ក្រុងញូវ​ដែលី៖ ឥណ្ឌា​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ខ្ពស់​បំផុត​ទី៣​ នៅ​ក្នុង​ពិភព​លោក​ ខណៈ​ដែល​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​និយាយ​ថា ​បច្ចុប្បន្ន​នេះ​មាន​ភ័ស្តុតាង​ច្រើន​លើស​លប់​ដែល​​ជំងឺ​ឆ្លង​នេះ​ អាច​រាលដាល​បន្ត​ទៅ​ទៀត​ ​និង​រយៈ​ពេល​យូរ​ជាង​ការ​គិត​ទុក​ពី​ដំបូង​។

ដោយ​ប្រទេស​រង​ប៉ះពាល់​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភព​លោក ​គឺ​អាមេរិក ​ដែល​កំពុង​ប្រឹងប្រែង​រឹត​បន្តឹង​ការ​ចេញ​គោលការណ៍​ឲ្យ​រក្សា​គម្លាត​ពី​គ្នា​នៅ​ក្នុង​សង្គម​ និង​ពាក់​ម៉ាស់​​ មន្ត្រី​នៅ​ទី​នោះ ​បាន​ព្រមាន​ថា មន្ទីរ​ពេទ្យ​​ខ្លះ​នៅ​ក្នុង​ប្រទេស​នេះ​ កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ដោយសារ​ចំនួន​អ្នក​ឆ្លង​វីរុស​កើន​ឡើង​ច្រើន​ពេក​រក​កន្លែង​ដាក់​មិន​បាន​។

ថ្វី​បើ​មាន​សញ្ញា​នៃ​ការ​រីក​ចម្រើន​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​អឺរ៉ុប ​ជា​ទី​ដែល​សារមន្ទីរ ​Louvre ​នៅ​ក្នុង​ក្រុង​ប៉ារីស​បាន​បើក​ឡើង​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​ក្តី​ ក៏ ចំនួន​អ្នក​ឆ្លង​​វីរុស​សរុប​នៅ​ក្នុង​ពិភព​លោក​បាន​កើត​ឡើង​ជាង ​១១,៥ ​លាន​ ដោយ​មាន​អ្នក​ស្លាប់​ជាង ​៥៣៥ ០០០​ នាក់​ ចាប់​តាំង​ពី​វីរុស​រាត​ត្បាត​នេះ​ បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ចុង​ឆ្នាំ ​២០១៩។ ​

រដ្ឋាភិបាល​ឥណ្ឌា​ក៏​ដូច​ជា​រដ្ឋាភិបាល​ជា​ច្រើន​ទៀត​ នៅ​ជុំវិញ​ពិភព​លោក​បាន​ដក​ការ​រឹត​បន្តឹង​បណ្តើរៗ ​ដើម្បី​ជួយ​សេដ្ឋកិច្ច​ដែល​កំពុង​រង​ប៉ះពាល់​យ៉ាង​ខ្លាំង​នេះ ​ប៉ុន្តែ​ចំនួន​ករណី​ឆ្លង​បាន​បន្ត​កើន​ឡើង​ដោយ ​២៤ ០០០ ​នាក់ ​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​រយៈ​ពេល ​២៤ ​ម៉ោង​ នាំ​ឲ្យ​ចំនួន​សរុប​ឡើង​ដល់​ជិត ​៧០ ​ម៊ឺន​នាក់​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​ចំនួន​នេះ​ច្រើន​ជាង​ប្រទេស​រុស្ស៊ី ​បន្តិច​។

ក្រុង​ធំៗ​នៅ​ប្រទេស​ឥណ្ឌា ​ក្នុង​នោះ​មាន​ក្រុង​ញូវដែលី ​និង​ក្រុម​ម៉ុមបៃ ​កំពុង​រង​ប៉ះពាល់​ខ្លាំង​បំផុត ហើយ​ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា ​មិន​មាន​ការ​ធ្វើ​តេស្ត​ឲ្យ​បាន​គ្រប់គ្រាន់​ទេ​ ដោយ​មាន​ន័យ​ថា ​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩ ​ជា​ច្រើន​ទំនង​ជា​មិន​ត្រូវ​បាន​​ធ្វើ​តេស្ត​។ ​

ការ​កើន​ឡើង​នៃ​អ្នក​ឆ្លង​ជំងឺ​នេះ​ បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​នៅ​ប្រទេស​ឥណ្ឌា ​បង្វែរ​សណ្ឋាគារ ​រោងការ​ មជ្ឈមណ្ឌល​សាសនា​ និង​រថភ្លើង​ ឲ្យ​ជួយ​ផ្តល់​ការ​ថែទាំ​ដល់​អ្នក​ជំងឺ​កូវីដ ​១៩​។

ចំណែក​នៅ​អូស្ត្រាលី​ជា​ទី​ដែល​ការ​ផ្ទុះ​ឆ្លង​រាល​​ដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​នេះ​ ត្រូវ​គ្រប់គ្រង​បាន​នោះ ​ការ​ផ្ទុះ​ឆ្លង​ថ្មី​នៅ​ក្រុង​មែលប៊ន​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​បិទ​រដ្ឋ​វីកតូរីយ៉ា​ឲ្យ​មាន​ប្រសិទ្ធភាព​។​

នៅ​ជុំវិញ​ពិភព​លោក​ រដ្ឋាភិបាល​ទាំង​អស់​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​តម្រូវ​ការ​បើក​សេដ្ឋកិច្ច​ដែល​រង​ការ​ប៉ះ​ពាល់​ដោយសារ​វិធានការ​បិទ​ប្រទេស​ជា​ច្រើន​សប្តាហ៍​ប្រឆាំង​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​​ឆ្លង​ថ្មី ​ខណៈ​ប្រជាជន​វិល​ត្រឡប់​ទៅ​រក​ជីវិត​ធម្មតា​ឡើង​វិញ​នោះ​។

នៅ​អឺរ៉ុប​ការ​ឆ្លង​រាត​ត្បាត​នេះ​ ទំនង​ជា​ត្រូវ​​គ្រប់គ្រង​បាន​​កាន់​តែ​ច្រើន​ថែម​ទៀត​ ទោះបី​ជា​មន្ត្រី​បាន​បញ្ជា​ឲ្យ​​បិទ​តំបន់​ខ្លះ​​​នៅ​អេស្ប៉ាញ​ក្តី​៕ AFP/PSA