់សាំង»។

វ៉ាក់សាំង​នេះ ​នឹង​ត្រូវ​ផលិត​ក្នុង​ស្រុក​ក្រោម​ឈ្មោះ ​COVISHIELD​ ដោយ​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា ​(SII)​ ដែល​ជា​ផលិតករ​វ៉ាក់សាំង​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​ បើ​គិត​តាម​បរិមាណ។ ​SII បាន​ចាប់​ផ្ដើម​ផលិត​វ៉ាក់សាំង​ AstraZeneca ​ទ្រង់ទ្រាយ​ធំ​​តាំង​ពី​មុន​ពេល​ចាប់​ផ្ដើម​ការ​សាកល្បង​​មក​ម្ល៉េះ​ហើយ​មក​ដល់​ពេល​នេះ​បាន​ស្តុក​ទុក​ចំនួន ​៥០ ​លាន​ដូស ដែល​នឹង​ត្រូវ​លក់​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្នុង​តម្លៃ​ប្រហែល ២៥០ រូពី ​(៣,៤២ ដុល្លារ) ​ក្នុង ​១ ​ដូស ​និង ១ ០០០ ​រូពី លើ​ទីផ្សារ​ឯកជន។​ នាយក​ប្រតិបត្តិ ​SII បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់ ​៥០% ​នៃ​វ៉ាក់សាំង​ដែល​ពួក​គេ​ផលិត​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ប្រទេស​ឥណ្ឌា។

វ៉ាក់សាំង ​AstraZeneca ​គឺ​ងាយ​ស្រួល​ផលិត ​ងាយ​ស្រួល​រក្សា​ទុក​ ងាយ​ស្រួល​ប្រើប្រាស់ ​និង​មាន​តម្លៃ​ទាប​ បើ​ប្រៀបធៀប​ជាមួយ​នឹង​វ៉ាក់សាំង​Pfizer/BioNTech ​និង​វ៉ាក់សាំង Morderna​ ធ្វើ​ឱ្យ​វ៉ាក់សាំង​នេះ​ល្អ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ និង​សម្បូរ​តំបន់​ជនបទ​ដូចជា​ប្រទេស​ឥណ្ឌា។

បើទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​វ៉ាក់សាំង ​AstraZeneca ​បាន​បង្ក​ឱ្យ​មាន​ភាព​មិន​ទុក​ចិត្ត​ទាក់ទង​នឹង​ភាព​មិន​ច្បាស់លាស់​​ទំហំ​ដូស​ដែល​មាន​ប្រសិទ្ធភាព​ល្អ។ កាល​ពី​ខែ​វិច្ឆិកា ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព ​៦២% ​ក្រោយ​ពី​ការ​ចាក់​ចំនួន​ ​២ ដូស​ តែ​ក្រោយ​មក​រក​ឃើញ​ថា ​​មាន​ប្រសិទ្ធ​ភាព ​៩០% ក្នុង​ជន​​​ស្ម័គ្រ​ចិត្ត​ដែល​ត្រូវ​បាន​គេ​ច្រឡំ​ផ្ដល់​ឱ្យ​ពាក់​កណ្ដាល​ដូស​ក្នុង​ការ​ចាក់​​លើក​ទី១ ​និង​ដូស​ពេញ​នៅ​​ក្នុង​ការ​ចាក់​លើកទី​២។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​គឺ ​«ស្ថិត​ក្រោម​លក្ខខណ្ឌ​បទប្បញ្ញត្តិ» ​តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​លក្ខខណ្ឌ​ទាំង​នោះ​។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសោតទស្សន៍ឥណ្ឌា លោក Prakash Javadekar (កណ្តាល​) ថ្លែង​ក្នុង​សន្និសីទកាសែត​​​​​​នៅក្រុ​ងញូវ​ដេលី។ AFP

វ៉ាក់សាំង​មួយ​ទៀត​ដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​អនុញ្ញាត​​ឱ្យ​ប្រើប្រាស់ ​គឺ​វ៉ាក់សាំង ​COVAXIN ​ផលិត​ក្នុង​ស្រុក​ដោយ​ក្រុមហ៊ុន​ Bharat Biotech និង​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា។ ការ​អនុញ្ញាត នេះ​ បាន​ធ្វើ​ឡើង ​ខណៈ​ពេលដែល​មាន​ព័ត៌​មាន​ជា​សាធារណៈ​តិចតួច​អំពី​លទ្ធផល​ការ​សាកល្បង​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា​ រដ្ឋាភិបាល​​បាន «ផ្តល់​ការ​អនុញ្ញាត​សម្រាប់​ការ​ប្រើប្រាស់​មាន​កម្រិត​​​ក្នុង​ស្ថានភាព​អាសន្ន​ក្នុង​​ផលប្រយោជន៍​សាធារណៈ​​ជា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​របៀប​ជា​ការ​សាកល្បង​គ្លីនិក​ ជាពិសេស​ក្នុង​បរិបទ​នៃ​ការ​ឆ្លង​វ៉ារ្យ៉ង់​ថ្មី​»។

ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​អនុញ្ញាត​ឱ្យ​វ៉ាក់សាំង​ទាំង ​២ ​​នេះ​គឺ​ការ​អនុម័ត​ជា​ផ្លូវ​ការ​ដោយ​​ប្រធាន​របស់​អង្គការ​ត្រួត​ពិនិត្យ​ស្តង់ដា​ឱសថ ​ដែល​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ។ ឥណ្ឌា​មាន​គម្រោង​ចាប់​ផ្ដើម​ការ​​ចាក់​វ៉ាក់សាំង​នៅ​ខែ​មករា​នេះ ​ដោយ​មាន​គោលដៅ​ចាក់​ជូន​ប្រជាជន​ចំនួន​ ៣០០ លាន​នាក់​ក្នុង​រយៈ​ពេលពី ​៦ ​ទៅ ​៨ ខែ​ខាង​មុខ។ ក្រសួង​សុខាភិបាល​ឥណ្ឌា គឺ​គ្រោង​នឹង​ផ្តល់​អាទិភាព​ចាក់​ជូន​បុគ្គលិក​សុខាភិបាល​ជាង ​៣០ លាន​នាក់ ​ដោយ​ឥត​គិត​ថ្លៃ។

ក្រៅ​ពី​វ៉ាក់​សាំង​ទាំង ​២ នេះ ​លោក​រដ្ឋមន្ត្រី ​Prakash Javadekar ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ​វ៉ាក់សាំង ​២ ផ្សេង​ទៀត​គឺ​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ ​គឺ​វ៉ាក់សាំង​ ZyCoV-D ផលិត​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ Zydus Cadila ​និង ​Sputnik V​ របស់​រុស្ស៊ី។

សេចក្ដី​ប្រកាស​របស់​ឥណ្ឌា​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចក្រភព​​អង់គ្លេស​បាន​ធ្វើ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង ​AstraZeneca/Oxford។

អង់គ្លេស​បាន​មាន​ផែនការ​ចាប់​​ផ្ដើម​ការ​ចែកចាយ​វ៉ាក់សាំង​នេះ​នៅ​ថ្ងៃទី ៤​ ខែ​មករា​ ហើយ​មាន​គោលដៅ​ឱ្យ​ប្រជាជន​ ២ ​លាន​នាក់​ទទួល​បាន​ដូស​ទី១ នៃ​វ៉ាក់សាំង​ AstraZeneca/Oxford​ ឬ​វ៉ាក់សាំង ​Pfizer/BioNTech នៅ​ត្រឹម​ដំណាច់​សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ ​២០២១​។

ដោយសារ​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង ​និង​រក​ឃើញ​ការ​រីក​រាលដាល​វ៉ារ្យ៉ង់​ថ្មី ​ដែល​ងាយ​ជាង​មុន ​នៅ​ខាង​ត្បូង​ប្រទេស​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ​ក៏​បាន​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​មក​ធ្វើ​ការ​ចាក់វ៉ាក់​សាំង​ដូស​ទី១ ​ឱ្យ​មនុស្ស​ឱ្យ​ច្រើន​បំផុត​ ជាជាង​រក្សាទុក​វ៉ាក់សាំង​សម្រាប់​ការ​ចាក់​ដូសទី​២ ​ដើម្បី​បង្កើន​ចំនួន​មនុស្ស​ដែល​ទទួល​បាន​វ៉ាក់សាំង។ ​ថ្មីៗ​នេះ រដ្ឋាភិបាល​អង់គ្លេស​បាន​ចេញ​ការ​អនុញ្ញាត​ឱ្យ​មនុស្ស​ម្នាក់​ចាក់​វ៉ាក់សាំង ​២ ប្រភេទ​ផ្សេង​គ្នា ​បើសិន​ដាច់​ស្តុក​វ៉ាក់សាំង​ដើម​របស់​ពួក​គេ។

ការ​ណែនាំ​ទាំង ២ នេះ​ ត្រូវ​រិះគន់​ដោយ​អ្នក​ជំនាញ​ជំងឺ​ឆ្លង​ជា​ច្រើន​ថា គឺ​ជា​ការ​ប្រថុយ​របស់​​រដ្ឋាភិបាល​អង់គ្លេស​ដោយសារ​ការ​សាកល្បង​វ៉ាក់សាំង​​ទាំង ២ មិន​បាន​សិក្សា​អំពី​​​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ការ​ពង្រីក​គម្លាត​រវាង​ការ​ចាក់​​ដូស​នីមួយៗ ​និង​ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​ទេ។ អ្នក​វិភាគ​​មួយ​ចំនួន​បាន​គិត​ថា ​ការ​ណែ​នាំ​នេះ​​អាច​កាត់​បន្ថយ​ការ​ជឿទុក​ចិត្ត​លើ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង និង​វិធានការ​សុខភាព​សាធារណៈ​ជា​ទូទៅ​៕